ទីបំផុត​ក្រុមហ៊ុន Microsoft ចេញ​កុំព្យូទ័រ​យួរដៃ Surface លើកដំបូង​របស់ខ្លួន ដើម្បី​ប្រជែង​ជាមួយ​កុំព្យូទ័រ MacBook របស់​ក្រុមហ៊ុន Apple

555

​ក្រុមហ៊ុន Microsoft នៅ​ទីបំផុត​មាន​កុំព្យូទ័រ​យួរដៃ​មួយ​ហើយ គឺ​ម៉ាក Surface ហើយ​វា​មើលទៅ​ស្អាត​ខ្លាំងណាស់​។ ដោយ​ត្រូវ​បានដាក់​បង្ហាញ​នៅឯ​ព្រឹត្តិការណ៍​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ញូវយ៉ក​កាលពី​ខែឧសភា កុំព្យូទ័រ​យួរដៃ​ឈ្មោះ Microsoft Surface Laptop គឺជា​កូន​កុំព្យូទ័រ​យួរដៃ​ពិតប្រាកដ​ដំបូងបង្អស់​របស់​ក្រុមហ៊ុន​ផលិត​សូ​ហ្វ​វែ Window មួយ​នេះ​។​

​ប្រាកដ​ណាស់ Microsoft បានផ្តល់​ជូន​នូវ Surface Pro 4 និង Surface Book រួចទៅហើយ ប៉ុន្តែ​ពួកវា​គ្រាន់តែ​ជា​ឧបករណ៍ ដែល​អាច​ប្រើ​ជា​កុំព្យូទ័រ​យួរដៃ​ឬ​ថេ​ប្លេ​ត​ប៉ុណ្ណោះ​។ ចំណែកឯ Surface Laptop គឺជា​កុំព្យូទ័រ​យួរដៃ​សុទ្ធ​តែម្តង​។​

​ដោយ​អាច​រក​ទិញ​បាន​តាំងពី​ថ្ងៃទី ១៥ ខែមិថុនា និង​តម្លៃ​ចាប់ផ្តើម ៩៩៩ ដុល្លារ កុំព្យូទ័រ​យួរដៃ Surface Laptop អេក្រង់ ១៣,៥ អ៊ី​ញ​នេះ មាន​គោលបំណង​ប្រជែង​ជាមួយ​កុំព្យូទ័រ​យួរដៃ Macbook Pro អេក្រង់ ១៣ អ៊ី​ញ និង កុំព្យូទ័រ​យួរដៃ MacBook Pro អេក្រង់ ១៣ អ៊ី​ញ​របស់​ក្រុមហ៊ុន Apple ។​

​លោក ប៉ាណូ​ស ផានី អនុប្រធាន​ផ្នែក​កុំព្យូទ័រ Surface របស់​ក្រុមហ៊ុន Microsoft ដែល​បាន​ពិនិត្យ​កុំព្យូទ័រ​យួរដៃ​របស់ Apple ដោយ​ផ្ទាល់ដៃ បាន​និយាយថា កុំព្យូទ័រ Surface Laptop ស្តើង​ជាង ស្រាល​ជាង និង​មាន​ថាមពល​ថ្ម​ខ្លាំង​ជាង​កុំព្យូទ័រ Apple ទាំងពីរ​ខាងលើ​។​

​លោក ប៉ាណូ​ស ផានី បាន​និយាយថា “​យើង​បាន​បង្កើត​កុំព្យូទ័រ​យួរដៃ​មួយ ហើយ​វា​ស្អាត​ណាស់ ។ ប៉ុន្តែ​វា​ស្អាត​ព្រោះ​វា​ជាវ​ត្ថុ​ប្រើប្រាស់​ផ្ទាល់ខ្លួន​។ វា​ជាវ​ត្ថុ​ប្រើប្រាស់​ផ្ទាល់ខ្លួន ព្រោះ​វា​មានន័យថា​ជា​អ្នក​ឆ្លុះបញ្ចាំង​ពី​ខ្លួន​អ្នក​។ ហើយ​អ្វីដែល​ប្រហែល​សំខាន់បំផុត​គឺ​…​វា​នឹង​ធ្វើឱ្យ​អ្នក​ពេញ​ចិត្តជា​រៀងរហូត​”​។​

​កុំព្យូទ័រ Surface Laptop មាន​ទម្ងន់​ត្រឹមតែ ១,២៥ គីឡូក្រាម​ប៉ុណ្ណោះ ចំណែកឯ​កុំព្យូទ័រ​យួរដៃ​ទាំងពីរ​របស់ Apple គឺមាន​ទម្ងន់ ១,៣៤ គីឡូក្រាម​។​

​ដោយមាន​ទំហំ ១២,១ x ៨.៨ x ០,៥៧ អ៊ី​ញ កុំព្យូទ័រ​យួរដៃ Surface មាន​ទំហំ​តូច​ជាង​ពពួក Air របស់ Apple ដែលមាន​ទំហំ ១២,៨ x ៨,៩ x ០,៦៨ អ៊ី​ញ​។ មួយវិញទៀត ថេ​ប្លេ​ត Surface Pro 4 មាន​ទំហំ ១២,០ x ៨,៤ x ០,៥៩ អ៊ី​ញ​។​

​ចំណុច​ពិសេស​របស់ Surface គឺ​វា​មាន​អេក្រង់​ថាច់ ប្រភេទ PixelSense ទំហំ ១៣,៥ អ៊ី​ញ​ដ៏​ស្រស់ស្អាត​និង​ទាក់ទាញ​ខ្លាំងណាស់​។ វា​ជា​ចំណុច​ប្រពៃ​ណាស់​ដែល​ក្រុមហ៊ុន Microsoft បំពាក់​អេក្រង់​ដ៏​ទាក់ទាញ​បែបនេះ​។​

​ចំណែក​ប្រព័ន្ធ​ដំណើរការ​របស់ Surface ក៏​ធំ​ជាង MacBook Air របស់ Apple ដែរ សម្រាប់​ប្រភេទ​តម្លៃ ៩៩៩ ដុល្លារ​ដូចគ្នា​។ Surface បំពាក់​ប្រព័ន្ធ​ដំណើរការ Intel Core i5 ជំនា​ន់ទី​៧ រ៉េ​ម ៤ GB និង ហាដ​ឌី​ស ១២៨ GB​។ MacBook Air បំពាក់​ប្រព័ន្ធ​ដំណើរការ Intel Core i5 ជំនា​ន់ទី​៦ រ៉េ​ម ៨ GB និង ហាដ​ឌី​ប្រភេទ SSD ១២៨ GB ។​

​បើ​ចង់បាន Surface ដែលមាន Intel Core i5 ជំនា​ន់ទី​៧ រ៉េ​ម ៨ GB និង ហាដ​ឌី​ស ២៥៦ GB គឺ​ត្រូវ​បន្ថែម ១០០ ដុល្លារ​ពីលើ​តម្លៃ​ដើម ៩៩៩ ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

កុំព្យូទ័រ​យួរដៃ Microsoft Surface Laptop