ទីបំផុត​ប៉ាក​គី​អៅ​ប្រកាស​គាំទ្រ​មន្ត្រី​កីឡា​ហ្វីលីពីន ស្នើឱ្យ​ប្រធាន WBO ពិនិត្យឡើងវិញ​នូវ​លទ្ធផល​ចាញ់​ហន​កាលពី​ថ្ងៃអាទិត្យ​

1649

កំពូល​អ្នក​ប្រដាល់​ហ្វីលីពីន មែន​នី ប៉ាក​គី​អៅ បាន​ស្នើឱ្យ​ស្ថាប័ន​ប្រដាល់​ពិភពលោក (WBO) ធ្វើតាម​សំណើ​របស់​មន្ត្រី​កីឡា​ហ្វីលីពីន​ដើម្បី​ពិនិត្យមើល​ឡើងវិញ​នូវ​ការ​ចាញ់​ខ្សែក្រវាត់​កម្រិត​មធ្យមរ​ប​ស់លោក ទៅ អ្នក​ប្រដាល់​អូស្ត្រាលី ជេ​ហ្វ ហន ដោយ​និយាយថា គាត់​មិន​ចង់ឃើញ​ឧស្សាហកម្ម​ប្រដាល់ ស្លាប់បាត់ ដោយសារ​ការសម្រេចសេចក្តី​ដ៏​អយុត្តិធម៌ និង ការជ្រៀតជ្រែក​ក្នុងការ​កាត់សេចក្តី​ទេ​។​

ស្របពេល​ប៉ាក​គី​អៅ ទទួលយក​បរាជ័យ​ក្រោម​ថ្វីដៃ​ហន ដែល​បាន​ប្រកួត​គ្នា​នៅ​សង្វៀន​ខ្សែក្រវាត់​ពិភពលោក​ជា​លើកដំបូង​កាលពី​ថ្ងៃអាទិត្យ (២ កក្កដា​) ដែល​ត្រូវគេ​ហៅថា “​សមរភូមិ​ក្រុង​ប្រ៊ី​ស​ប៊ែ​ន​” នោះ ព្រឹទ្ធសមាជិក​រូបនេះ​បាន​ថ្លែង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ពុធ​ទី ៥ នេះ​ថា គាត់​មាន​កាតព្វកិច្ច​ក្រមសីលធម៌​ក្នុងការ​គាំទ្រ “​ភាពជា​អ្នកកីឡា ការពិត និង​ភាពយុត្តិធម៌​”​។​

ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ១១ សម័យ​រូបនេះ​បានលើកឡើង​ពី​សំណើ​មួយ​ដោយ​ក្រុមប្រឹក្សា​ល្បែង​កម្សាន្ត​និង​ការប្រកួត​កីឡា​របស់​ហ្វីលីពីន ឬ​ហៅថា GAB ទៅកាន់​ប្រធាន WBO លោក ហ្វ្រ​ង់​ស៊ី​ស្កូ វ៉ាល់​ការ​សែ​ល (Francisco Valcarcel) ដើម្បី​ពិនិត្យឡើងវិញ​ឱ្យ​ហ្មត់ចត់​នៃ​ការ​កាត់សេចក្ដី​និង​វិនិច្ឆ័យ​នៃ​ការប្រកួត ដែល​បាន​ធ្វើឡើង​នៅ​កីឡដ្ឋាន​សាន់​ខ​ប នៅ​ចំពោះមុខ​ទស្សនកិច្ច​ជន ៥១.០០០ នាក់​។​

​លោក ប៉ាក​គី​អៅ បាន​និយាយថា WBO គួរ​ចាត់វិធានការ​តាម​សំណើ​របស់​ហ្វីលីពីន​ដើម្បី​កុំឱ្យ​បំផ្លាញ​ចំណាប់អារម្មណ៍​មនុស្ស​លើ​កីឡាប្រដាល់​។ លោក​បន្តថា “​ខ្ញុំ​បាន​យល់ព្រម​ទទួល​ការសម្រេច​នោះ ប៉ុន្តែ​ក្នុងនាម​ជា​មេដឹកនាំ និង​ខណៈ​នេះដែរ​ជា​អ្នក​ប្រដាល់ ខ្ញុំ​មាន​កាតព្វកិច្ច​ក្រមសីលធម៌​ដើម្បី​គាំទ្រ​ភាពជា​អ្នកកីឡា ការពិត និង​ភាពត្រឹមត្រូវ​នៅក្នុង​កែវភ្នែក​សាធារណជន​”​។​

លោក​បាន​និយាយថា “​ខ្ញុំ​ស្រឡាញ់​ប្រដាល់ ហើយ​ខ្ញុំ​មិន​ចង់ឃើញ​វា​ស្លាប់បាត់​ដោយសារ​ការសម្រេច​ដ៏​អយុត្តិធម៌ និង ការជ្រៀតជ្រែក​ក្នុងការ​កាត់សេចក្តី​ទេ​”៕ ដោយ ៖កញ្ញាដាលីស

ប៉ាក​គី​អៅ ក្នុងពេល​ប្រកួត​ជាមួយ ហន កាលពី​ថ្ងៃអាទិត្យ