ទីភ្នាក់ងារ​ស្បៀងអាហារ​សហប្រជាជាតិ​៖ កងទ័ព​ដង្កូវ​គំរាម​ផលដំណាំ​អាស៊ី​

632
ចែករម្លែក
  • 26
    Shares

​ដង្កូវ​ហ្វូង​ស៊ី​ដំណាំ​ពោត​ភាគច្រើន និង​ដំណាំ​ផ្សេងទៀត រួម​មាន​ស្រូវ​និង​អំពៅ​។​សត្វល្អិត​ហោះ​មក​ពី​ទ្វីបអាម៉េរិក​នេះ បង្ក​ការខូចខាត​ផលដំណាំ​ដល់​ទៅ​៣.០០០​លាន​ដុល្លារ​​នៅ​អាហ្វ្រិក​ មុន​ពេល​វា​មក​ដល់​អាស៊ី​កាលពី​ខែ​កក្កដា​។​

​ការ​ធ្វើ​កសិកម្ម​នៅក្នុង​ប្រទេស​អាស៊ី​ជាច្រើនស្ថិតក្រោម​ការ​គំរាម​ពី​ពួក​សត្វល្អិត​បំផ្លាញ​ដំណាំ​នេះ ​ដែល​បាន​ធ្វើដំណើរ​ពី​ទ្វីបអាម៉េរិក ឆ្លងកាត់​អាហ្វ្រិក មុន​មក​ដល់​អាស៊ី នេះ​បើ​​តាម​ទីភ្នាក់ងារ​ស្បៀង​របស់​អង្គការសហប្រជាជាតិ​(FAO)​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២០​មីនា ​ខណៈ​ពួក​អ្នកជំនាញ​មកពី​ជុំវិញ​ពិភពលោក​បាន​ចាប់ផ្តើម​កិច្ចប្រជុំ​រយៈពេល​៣​ថ្ងៃ ​​ដើម្បី​ពិភាក្សា​រក​វិធី​ទប់​ទ​ល់លើ​ការខូចខាត​។​

​ដង្កូវ​ហ្វូង​នេះ​មាន​ប្រភព​នៅ​អាម៉េរិក ​តែ​វា​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​មក​ភាគ​ខាងកើត​ចាប់តាំងពី​ឆ្នាំ​២០១៦​មក ដោយ​ស៊ី​បំផ្លាញ​ដំណាំ ស្លឹកឈើ​នៅ​ទូ​ទាំង​អាហ្វ្រិក​និង​បង្ក​ការ​ខូច​​ខាត​គិត​ជា​ទឹកប្រាក់​ប្រមាណ​៣​ពាន់​លាន​ដុល្លារ មុន​មក​ដល់​អាស៊ី​។​

​សត្វល្អិត​ចេះ​ហើរ​នេះ​បាន​មក​ដល់​ឥណ្ឌា​កាលពី​ខែ​កក្កដា និង​ចាប់​តាំងពី​ពេលនោះ​បាន​រាតត្បាត​ទៅកាន់​ប្រទេស​ស្រីលង្កា បង់​ក្លា​ដែស មី​យ៉ាន់​ម៉ា ថៃ​និង​ខេត្ត​យូ​ណាន​របស់​ចិន​, ​នេះ​បើ​តាម​អង្គការ​FAO​។​ភាគច្រើន​ពួកវា​ស៊ី​ដំណាំ​ពោត​ដែល​ចិន​ផលិត​ច្រើន​បំផុត​លំដាប់​ទី​២​នៅលើ​លោក និង​ដំណាំ​ផ្សេង​ទៀត​រួមមាន​ស្រូវ​និង​អំពៅ​ដែលជា​ដំណាំ​សំខាន់​២​នៅ​​ថៃ​។​

​ក្នុង​កិច្ចប្រជុំ​របស់​FAO នៅ​ក្រុង​បាងកក​កាលពី​ថ្ងៃ​ពុធ ពួក​មន្ត្រី​មកពី​ប្រទេស​រង​ផលប៉ះពាល់ និង​អ្នកជំនាញ បាន​ពិភាក្សា​គ្នា​រក​វិធី​កំហិត​ការ​រាតត្បាត​របស់​សត្វ​ដង្កូវ​នេះ​។​

​អគ្គនាយករង​អង្គការ​នេះ​បាន​និយាយថា​«​យើង​ត្រូវ​ធ្វើការ​រួមគ្នា ដោយសារ​នេះ​ជា​ប៉េស​មួយ​ដែល​មិន​មាន​ព្រំដែន​អន្តរជាតិ គំរាម​សន្តិសុខ​ស្បៀង​របស់​យើង សេដ្ឋកិច្ច​របស់​​យើង ពាណិជ្ជកម្ម​ក្នុងស្រុក​និង​អន្តរជាតិ​»​។​

FAO បាន​និយាយថា ខ្លួន​កំពុង​ធ្វើការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​និង​ហ្វឹកហាត់​កសិករ​ឲ្យ​ចេះ​គ្រប់គ្រង​ទប់ទល់​ប៉េស​នេះ ដោយ​បំផ្លាញ​សម្បុក​ពង​និង​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត​​ជីវសាស្ត្រ​។​ថ្នាំ​គីមីក៏​ជា​ជម្រើស​មួយ​ដែរ តែ​ការប្រើ​វា​គួរ​គិត​អំពី​បរិស្ថាន​និង​ការប៉ះពាល់​សុខភាព​៕​ដោយ​៖​វាសនា​/Ha