ទីបំផុត រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធរ​បស់​អាមេរិក​សម្រេចចិត្ត​ឱ្យ​ផ្អាក​យន្តហោះ Boeing 737 Max

322
ចែករម្លែក

​ខណៈដែល​ប្រទេសមួយ​ហើយ​មួយទៀត​បាន​ផ្អាក​យន្តហោះ Boeing 737 Max បន្ទាប់ពី​ហេតុការណ៍​ធ្លាក់​យន្តហោះ​កាលពី​ថ្ងៃអាទិត្យ​នៅ​ប្រទេស​អេ​ត្យូ​ពី និយតករ​សុវត្ថិភាព​ផ្លូវអាកាស​របស់​អាមេរិក​នៅតែ​ចចេះ​មិន​ព្រម​បដិសេធ​ផ្អាក​យន្តហោះ​នេះ​ទេ រហូតដល់​ថ្ងៃ​ពុធ​ទី​១៣​មីនា​។​

​នោះ​គឺ​នៅពេលដែល​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ (FAA) បានចេញ​បញ្ជា​បន្ទាន់​ដើម្បី​រក្សាទុក​យន្តហោះ​ទាំងនោះ​ឱ្យនៅ​លើដី​គោក​។ ទីភ្នាក់ងារ​នេះ​បាន​និយាយថា​អ្វីដែល​ធ្វើឱ្យមាន​ភាពខុសប្លែក​គ្នា​គឺ​ទិន្នន័យ​តាមដាន​ដោយ​ផ្កាយរណប​ថ្មីៗ​និង​ភស្តុតាង​ជាក់ស្តែង​ដែល​ផ្សាភ្ជាប់​បំលាស់​ទី​របស់​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេ​ត្យូ​ពី​ទៅនឹង​បំលាស់​ទី​របស់​យន្តហោះ​របស់​ក្រុមហ៊ុន Lion Air នៅ​ឥណ្ឌូនេស៊ី ដែល​បាន​ធ្លាក់ចូល​សមុទ្រ​ជ្វា​កាលពី​ខែតុលា​និង​បានសម្លាប់​មនុស្ស ១៨៩ នាក់​។​

​លោក ដា​នី​ញែ​ល អែល​វែ​ល (Daniel Elwell) អ្នកគ្រប់គ្រង​ស្តីទី​របស់ FAA បាន​និយាយថា “​ភស្តុតាង​នោះបាន​បង្ហាញ​ភាពស្រដៀងគ្នា​រវាង​ជើងហោះហើរ​របស់​អេ​ត្យូ​ពី​ទៅនឹង​ជើងហោះហើរ​របស់​ក្រុមហ៊ុន Lion Air នោះ​ហើយ​ជា​អ្វីដែល​យើង​បានដឹងថា​បាន​កើតឡើង​ចំពោះ Lion Air”​។​

​ក្រុមមន្ត្រី​នៅ​ក្រុមហ៊ុន Lion Air បាន​និយាយថា​ឧបករណ៍​ចាប់​សញ្ញា​នៅលើ​យន្តហោះ​របស់​ពួកគេ​បាន​ផលិត​ព័ត៌មាន​ដែលមាន​កំហុស​នៅលើ​ជើងហោះហើរ ៤ លើកចុងក្រោយ​របស់ខ្លួន ដោយ​បង្ក​ឱ្យ​ក្បាល​យន្តហោះ​ជ្រមុជ​ចុះក្រោម​ដោយ​ស្វ័យប្រវត្តិ ដែល​អ្នកបើកបរ​មិនអាច​គ្រប់គ្រង​បានឡើយ​នៅ​ថ្ងៃ​ហោះហើរ​ចុងក្រោយ​របស់​វា​។​

FAA បាន​ស្ថិតក្រោម​សម្ពាធ​យ៉ាងខ្លាំង​ដើម្បី​ផ្អាក​យន្តហោះ​នេះ​និង​បាន​មានះ​យ៉ាងខ្លាំង​សូម្បី​បន្ទាប់ពី​ប្រទេស​កាណាដា​កាលពី​ថ្ងៃ​ពុធ​បាន​ចូលរួម​ជាមួយ​ប្រទេស​ជាង ៤០ រួមទាំង​សហភាព​អឺរ៉ុប​និង​ចិន​ក្នុង​ការផ្អាក​យន្តហោះ Max ពី​ដែនអាកាស​របស់ខ្លួន ដោយ​ទុកឱ្យ​សហរដ្ឋអាមេរិក​នៅឯ​កោ​តែឯង​។​

​មុននេះ ទីភ្នាក់ងារ FAA ដែលមាន​មោទនភាព​ចំពោះ​ការសម្រេចចិត្ត​ដោយ​ផ្អែកលើ​ទិន្នន័យ បាន​រក្សា​ជំហរ​របស់ខ្លួន​ថា គ្មាន​ភស្តុតាង​ណា​បង្ហាញថា​យន្ដហោះ Boeing មិនមាន​សុវត្ថិភាព​នោះឡើយ ហើយ​ការហោះហើរ​គឺ​ត្រូវតែ​បន្ត​អ៊ីចឹង​។​

​ប៉ុន្តែ​សេត​វិមាន​បាន​និយាយថា​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ដែល​បានប្រកាស​អំពី​ការផ្អាក​យន្តហោះ​នេះ បាន​ស្តាប់​ការ​សង្ខេប​កាលពី​ថ្ងៃ​ពុធ​អំពី​ការវិវឌ្ឍ​ថ្មី​ដោយ​លោក​អែល​វែ​ល​និង​រដ្ឋមន្ត្រី​ដឹកជញ្ជូន​លោកស្រី អេ​លែ​ន ចាវ ហើយ​ពួកគេ​បាន​ប្តេជ្ញា​ថា​យន្តហោះ​នេះ​គួរតែ​ត្រូវបាន​ផ្អាក​។ លោក​ត្រាំ​បាន​និយាយ​ជាមួយ​លោក ឌេ​ន​នី​ស មុយ​លេន​បឺ​ក នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Boeing ហើយ​ក្រុមហ៊ុន Boeing បាន​យល់ព្រម​ផ្អាក​យន្តហោះ​នេះ​។​

​លោក​អែល​វែ​ល​បាន​និយាយថា “​នៅ​ទីបំផុត វា​គឺជា​ការសម្រេចចិត្ត​ដែលមាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​រដ្ឋមន្ត្រី​ដឹកជញ្ជូន ប្រធានាធិបតី និង​ទីភ្នាក់ងារ FAA”៕ ដោយ៖ កញ្ញាដាលីស

រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ (FAA) សម្រេចចិត្ត​ផ្អាក​យន្តហោះ Boeing 737 Max
#