ទីតាំង​៥​កន្លែង​នៅ​វៀតណាម បាន​ទៅលេង ច្បាស់​ជា​មិន​ខកបំណង​

121
ចែករម្លែក

​ឆកសមុទ្រ​ហា​ឡុង ទីប្រជុំជន​សា​ប៉ា ទីក្រុង​ហយ​អាន ល្អាង​ភ្នំ​សុន​ដុង និង​តំបន់​ដីសណ្ត​ទន្លេមេគង្គ ផ្តល់ជូន​ការធានា​ទាំងស្រុង​សម្រាប់​ដំណើរ​កម្សាន្ត​ពោរពេញ​ដោយ​អនុ​វស្សា​វ​រី​យ៍​ក្នុងប្រទេស​វៀតណាម​។

​ទីកន្លែង​ទាំង​៥​នេះ​ផ្តល់ជូន​នូវ​ការធ្វើដំណើរ​តាម​នាវា​កម្សាន្ត​ពេញ​មួយ​យប់​និង​ការ​ស្នាក់​នៅក្នុង​អច្ឆរិយៈ​ធម្មជាតិ​ដ៏​ស្រស់ត្រកាល ការធ្វើដំណើរ​តាម​វាលស្រែ​ចង្កេះភ្នំ ការជួប​ប្រាស្រ័យ​ជាមួយ​ជនជាតិដើម​ភាគតិច​និង​វប្បធម៌​របស់​ពួកគេ ការធ្វើដំណើរ​ត្រឡប់មកវិញ​ទាន់ពេលវេលា និង ការ​ទស្សនា​ឋានសួគ៌​ត្រូពិច​។

១. ឆកសមុទ្រ​ហា​ឡុង – ស្នាដៃ​ល្អ​ឯក​របស់​ធម្មជាតិ​
​ជាទី​តាំង​បេតិកភណ្ឌ​ធម្មជាតិ​ពិភពលោក​របស់​យូណេស្កូ ឆកសមុទ្រ​ហា​ឡុង​តែង​ជា​គោលដៅ​កំពូល​ត្រូវ​ទស្សនា​នៅក្នុង​ប្រទេស​វៀតណាម​។ ទេសភាព​ភ្នំ​បៃតង​ផុស​ឡើង​ពី​ផ្ទៃ​ទឹក​ខៀវស្រងាត់ ល្អាង​ភ្នំ​អា​ថ៍កំ​បាំង ឆ្នេរ​ស្រស់​ឆើតឆាយ និង ភូមិ​បណ្តែត​ទឹក​បុរាណ​ធ្វើឱ្យ​ទីនេះ​ល្អ​គ្មាន​ពីរ​លើ​លោក​។ អ្នកទេសចរ​មកដល់​ទីនេះ​នឹង​បាន​ជិះ​នាវា​កម្សាន្ត​ពេញ​មួយ​យប់​គយគន់​ទេសភាព​មិនចេះ​ជិនណាយ​។

២. ទីប្រជុំជន​សា​ប៉ា – បទពិសោធន៍​ដើរ​កម្សាន្ត​តាម​វាលស្រែ​លើ​ចង្កេះភ្នំ​
​មាន​ទីតាំង​ខ្ពស់ជាង​នីវ៉ូទឹក​សមុទ្រ ១.៦០០ ម៉ែត្រ ទីប្រជុំជន​សា​ប៉ា ដែលមាន​ទេសភាព​ដូច​រូបគំនូរ​និង​មាន​អាកាសធាតុ​ត្រជាក់​ពេញៗ​មួយឆ្នាំ គឺជា​គោលដៅ​ទេសចរណ៍​ក្នុង​ក្តី​សុបិន​។ ទីប្រជុំ​ជននេះ​មាន​កន្លែង​ទាក់ទាញ​ជាច្រើន​ដូចជា កំពូលភ្នំ​ហ្វា​ន​ស៊ី​ប៉ាន (​ដំបូល​ឥណ្ឌូចិន​) ភ្នំ​ហាម​រ៉ុង វិហារ​គ្រិស្ត​បុរាណ​សា​ប៉ា និង ភូមិ​ជនជាតិ​ទាវ​ក្រហម​។ ទេសភាព​ស្រស់ត្រកាល​ទាំងអស់នេះ​គឺ​នាំមក​ជូន​ជាមួយ​អាហារ​ឆ្ងាញ់ៗ​ដូចជា​ស៊ុប​ត្រី​សា​ម៉ុង សាច់​អាំង និង បាយ​ដាំ​ក្នុង​បំពង់​ឫស្សី​។ នៅទីនេះ​ក៏មាន​ការ​លំហែ​កម្សាន្ត​មើល​វាលស្រែ​តាម​ចង្កេះភ្នំ​នៅ​ឃុំ​ហួ​ហាវ​ផងដែរ​។​

