ទីផ្សារ​ម្រេច​ឥឡូវ​ចង្អៀត​ណាស់ ​ក្រុមហ៊ុន​នាំ​ម្រេច​ចេញទិញ​តិចតួច​យកទៅលក់​ក្រៅប្រទេស​

114
ចែករម្លែក

ដោយ​:មូល​សម្បត្តិ​៖​ភ្នំពេញ​÷​លោក​ងួន ឡាយ ​ប្រធាន​សមាគម​ម្រេច​កំពត​បាន​ថ្ងូរ​ប្រាប់​រស្មី​កម្ពុជា​ឲ្យដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា​ ផល​ម្រេច​ឆ្នាំនេះ​ក៏បាន​ទទួល​ផល​មិន​ខុសពី​ឆ្នាំមុនៗ​នោះទេ​។​តែ​ការលក់​ចេញ​វិញ​ពិបាក ទីផ្សារ​កាន់តែ​ចង្អៀត​ទៅៗ​។​ឈ្មួញ​ឫ​ថៅកែ​ធ្លាប់តែ​ទិញ​ម្រេច​យើង​ច្រើនៗ​សម្រាប់​នាំចេញ បែរជា​គេ​ទិញ​តិចតួច​យក​ពី​យើង​សម្រាប់​លក់​នាំចេញ​ទៅវិញ​។​

លោក​ឡាយ​ប្រាប់ថា​ ទោះជា​យើង​បាន​ផល​ម្រេច​ច្រើនយ៉ាង​ណាក៏ដោយ ក៏​ម្រេច​យើង​នាំចេញ​មិន​លើសពី​៦០​ទៅ​៧០​តោន​នោះទេ​ក្នង​១/​ឆ្នាំៗ​។​ឆ្នាំនេះ​យើង​បាន​លក់​នាំចេញ​ប្រមាណ​ជា​៥០តោន​ប៉ុណ្ណោះ​។​មូលហេតុ​គឺ​ដោយសារ​មិនមែន​EBA​នោះ​។ ​តែ​មកពី​ក្រុមហ៊ុន​ធំៗ​មួយចំនួន​គេ​មាន​ចម្ការ​ម្រេច​របស់គេ គេ​ដាំ​បាន​ផល​យកទៅលក់​ដោយ​ខ្លួនគេ​។​ដូច្នេះ​គេ​ធ្លាប់តែ​ទិញ​ម្រេច​យើង​ច្រើន ឥឡូវ​គេ​ទិញ​ម្រេច​យើង​តិច​វិញ​។​ក៏ប៉ុន្តែ​យើង​ក៏​ឃើញ​មាន​ក្រុមហ៊ុន​បរទេស​តូចៗ​ថ្មីៗ​ដូចជា​រុស្ស៊ី កូរ៉េ អាល្លឺម៉ង់​មកសុំ​ទិញ​ម្រេច​ពី​សមាគម​យើង​យកទៅ​សាកល្បង​លក់​នៅ​ប្រទេស​គេ​ពី​១តោន​ទៅ​២​តោន​។​

លោក​បញ្ជាក់ថា​​ ទោះជា​យើង​ផលិត​បាន​ច្រើន​​ក៏​ការនាំចេញ​របស់​យើង​មានកម្រិត មិនអាច​ពង្រីក​ការដាំដុះ​ឲ្យបាន​ច្រើន​លើសពីនេះ​បាន​នោះទេ​។​តែ​តម្លៃ​ម្រេច​នៅលើ​ទីផ្សារ​នៅ​នឹង​ដដែល ​មិន​ប្រែប្រួល​ទេ​។​គឺ​ម្រេចស​ថ្លៃ​២៨ដុល្លារ ម្រេចខ្មៅ​ថ្លៃ​១៥ដុល្លារ ម្រេច​ក្រហម​ថ្លៃ​២៥ដុល្លារក្នុង១​គីឡូក្រាម​។​

ចំពោះ​ម្រេច​ទូទៅ​មានការ​ថយចុះ​ការដាំដុះ ដោយសារ​ទីផ្សារ​ម្រេច​គ្មាន​ហាងឆេង វៀតណាម​ក៏​ផ្អាក​ការទិញ​អស់​មួយរយៈ​ធំ​រួចមកហើយ​។​សូម្បីតែ​អ្នក​ដាំ​ម្រេច​តូចតាច​នៅ​ខេត្តកំពត​ក៏​លោក​ឡាយ​បញ្ជាក់ថា​ដួល​បះជើង​ដែរ ដោយសារ​ទីផ្សារ​តម្រូវការ​តិចពេក​៕/Ha