ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក​អំពាវនាវ​ឲ្យមេទ័ព​និង​មន្ត្រី​កំពូល​វ៉េ​ណេ​ស៊ុយអេ​ឡា​ ធ្វើ​រដ្ឋប្រហារ ខណៈ​ទាហាន​បះបោរ​

326
ចែករម្លែក

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក​ លោក​ច​ន បុល​ថុន កាលពី​ថ្ងៃ​អង្គារ​ទី​៣០​មេសា បាន​អំពាវនាវ​ដល់​ប្រមុខ​ការពារជាតិ​និង​មន្ត្រី​សំខាន់ៗ​របស់វ៉េណេ​ស៊ុយអេ​ឡា​ឲ្យ​បណ្តេញ​ប្រ​ធានា​​ធិបតី​នី​កូឡាស ម៉ា​ឌូ​រ៉ូ ចេញ​ពី​អំណាច​និង​បាន​ព្រមាន​ថា​«​ពេលវេលា​របស់​អ្នក​ជិត​ចប់​»​។​

​ថ្លែង​ចំពេល​មាន​ការបះបោរ​យោធា​នៅវ៉េណេ​ស៊ុយអេ​ឡា លោក​បុលថុន​បានបញ្ជាក់​អះអាងសា​ជា​ថ្មី​ថា​«​រាល់​ជម្រើស​ស្ថិតនៅ​លើ​តុ​» តែ​បាន​បន្ថែមថា​គោលដៅ​ចម្បង​របស់​អាម៉េរិក​​នៅតែ​ជា​«​ការផ្ទេរ​អំណាច​ដោយ​សន្តិវិធី​មួយ​»​។​

​អាម៉េរិក​គាំទ្រ​មេដឹកនាំ​ប្រឆាំង ហ្ស័​ន ក្វាយ​ដូ ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​ប្រទេស​ជាង​៥០ ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​នៃ​ប្រទេស​នេះ​។​

​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ បាន​និយាយ​ក្នុង​សារ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ថា លោក​តាមដាន​សភាពការណ៍​នេះ​«​ដិត​ដល់​ណាស់​។​អាម៉េរិក​ឈរ​នៅ​ខាង​ប្រជាជន​វ៉េណេ​ស៊ុយអេ​ឡា​និង​សេរីភាព​របស់​គេ​»​។​

​ថ្លែង​ទៅ​កាន់​អ្នកយកព័ត៌មាន​នៅ​សេត​វិមាន លោក​បុល​ថុន បាន​និយាយ​ឈ្មោះ​រដ្ឋមន្ត្រី​ការពារជាតិ វ្ល៉ា​ឌី​មៀ ប៉ា​ឌ្រី​ណូ ប្រធាន​តុលាការ​កំពូល ម៉ៃ​គែល ម៉ូ​រេណូ និង​មេបញ្ជាការ​​កង​អង្គរក្ស​ប្រធានាធិបតី អ៊ី​វ៉ាន ហែ​រណង់​ដេ​ហ្ស៍ ដា​ឡា​។​

​លោក​បាន​និយាយថា​«​ដូច​ក្រុមប្រឆាំង​ទូ​ទាំង​វ៉េណេ​ស៊ុយអេ​ឡា​បាន​ដឹង ពួកគេ​ប្តេជ្ញា​គាំទ្រ​លោក​ម៉ា​ឌូ​រ៉ូ​។​វា​ដល់​ពេល​ពួកគេ​ហើយ ពេលវេលា​របស់​អ្នក​ជិត​អស់ហើយ វា​ជា​ឱកាស​ចុង​​ក្រោយ​របស់​អ្នក​។​ទទួលយក​ការលើកលែងទោស​របស់​ប្រធានាធិបតីក្វាយ​ដូ ការពារ​រដ្ឋធម្មនុញ្ញ​និង​បណ្តេញ​ម៉ា​ឌូ​រ៉ូ ហើយ​យើង​នឹង​ដក​អ្នក​ចេញ​ពី​បញ្ជី​ទណ្ឌកម្ម​។​នៅ​ជាមួយ​ម៉ា​ឌូ​រ៉ូ​​និង​លិច​ទៅ​ជាមួយ​នាវា​នេះ​»​។​

​មុននេះ ក្នុង​ការបញ្ចេញ​សំឡេង​ដំបូង​ម្តង​គត់​របស់​លោក​ចាប់តាំងពី​ការផ្ទុះ​វិបត្តិ​ចុងក្រោយ​នេះ លោក​ម៉ា​ឌូ​រ៉ូ បាន​និយាយ​ក្នុង​បណ្តាញសង្គម​ថា មេបញ្ជាការ​យោធា​កំពូលៗ​នៅ​​បង្ហាញ​«​ភក្តីភាព​ទាំងស្រុង​»​របស់​គេ​ចំពោះ​លោក​។​

​វិបត្តិ​ចុងក្រោយ​នេះ​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​អង្គារ​ទី​៣០​មេសា នៅពេល​ទាហាន​មួយ​ក្រុម​បាន​ប្រកាស​គាំទ្រ​លោក្វាយ​ដូ​ដែល​បាន​អំពាវនាវ​ឲ្យ​យោធា​និង​សាធារណជន​​ចូលរួម​បណ្តេញ​ម៉ា​ឌូ​រ៉ូ​។​

​ការប៉ះទង្គិច​បាន​ផ្ទុះឡើង​នៅពេល​កងកម្លាំង​សន្តិសុខ​វ៉េណេ​ស៊ុយអេ​ឡា បាញ់​ឧស្ម័ន​ហៀរ​ទឹកភ្នែក ដើម្បី​បំបែក​ហ្វូង​មនុស្ស​ដែល​ជួបជុំ​គាំទ្រ​ក្វាយ​ដូ​នៅ​ជិត​មូលដ្ឋាន​ទ័ពអាកាស​​ក្នុង​ក្រុង​កា​រ៉ា​កាស​៕ដោយ៖វាសនា/Ha

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​និយាយ​ទៅកាន់​អ្នកយកព័ត៌មាន​នៅ​សេត​វិមាន​