ទីបំផុត ត្រាំ​ចេញមក​និយាយ​ហើយ ថា​គាត់​មិនបាន​ដឹង​រឿង​បង់លុយ ១៣ ម៉ឺន​ដុល្លារ​ដល់​នាង ស្ត​មមី ដា​នី​ញែ​ល ទេ​

987
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​មេសា​បាន​បំបែក​ភាព​ស្ងៀមស្ងាត់​រយៈពេល​២​ខែ​មកនេះ​អំពី​ការចោទប្រកាន់ថា​គាត់​បាន​រួមភេទ​ជាមួយ​តារា​សិច​ម្នាក់ ដោយ​ទទូចថា គាត់​មិនបាន​បង់លុយ​បំបិទមាត់​ចំនួន ១៣០.០០០ ដុល្លារ​របស់គាត់​តាមរយៈ​មេធាវី​គាត់​នោះទេ​។​

​បន្ទាប់ពី​មាន​សំណួរ​រាប់​សប្តាហ៍​អំពី​ការចោទប្រកាន់​នេះ លោក​ត្រាំ​បាន​ចម្លើយ​ខ្លី​ថា “​ទេ​” នៅពេល​គេ​សួរថា​តើ​គាត់​បានដឹង​អំពី​ការបង់ប្រាក់​ដែល​បាន​ធ្វើឡើង​នៅក្នុង​សប្តាហ៍​ចុងក្រោយ​នៃ​ការបោះឆ្នោត​ឆ្នាំ ២០១៦ ឬ​អត់​។​

​តារា​សិច ឈ្មោះ​ពិត ស្តេ​ហ្វា​នី គ្លី​ហ្វ​ហ្វ​ត (Stephanie Clifford) ដែលមាន​ឈ្មោះ​ក្នុង​រឿង​ហៅថា ស្ត​មមី ដា​នី​ញែ​ល (Stormy Daniels) បាន​អះអាងថា នាង​បានទទួល​លុយ​នេះ​ដើម្បី​បិទបាំង​អំពី​ការ​រួមភេទ​ជាមួយ​លោក​ត្រាំ កាលពី​ជាង​មួយ​ទសវត្សរ៍​មុន​។​

​លោក ម៉ៃ​ឃើ​ល ខូ​ហិន មេធាវី​ចាស់វស្សា​របស់លោក​ប្រធានាធិបតី​បាន​សារភាពថា​បានធ្វើការ​ទូទាត់​នេះ ហើយ​បាន​ចោទប្រកាន់​នាង​ដា​នី​ញែ​ល​ពីបទ​រំលោភ​លើ​កិច្ចព្រមព្រៀង​មិន​ទម្លាយ​ជា​សាធារណៈ ដែល​នាង​បាន​ចុះហត្ថលេខា​ជា​ថ្នូរ​នោះ​។​

​កាលពី​ខែ​មុន នាង​ដា​នី​ញែ​ល​បាន​ប្រាប់​អ្នកមើល​តាម​ទូរទស្សន៍​ចំនួន ២១ លាន​នាក់​ថា នាង​បាន​រួមភេទ​ដោយ​ឥត​ពាក់​ស្រោម​ការពារ​ជាមួយនឹង​លោក​ត្រាំ បន្ទាប់ពី​ការជួប​ជុំគ្នា​មួយ​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​វាយ​កូន​ហ្គោល​ដ៏​ល្បីល្បាញ​នៅ​រមណីយដ្ឋាន​បឹង​តា​ហូ (Lake Tahoe) ក្នុង​ខែកក្កដា​ឆ្នាំ ២០០៦ គឺ​បន្ទាប់ពី​ភរិយា​របស់លោក​ត្រាំ លោកស្រី​មេ​ឡា​នៀ​ទើបតែ​ផ្តល់កំណើត​ដល់​កូនប្រុស​របស់​ពួកគេ​។​

​លោក​ត្រាំ​បាន​ទទូចថា​គាត់​មិនបាន​ដឹងថា​ហេតុអ្វី​បានជា​លោក​ខូ​ហិន​បានធ្វើ​ការទូទាត់​សាច់ប្រាក់​ឱ្យ​នាង​នោះទេ​។ លោក​ត្រាំ​និយាយថា “​អ្នក​ត្រូវ​ទៅ​សួរ​លោក ម៉ៃ​ឃើ​ល ខូ​ហិន​។ ម៉ៃ​ឃើ​ល​ជា​មេធាវី​របស់ខ្ញុំ​។ អ្នក​ត្រូវ​ទៅ​សួរ​ម៉ៃ​ឃើ​ល​”​។​

​នៅពេល​សួរថា​តើ​គាត់​ដឹងថា​លុយ​នោះបាន​មកពីណា​ទេ លោក​ត្រាំ​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅលើ​យន្តហោះ Air Force One ថា “​ទេ ខ្ញុំ​មិនដឹង​ទេ​” ។​

​ការអះអាង​នេះ​ត្រូវបាន​ជំទាស់​ភ្លាមៗ​ដោយ​មេធាវី​របស់​នាង​ស្ត​មមី គឺ​លោក ម៉ៃ​ឃើ​ល អា​វេ​ណាត​ទី (Michael Avenatti)​។​

​លោក​អា​វេ​ណា​តទី​បាន​សរសេរ​លើ​ធ្វី​ត​ធឺ​ថា “​យើង​ទន្ទឹងរង់ចាំ​សាកសួរ​អំពី​ការពិត​នៃ​ការមិន​ដឹងអី​សោះ​របស់លោក​ត្រាំ​ចំពោះ​ការបង់ប្រាក់​ចំនួន ១៣០ ពាន់​ដុល្លារ​។ ដូចដែល​ប្រវត្តិសាស្ត្រ​បាន​បង្រៀន​យើង​អ៊ីចឹង វា​ជា​រឿង​មួយ​ដើម្បី​កុហក​បោកប្រាស់​អ្នកសារព័ត៌មាន ហើយ​វា​ជា​រឿង​ផ្សេង​ពេល​ចូលទៅ​ស្បថ​នៅ​តុលាការ​”៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ និង​នាង​ដា​នី​ញែ​ល