ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក​ធ្វើ​ទស្សនកិច្ច​ទៅ​ជប៉ុន​និង​កូរ៉េខាងត្បូង ស្រប​ពេល​មាន​ជម្លោះ​ពាណិជ្ជកម្ម​

212
ចែករម្លែក

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក​លោក ច​ន បុល​ថុន (John Bolton)​បាន​ចាកចេញ​កាលពី​ថ្ងៃ​សៅរ៍​ទី​២០​ខែ​កក្កដា​សម្រាប់​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន​និង​​កូរ៉េខាងត្បូង ស្រប​ពេល​មាន​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ជា​សម្ពន្ធមិត្ត​ទាំង​២​នេះ​។​

​អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​សេត​វិមាន​បាន​និយាយ​នៅលើ​បណ្តាញ​សង្គម Twitter ថា លោក​ច​ន​បុលថុន​មានគម្រោង​បន្ត​ការស​ន្ទនា​ជាមួយ​ក្រុម​ប្រទេស​សម្ពន្ធ​​មិត្ត​និង​ជា​មិត្តភក្តិ​ដ៏​សំខាន់​នេះ ” ។​

​ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​សុក្រ​បានផ្តល់​ការសម្របសម្រួល​ដោយ​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​ក្នុង​ជម្លោះ​នយោបាយ​និង​សេដ្ឋកិច្ច​រវាង​ប្រទេស​​សម្ពន្ធមិត្ត​ដ៏​សំខាន់​បំផុត​ទាំង​២​របស់​សហរដ្ឋអាមេរិក​នៅ​អាស៊ី​នេះ ដែល​ដែល​គំរាមកំហែង​ដល់​ការផ្គត់ផ្គង់​សកល​នៃ​គ្រឿង​អេឡិចត្រូនិក​បន្ទះ​អង្គ​ចងចាំ ” memory chip” និង​គ្រឿង​ទូរស័ព្ទ​ស្មា​ត​ហ្វូន​។​

​ភាព​តានតឹង​អស់​ពេល​ជា​យូរ​មក​នេះ ជា​ពិសេស​បញ្ហា​សំណង​សម្រាប់​ប្រជាជន​កូរ៉េ​ខាងត្បូង​ដែល​ត្រូវបាន​បង្ខំ​ឱ្យ​ធ្វើការ​សម្រាប់​ក្រុមហ៊ុន​ជប៉ុន​ក្នុង​អំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី​២​នោះ​គឺ​កាន់តែ​អាក្រក់​ឡើង​នៅក្នុង​ខែ​នេះ នៅពេល​ដែល​ជប៉ុន​បាន​រឹតត្បិត​ការនាំ​ចេញ​គ្រឿង​ច្ចេក​វិទ្យា​ជាន់ខ្ពស់ ទៅ​កូរ៉េខាងត្បូង​។​

​ជប៉ុន​បាន​បដិសេធ​ការ​ដែល​ថា​ជម្លោះ​អំពី​សំណង​នេះ​នៅ​ពីក្រោយ​ការ​រឹតត្បិត​ការនាំ​ចេញ​នេះ ទោះជា​យ៉ាងណា​រដ្ឋមន្ត្រី​ម្នាក់​ក្នុងចំណោម​រដ្ឋមន្ត្រី​ច្រើន​នាក់​របស់​ខ្លួន​បាន​លើក​​ឡើង​ថា​វា​បណ្តាល​មកពី​ការបាត់បង់​ជំនឿ​ចិត្ត​លើ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ដោយសារ​ជម្លោះ​ពលកម្ម​បែប​បង្ខំ​។​

​ការ​ទប់​ការនាំចេញ​នេះ អាច​ប៉ះពាល់​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​សកល​។​

​កាលពី​ថ្ងៃ​សុក្រ លោក ដូ​ណា​ល់ ត្រាំ បាន​និយាយប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​សេត​វិមាន​ថា​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែ​អ៊ីន បាន​សួរ​លោក​ថា​តើ​លោក​អាច​​ជួយ​សម្របសម្រួល​ជម្លោះ​នេះ​បាន​ដែរឬទេ​។ លោក មូន ជែ​អ៊ីន បានស្នើ លោក ដូ​ណា​ល់ ត្រាំ​ជួយ​ក្នុងពេល​កិច្ច​ជំនួប​របស់​ពួកគេ​នៅ​ទីក្រុង​សេ​អ៊ូ​ល កាលពី​ថ្ងៃទី​៣០​ខែមិថុនា​។​

​លោក ច​ន បុល​ថុន នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាងត្បូង​ពី​ថ្ងៃទី​២៣-២៤​ខែកក្កដា​។ លោក​នឹង​ជួប​ទីប្រឹក្សា​សន្តិសុខ​ជាតិ​កូរ៉េខាងត្បូង លោក ជុង អឺ​យ៉ុង នៅ​ថ្ងៃ​ពុធ​ដើម្បី​ពិ​​ភាក្សា​បញ្ហា​សន្តិសុខ​នៅ​ឧបទ្វីប​កូរ៉េ និង​ពង្រឹង​សម្ពន្ធភាព​រវាង​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​៕ដោយ៖សុខា/sn

ទីប្រឹក្សា​សន្តិសុខ​ជាតិ​ម៉េ​រិក​បាន​លោក ច​ន បុលថុន​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាងត្បូង​ពី​ថ្ងៃទី​២៣-២៤​ខែកក្កដា​