៣. ទីក្រុង​ហយ​អាន – ថយ​មួយ​ជំហាន​ទៅរក​អតីតកាល​
​កន្លែង​ទាក់ទាញ​បំផុត​មួយទៀត​គឺ​ទីក្រុង​ហយ​អាន ដែល​ស្ថិតនៅ​កណ្តាល​ប្រទេស​វៀតណាម​។ ទីក្រុង​នេះ​តំណាងឱ្យ​សំណង់​បុរាណ ដែល​នៅតែ​ឈរ​នៅ​កន្លែង​ដដែល​អស់​រយៈពេល​១០០​ឆ្នាំ​មកហើយ​។ ទីក្រុង​បុរាណ​នេះ​មាន​កន្លែង​ទាក់ទាញ​ដទៃទៀត​ដូចជា ស្ពាន​ផា​ហ្គោ​ដា ស្ថាបត្យកម្ម​ចម្រុះ អាហារ​ឆ្ងាញ់​ពិសេស​ដាច់​គេ និង​ការទាក់ទាញ​ផ្នែក​វប្បធម៌​ដទៃទៀត​រួមមាន ឈុត​ប្រពៃណី ពិធីបុណ្យ​សាសនា សិល្បៈ​ប្រជាប្រិយ និង ការ​ប្រារព្ធ​ពិធីបុណ្យ​ផ្សេងៗ​។

៤. ល្អាង​ភ្នំ​សុន​ដុង – ជា​ពិភពលោក​មួយ​ផ្សេង​នៅ​ខាងក្នុង​
​រកឃើញ​ដំបូង​ដោយ​អ្នកស្រុក​ក្នុង​ទសវត្សរ៍ ១៩៩០ និង​រកឃើញ​ម្តងទៀត​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ២០០៩ ល្អាង​ភ្នំ​សុន​ដុង ដែល​បច្ចុប្បន្ន​ជា​ល្អាង​ភ្នំ​ធំ​បំផុត​លើ​ពិភពលោក គឺជា​ពិភពលោក​មួយ​ផ្សេងទៀត​នៅ​ខាងក្នុង​។ នៅ​ខាង​ក្នុងនោះ​គឺជា​ពិភពលោក​ដ៏​ភ្ញាក់ផ្អើល ដែលមាន​អ្វីៗ​ពិសេស​ជាច្រើន​។ មាន​ទីតាំង​ស្ថិតនៅ​ឧទ្យាន​ជាតិ​កេ​បាង​នៃ​ខេត្ត​ក្វាង​បិ​ញ ល្អាង​ភ្នំ​នេះ​គឺជា​កន្លែង​អស្ចារ្យ​បំផុត​មួយ​លើ​ពិភពលោក និង ជាទី​តាំង​បេតិកភណ្ឌ​ពិភពលោក​របស់​យូណេស្កូ​។ ហើយ​ភាព​ធំ​សម្បើម​ក្នុង​ល្អាង​នឹង​ផ្តល់ឱ្យ​អ្នកទេសចរ​នូវ​អារម្មណ៍​មួយ​ដូច​កំពុង​ស្ថិតនៅ​ភព​ផ្សេង​។ ល្អាង​នេះ​មាន​ប្រវែង​ជាង ៦ គីឡូម៉ែត្រ កម្ពស់ ២០០ ម៉ែត្រ និង ទទឹង ១៥០ ម៉ែត្រ​។ ល្អាង​នេះ​មាន​ទំហំ​ធំ​ល្មម​អាចដាក់​អគារ​កម្ពស់ ៤០ ជាន់​នៅ​ខាងក្នុង​នេះ​បាន​។

៥. តំបន់​ដីសណ្ត​ទន្លេមេគង្គ – ទស្សនីយភាព​តំបន់​ត្រូពិច​ដ៏​ល្អ​ក្រៃលែង​
​ជាមួយ​ប្រព័ន្ធ​ទន្លេ​ខ្វាត់ខ្វែង វាលស្រែ​ធំ​ល្វឹងល្វើយ ចម្ការ​ផ្លែឈើ​ចម្រុះ​សម្បូរបែប និង ផ្សារ​បណ្តែត​ទឹក តំបន់​ដីសណ្ត​ទន្លេមេគង្គ​គឺជា​ទីតាំង​ទាក់ទាញ​បំផុត​មួយទៀត​ក្នុងចំណោម​អ្នកទេសចរ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​។ មធ្យោបាយ​ល្អ​បំផុត​ដើម្បី​ទស្សនា​តំបន់​នេះ​គឺ​ធ្វើដំណើរ​តាម​នាវា​កម្សាន្ត ដើម្បី​ទស្សនា​ផ្សារ​បណ្តែត​ទឹក ចម្ការ​ដូង និង​ព្រៃកោងកាង រួមជាមួយ​អាហារ​ប្លែក​មាត់ តន្ត្រី​ប្រពៃណី និង​ភូមិ​បុរាណ​។ ហើយ​អ្នក​ក៏​អាច​ជិះ​កង់ ជិះទូក ផឹក​តែ​ទឹកឃ្មុំ ផឹកស្រា និង​ទិញ​វត្ថុ​អនុស្សាវរីយ៍​ធ្វើ​ពី​ឫស្សី​នៅតាម​ភូមិ​នានា​ផងដែរ​៕ ដោយ៖កញ្ញាដាលីស