ទីផ្សារ​សាច់មាន​ស្ថេរភាព​ល្អ​ក្នុងពេល​បច្ចុប្បន្ននេះ​

283
ចែករម្លែក

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​បាន​អះអាង​ក្នុង​ក្តី​សេច​រីករាយ​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០១៩​នេះ​ថា​ទីផ្សារ​សាច់​មិន​ថា​មាន់​ទា​ជ្រូក​គោ​និង​ត្រី​នោះទេ​គឺមាន​តម្លៃ​ស្ថេរភាព​ល្អ​ទាំង​អ្នកលក់​ក៏​ដូច​អ្នកទិញ​បរិភោគ អាច​ទទួលយកបាន​ដូចគ្នា​។​

​លោក​ស្រ៊ុន​ពៅ​ប្រធាន​សមាគម​ដែលមាន​គំនិត​គាំពារ​និយម​ចូលចិត្ត​លើកស្ទួយ​ដល់​អ្នក​ចិញ្ចឹម​ក្នុងស្រុក​បាន​និយាយថា​តម្លៃ​មាន់​រស់​ថ្លៃ​ជាង​៧.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។​ជ្រូក​រស់​ថ្លៃ​១០.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។​ត្រី​ប្រា​ថ្លៃ​៤.៨០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។​គោ​ធម្មតា​ថ្លៃ​១​ទៅ​២​លាន​រៀល​ក្នុង​១​ក្បាល​។​គាត់​ថា​តម្លៃ​ប៉ុណ្ណឹង​នៅលើ​ទីផ្សារ​គឺ​ល្អ​។​

លោក​ស្រ៊ុន​ពៅ​បាន​លើកឡើងថា​អ្នក​ចូលចិត្ត​ចិញ្ចឹមសត្វ​កំពុង​ច្របូកច្របល់​ទៅនឹង​ការចិញ្ចឹម​រវាង​ជ្រូក​និង​ចិញ្ចឹម​មាន់​។​មាន់​ក៏បាន​ថ្លៃ​ជ្រូក​ក៏បាន​ថ្លៃ​។​ឥឡូវនេះ​អ្នក​ចិញ្ចឹម​មាន់​យក​សាច់​កំពុង​ខ្វះ​កូន​មាន់​យកមក​បំប៉ន​យក​សាច់​។​ដោយសារ​អ្នក​ចិញ្ចឹម​មាន់​មានការ​កើនឡើង​។​នៅពេល​សួរថា​តើ​មាន​ការនាំ​សត្វ​ពី​ប្រទេសជិតខាង​មក​ដែរ​ឫ​ទេ​?

​លោក​ស្រ៊ុន​ពៅ​ប្រាប់ថា​ប្រទេសជិតខាង​មិនមាន​ការនាំ​ចូល​សត្វ​ជ្រូក​មាន់មក​កម្ពុជា​ទេ​។​គេ​ខ្វះ​ការផ្គត់ផ្គង់​សាច់​ក្នុង​ទីផ្សារ​របស់គេ​ដែរ​។​សូម្បីតែ​សាច់ជ្រូក​នៅ​ទីផ្សារ​វៀតណាម​ក៏​ថ្លៃរ​ដែរ​គឺ​ប្រមាណ​ស្មើនឹង​១២.០០០​ក្នុង​មួយ​គីឡូក្រាម​ដែរ​។​សត្វ​គោ​ធ្លាប់​ហូរ​ទៅ​វៀតណាម​កន្លងមក​ក៏​ស្ងប់ស្ងាត់​ដែរ​។​

​សត្វ​មាន់​ពី​ថៃ​ចូលមក​ក​ម្ជុ​ជា​ត្រូវបាន​ក្រសួងកសិកម្ម​កំណត់ឱ្យ​នាំចូល​។​រីឯ​ជ្រូក​វិញ​ត្រូវបាន​ដឹក​ពី​ថៃ​ហួស​ទៅ​លក់​នៅ​វៀតណាម​ថែមទៀត​។​ចំណែក​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​វិញ​លោក​ប្រធាន​សមាគម​ប្រាប់ថា​នៅតែ​កើតមាន​ក្នុងប្រទេស​យើង​នៅឡើយ​ទេ​។​ខេត្តកំពង់ចាម​នៅតែ​ជា​ចំណុចក្តៅ​នៃ​ជំងឺ​នេះ​នៅឡើយ​ក្នុងពេល​បច្ចុប្បន្ននេះ​៕S/​