ទីប្រឹក្សា​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​សម្រាក​ពេទ្យ​

247

(​ភ្នំពេញ​): លោក​ឧ​ត្ត​ម​សេនីយ៍​ចូលនិវត្តន៍ ស៊ឹង ខាំ​ច័ន្ទ​តា​រ៉ុង ដែល​សព្វ​ថ្ងៃជា​ទីប្រឹក្សា​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​នោះ បាន​ចូល​មន្ទីរពេទ្យ ហើយ​បន្ទាប់ពី​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ឈឺក្បាល​ទៀត​នោះ​។​

​លោក ច័ន្ទ​តា​រ៉ុង ធ្លាប់ជា​អ្នកនិពន្ធ​ចម្រៀង និង​ចុង​ក្រោយនេះ ជា​ឧ​ត្ត​ម​សេនីយ៍​ឯក​របស់​ក្រសួងការពារជាតិ​មុន ពេល​លោក​ចូលនិវត្តន៍​។ ជាមួយនឹង​ការចូលនិវត្តន៍​នេះ លោក​បាន​ក្លាយជា​ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជាទី​ប្រឹក្សា​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​។​

​ចុងក្រោយ​នេះ លោក​បាន​និពន្ធ​បទ​ចម្រៀង​មួយចំនួន ដែល​ទាក់ទង​ជាមួយនឹង​ក្បាច់គុន​បូរាណ​ខ្មែរ​ទៀតផង ហើយ​បទ​ទាំងនេះ ត្រូវបាន​គេ​ប្រើ​សម្រាប់​ការធ្វើដំណើរ​ចេញមក​ប្រកួត​របស់​អ្នក​ប្រដាល់​កម្ពុជា​ទៀតផង​។​

​ពេលនេះ ក្នុងខណៈដែល​ជំងឺ​រុកកួន​លោក​នោះ លោក​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​។ នៅ​ថ្ងៃទី​២៣​តុលា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន ប្រធាន​សហព័ន្ធ​ប្រដាល់​សាកល​កម្ពុជា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ វ៉ា ស៊ិន​ភិរម្យ អនុប្រធាន​ទី​១ សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ និង​លោក​សាស្ត្រាចារ្យ ម៉ិ​ល កាដូ អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ បាន​ចុះទៅ​សាកសួរ​សុខទុក្ខ​ដល់​មន្ទីរពេទ្យ​តែម្ដង​។​

​ជាមួយនឹង​ការចុះទៅ​សួរសុខទុក្ខ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន បានប្រគល់​ថវិកា​របស់​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ចំនួន​២០០​ដុល្លារ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ វ៉ា ស៊ិន​ភិរម្យ ប្រគល់​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​១០០​ដុល្លារ ដើម្បី​ជួយ​សម្រួល​ដល់​ការលំបាក​របស់លោក​ច័ន្ទ​តា​រ៉ុង​៕L ដោយ​៖ រ៉ូ​ហ្សា​