ទីបំផុត​គណបក្សនយោបាយ​ថៃ​ទាំងអស់​អំពាវនាវ​ឱ្យ​របប​យោធា​ប្រគល់​សេរីភាព​ខាង​នយោបាយ​មក​ពួកគេ​វិញ​

1147
ចែករម្លែក
  • 57
    Shares

​កាលពី​ថ្ងៃ​ពុធ​ទី​២៨​មីនា​គណបក្សនយោបាយ​ថៃ​ទាំងអស់​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាលយោធា​ដកចេញ​បម្រាម​លើ​ការឃោសនាបោះឆ្នោត​ខណៈ​ការព្រួយបារម្ភ​អំពី​ការគ្រប់គ្រង​រយៈពេល​បួន​ឆ្នាំ​របស់​យោធា​កាន់​តែមាន​ជ្រៅ​ឡើង និង​ទាមទារ​ឱ្យមាន​ការបោះឆ្នោត​។​

​ចាប់តាំងពី​ការដណ្តើម​អំណាច​ក្នុង​ឆ្នាំ ២០១៤ ពួក​ឧ​ត្ត​ម​សេនីយ៍​ថៃ​បាន​ហាមឃាត់​ការប្រមូលផ្តុំ​មនុស្ស​ច្រើនជាង ៥ នាក់ ហើយ​មេដឹកនាំ​រដ្ឋប្រហារ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ពន្យារពេល​ម្តង​ហើយ​ម្តងទៀត​នូវ​កាលបរិច្ឆេទ​សម្រាប់​ការវិលត្រឡប់​ទៅរក​លទ្ធិប្រជាធិបតេយ្យ​វិញ​។​

​ប៉ុន្តែ​ខណៈដែល​ខួប​លើក​ទី​៤​នៃ​ការធ្វើ​រដ្ឋប្រហារ​ថ្ងៃទី ២២ ឧសភា ខិតជិត​មកដល់ ការមិនសប្បាយចិត្ត​កំ​ពុង​ញាំញី​ជាមួយ​របប​យោធា ដែល​គេ​ចោទប្រកាន់ថា​បន្ត​ប្តូរ​កាលបរិច្ឆេទ​បោះឆ្នោត​ជាប់​រហូត ខណៈដែល​ខ្លួន​ប្រឈម​នឹង​រឿងអាស្រូវ​ជា​បន្តបន្ទាប់​នោះ​។​

​កាលពី​ខែ​មុន លោក​ប្រា​យុទ្ធ​បានប្រកាសថា ការបោះឆ្នោត​នឹងធ្វើ​ឡើង “​មិនយូរ​” លើសពី​ខែកុម្ភៈ​ឆ្នាំ ២០១៩​ឡើយ នៅពេល​លោក​បើកទ្វារ​សម្រាប់​គណបក្ស​នយោបាយ​ថ្មី​ចុះឈ្មោះ​បោះឆ្នោត​។​

​ប៉ុន្តែ​របប​យោធា​បាន​បដិសេធ​មិន​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​ការជួបជុំ​ខាង​នយោបាយ​នោះឡើយ ហើយ​និយាយថា គណបក្ស​នានា​មិនអាច​ជួបគ្នា​ដោយ​គ្មាន​ការអនុញ្ញាត ឬ​ពិភាក្សា​គោលនយោបាយ​ជា​សាធារណៈ​បានឡើយ​។​

​កាលពី​ថ្ងៃ​ពុធ ក្នុងការ​ប្រមូលផ្តុំ​ខាង​នយោបាយ​ដ៏​ធំ​បំផុត​ចាប់តាំងពី​រដ្ឋប្រហារ​ម​ក​នោះ គណបក្ស​រាប់សិប​បក្ស​បាន​បំពេញ​កន្លែង​ទំនេរ​ក្នុង​មជ្ឈមណ្ឌល​សន្និបាត​ដ៏​ធំ​មួយ​នៅ​ទីក្រុង​បាងកក​ដើម្បី​ស្តាប់​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត (EC) នូវ​ច្បាប់​មូលដ្ឋាន​នានា​ទាក់ទង​នឹង​ការបោះឆ្នោត​។​

