ទីបំផុត​ក្មេងស្រី​អាហ្វ្រិក​អាយុ ១២ ឆ្នាំ​អាច​ញញឹម​បាន​ហើយ បន្ទាប់ពី​វះកាត់​ដុំ​សាច់​ប៉ុន​បាល់ទាត់​ចេញពី​មុខ​របស់​នាង

1338
ចែករម្លែក

​ក្មេងស្រី​អាយុ ១២ ឆ្នាំ​ម្នាក់​ទីបំផុត​អាច​ញញឹម​និង​ញ៉ាំ​បាន​ដូច​គេ​ដូច​ឯង​វិញ​ហើយ បន្ទាប់ពី​គ្រូពេទ្យ​បាន​វះកាត់​យក​ដុំ​សាច់​ប៉ុន​បាល់ទាត់​នៅលើ​ផ្ទៃមុខ​របស់​នាង​។​

​ក្មេងស្រី​ឈ្មោះ កាល់​ទូ​មី (Kaltoumi) មានឱកាស​រស់​ត្រឹម ៣ ខែ​ទៀត​ប៉ុណ្ណោះ ព្រោះ​ដុំ​សាច់​ដ៏​ធំ​នោះបាន​រឹតត្បិត​ការបរិភោគ​របស់​នាង និង​ធ្វើឱ្យ​ថប់ដង្ហើម​បន្តិច​ម្តងៗ ខណៈ​ដុំ​សាច់​នេះ​បាន​លូតលាស់​ធំ​ទៅៗ​ក្នុង​រយៈពេល ៥ ឆ្នាំ​មកនេះ​។​

​ប៉ុន្តែ​នាង​ត្រូវបាន​ជួយសង្គ្រោះ​បន្ទាប់ពី​ក្រុមគ្រូពេទ្យ​នៅលើ​នាវា Africa Mercy ដែលជា​នាវា​មន្ទីរពេទ្យ​ផ្តល់​ការថែទាំ​សុខភាព​ដល់​បណ្តា​ប្រទេស​ត​តី​យ​លោក ដែល​ចត​នៅ​ប្រទេស​កា​មេ​រូ​ន​ដើម្បី​ធ្វើការ​វះកាត់​។​

​កុមារី កាល់​ទូ​មី ដែល​ទីបំផុត​អាច​ញញឹម និង​ញ៉ាំ​អាហារ​បាន​ត្រឹម​ត្រូវជា​លើកដំបូង​ក្នុង​រយៈពេល ៥ ឆ្នាំ​មកនេះ​បាន​និយាយ​បន្ទាប់ពី​វះកាត់​ថា “​វា​ហាក់ដូចជា​ទម្ងន់​ដ៏​ធ្ងន់​មួយ​ត្រូវបាន​ដក​ចេញពី​ខ្ញុំ​”​។​

​វេជ្ជបណ្ឌិត ហ្គា​រី ផាក​ឃើ ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​នៃ​អង្គការ​សប្បុរសធម៌​នេះ​បាន​ពណ៌នា កាល់​ទូ​មី ថា​ជា “​ក្មេង​អភ័ព្វ​” ក្នុងចំណោម​មនុស្ស ៥ ពាន់​លាន​នាក់​ដែល​មិនអាច​ទទួលបាន “​ការវះកាត់​ទាន់ពេលវេលា សមរម្យ និង​មាន​សុវត្ថិភាព​” ក្នុង​បណ្តា​ប្រទេស​ក្រីក្រ​នៅ​ទ្វីប​នេះ​។​

​គាត់​បាន​បន្ថែមទៀតថា ដោយសារតែ​ខ្វះ​លទ្ធភាព​ទទួលបាន​ការ​ថែទាំ​ដែល​នាង​ត្រូវការ ក្មេងស្រី​អាយុ ១២ ឆ្នាំនេះ​បាន​ធ្លាក់ខ្លួន​រហូតដល់​ដុះ​ដុំ​សាច់​ធំ​ខ្លាំង​បង្ក​ការគំរាមកំហែង​ដល់​អាយុជីវិត​៕ ដោយ៖ កញ្ញាដាលីស

កាល់​ទូ​មី ទីបំផុត​អាច​ញញឹម និង​ញ៉ាំ​អាហារ​បាន​ស្រួលបួល​វិញ​ហើយ