ទីបំផុតអ៊ែននីស្តុននិងប្រ៊ែតភីតត្រូវរ៉ូវគ្នាវិញ ក្រោយលែងលះជាមួយចូលី

367
ចែករម្លែក

ប្រសិនបើអ្នកនៅតែមិនយល់ថាហេតុអីបានជាភីតសុខចិត្តបែកពីជេននីហ្វើ អ៊ែននីស្តុនទៅរៀបការជាមួយអ៊ែនជេលីណា ចូលីនាប៉ុន្មានឆ្នាំកន្លងមកនេះ អ្នកគួរតែរៀនយល់ឱ្យច្បាស់ពីអតីតគូស្នេហ៍ចាស់នេះ។ នៅទីបំផុត អ្នកទាំងពីរបានត្រូវរ៉ូវគ្នាវិញ ហើយអ្នកក៏គួរតែត្រូវរ៉ូវគ្នាជាមួយគូស្នេហ៍របស់អ្នកវិញដូចគ្នា។

ប្រភពមួយបានប្រាប់វេបសាយ Us Weekly ថ្មីៗនេះថា អ៊ែននីស្តុននិងភីតចាប់ផ្តើមស្និទ្ធស្នាលនឹងគ្នាជាថ្មីម្តងទៀត ហើយអ្នកទាំងពីរ “ទន្ទឹងមើលទៅមុខ មិនត្រឡប់ថយក្រោយវិញឡើយ”។

ប្រភពនោះបាននិយាយថា “ហេតុផលមួយដែលប្រ៊ែតនិងជែនត្រូវរ៉ូវគ្នាវិញនាពេលបច្ចុប្បន្ននេះគឺថា អ្នកទាំងពីរយល់ព្រមកប់ចោលរឿងអតីតកាល ហើយមិនវិភាគអ្វីដែលបានខុសឆ្គងរួចទៅហើយនោះទេ”។

“គាត់ទទួលខុសត្រូវ។ គាត់ព្យាយាមកែប្រែ។ គាត់មិនបានដឹងពីទំហំនៃការឈឺចាប់ដែលគាត់បានធ្វើចំពោះជែននៅគ្រានោះទេ។ គាត់ប្រញាប់ខ្លាំងទៅរៀបការជាមួយអ៊ែនជេលីណា ចូលី គាត់មិនបានមើលឃើញពីទំហំនៃការឈឺចាប់នេះទេ”។

ការបញ្ជាក់អះអាងបែបនេះធ្វើឡើងបន្ទាប់ពីវេបសាយ Entertainment Tonight បានរាយការណ៍កាលពីពីរសប្តាហ៍មុនថាភីតបានចូលរួមពិធីជប់លៀងថ្ងៃឈប់សម្រាកដែលរៀបចំឡើងដោយអ៊ែននីស្តុន ហើយថែមទាំងស្ថិតក្នុងចំណោមអ្នកចុងក្រោយគេដែលចាកចេញពីពិធីទៀតផង។

អ្នកទាំងពីរបានជួបគ្នាក្នុងឆ្នាំ១៩៩៨ ហើយរៀបការក្នុងឆ្នាំ ២០០០។ ពួកគេបានលែងលះគ្នានៅ ៥ ឆ្នាំក្រោយ ដោយភីតទៅរៀបការជាមួយចូលី ដែលជាតារាសម្តែងរួមគ្នានៅក្នុងខ្សែភាពយន្ត Mr & Mrs Smith។

អ៊ែននីស្តុនក្រោយមកបានរៀបការ ៣ ឆ្នាំជាមួយលោកចាស្ទីន ថេរ៉ូ ចំណែកឯប្រ៊ែតភីតនិងចូលីមានទំនាក់ទំនងស្នេហារឹងមាំជិត ១២ ឆ្នាំ មុនពេលបែកបាក់គ្នាក្នុងឆ្នាំ ២០១៦។

ប៉ុន្តែ អ្នកដែលសង្ឃឹមថានឹងមានការផ្សះផ្សាស្នេហារវាងអ៊ែននីស្តុននិងភីតត្រូវរង់ចាំយូរជាងនេះបន្តិច។ ប្រភពនិយាយថា “ពួកគេតែងតែយកចិត្តទុកដាក់ពីគ្នាទៅវិញទៅមក ហើយពួកគេរំលឹកពេលវេលាល្អៗកន្លងទៅរបស់ពួកគេ។ សម្រាប់ជែន ការដែលបានឃើញប្រ៊ែតគឺដូចឃើញមិត្តចាស់ជាទីស្រឡាញ់ម្តងទៀត។ ពួកគេមានទំនាក់ទំនងនឹងគ្នាពិតប្រាកដ”៕ ដោយ៖ កញ្ញាដាលីស

ប្រ៊ែតភីត និង អ៊ែននីស្តុនត្រូវគ្នាវិញហើយ