​បក្ស​ជាច្រើន​បាន​អំពាវនាវ​សុំ​ការអនុញ្ញាត​ឱ្យធ្វើ​យុទ្ធនាការ​ដោយ​សេរី បញ្ជាក់​ឱ្យ​ច្បាស់លាស់​ពី​កាលបរិច្ឆេទ​បោះឆ្នោត និង​ធានាថា​ការបោះឆ្នោត​នឹងមាន​តម្លាភាព​និង​មិនមាន​ទម្ងន់​ផ្អៀង​ទៅខាង​បេក្ខជន​ដែលមាន​សម្ព័ន្ធ​ជាមួយ​យោធា​។​

​លោក ភូមិ​ថាំ វិចា​យ៉ា​ចៃ អគ្គលេខាធិការ​នៃ​គណបក្ស​ភឿ​ថៃ ដែល​រដ្ឋាភិបាល​របស់​ខ្លួន​ត្រូវបាន​ផ្តួលរំលំ​នៅក្នុង​រដ្ឋប្រហារ​ឆ្នាំ ២០១៤ និយាយថា “​គណបក្ស​ទាំងអស់​ចង់បាន​ជំហរ​ច្បាស់លាស់​អំពី​អ្វីដែល​យើង​អាច​ធ្វើបាន និង​មិនអាច​ធ្វើបាន​”​។​

​អ្នកនយោបាយ​មកពី​គណបក្ស​ផ្សេងៗ​ទៀត​បាន​បន្ទរ​តាម​លោក​ភូមិ​ថាំ​ដែរ​។​

​លោក សាន​យ៉ាព​ង់ ភូ​ប្រា​ឌិ​ត​ស៊ី​ឡា​ប៉ា មកពី​គណបក្ស​ផា​ឡាង​ថោង​ធិ​ន​ថៃ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ថា “​ខ្ញុំ​ចង់ឱ្យ EC លុបចោល​ការហាមឃាត់​ទាំងអស់​ដើម្បីឱ្យ​គណបក្ស​ទាំងអស់​អាចធ្វើ​កិច្ចប្រជុំ ធ្វើ​យុទ្ធនាការ និង​ធ្វើ​សកម្មភាព​ទំនាក់ទំនង​សាធារណៈ​ដូចដែល​យើង​ធ្លាប់ធ្វើ​ពីមុន​”​។​

​ក្រុម​អ្នកនយោបាយ​ក៏បាន​សម្តែង​ការព្រួយបារម្ភ​ផងដែរ​ដែលថា​សន្លឹក​បៀ​អាច​នឹង​លម្អៀង​ទៅខាង​គណបក្ស​ដែលមាន​ទំនាក់ទំនង​ជាមួយ​យោធា ដែល​បាន​ចេញមក​គាំទ្រ​លោក​ប្រា​យុទ្ធ​ឱ្យ​បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី​។​

​លោក ស៊ូ​ប៉ា​ចៃ ចៃ​ស្មុ​ត អគ្គលេខាធិការរង​នៃ​គណបក្ស​ភូមិ​ចៃ​ថៃ​បាន​និយាយថា “​អ្វីដែល​ខ្ញុំ​ព្រួយបារម្ភ​នោះ​គឺ​ប្រសិនបើ​របប​យោធា​នឹង​បង្កើត​គណបក្សនយោបាយ​មួយ​ហើយ​ប្រើប្រាស់​យន្ដការ​របស់រ​ដ្ឋា​ភិ​បាល តើ​វា​នឹងមាន​យុត្តិធម៌​សម្រាប់​គណបក្ស​ផ្សេងទៀត​ទេ​?”​។​

​ក្រុមអ្នកវិភាគ​និយាយថា ទោះបីជា​ការបោះឆ្នោត​ធ្វើ​ទៅតាម​ការគ្រោងទុក​ក៏ដោយ ក៏​រដ្ឋាភិបាល​ស៊ីវិល​នឹងត្រូវ​បាន​ចង​ជាប់​ដោយ​រដ្ឋធម្មនុញ្ញ​តាក់តែង​ដោយ​យោធា ដែល​នឹង​រក្សា​ការពារ​មិនឱ្យ​ប្តូរ​បរិបទ​គោលនយោបាយ​សំខាន់ៗ​រយៈពេល ២០ ឆ្នាំ​ទៀត​ឯណោះ​៕ ដោយ៖ កញ្ញាដាលីស

បក្សនយោបាយ​ទាំងអស់​របស់​ថៃ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាលយោធា​ដកចេញ​បម្រាម​លើ​ការឃោសនាបោះឆ្នោត