ទីភ្នាក់ងារ​អភិវឌ្ឍន៍​ទេសចរណ៍​បារាំង មក​ផ្សព្វផ្សាយ​ពី​ភាព​ទាក់ទាញ​របស់​បារាំង​ក្នុង​វិស័យ​ទេសចរណ៍​

481
ចែករម្លែក

ដោយ​: សុផល​
​ភ្នំពេញ​:
ដោយ​មានការ​ជ្រោមជ្រែង​ពី​ស្ថានទូត​បារាំង គណ​:​ប្រតិភូ​មួយក្រុម​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ទេសចរណ៍​បារាំង (Atout France) បានធ្វើ​ដំណើរ​មក​ភ្នំពេញ​ជា​លើក​ទី​១ កាលពី​ថ្ងៃទី​១០ និង​ទី​១១​មិថុនា​កន្លងទៅ ដើម្បី​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​ដ៏​សម្បូរបែប​នៅ​ប្រទេស​បារាំង​។​

​គណៈប្រតិភូ​នេះ ដឹកនាំ​ដោយ​លោក ម៉ូ​រ៉ា​ដ៍ តា​យេ​ប៊ី (Morad Tayebi) នាយក​ទីភ្នាក់ងារ Atout France ប្រចាំ​អាស៊ាន ដោយមាន​ការ​អមដំណើរ​ពី​តំណាង​ក្រុមហ៊ុន​អាកាសចរណ៍​បារាំង ក្រុមហ៊ុន​ទេសចរណ៍ Club Med និង​ក្រុមហ៊ុន​កម្សាន្ត​តាម​នាវា CroisiEurope ។

​នៅ​ថ្ងៃទី​១១​ខែមិថុនា​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ តំណាង​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុ​ជាជាង​៦០​នាក់ ដែល​កំពុង​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ បាន​ចូលរួម​នៅក្នុង​សិក្ខាសាលា​មួយ​រៀបចំឡើង​ដោយ​ទីភ្នាក់ងារ Atout France ក្រោម​កិច្ចសហការ​ជាមួយ​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) ។ សិក្ខាសាលា​នេះ​ធ្វើឡើង​បន្ទាប់ពី​ការទទួល​ទាន​អាហារ​ពេលព្រឹក​ជា​លក្ខណ​:​ការងារ​រវាង​ក្រុមប្រឹក្សាភិបាល​របស់ CATA និង​គណ​:​ប្រតិភូ​បារាំង​។​

​កាលពី​ថ្ងៃ​នៅ​ថ្ងៃទី​១០​មិថុនា កិច្ចប្រជុំ​មួយ​ត្រូវបាន​រៀបចំឡើង​នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ ដោយមាន​ការចូលរួម​ពី​លោក​រដ្ឋមន្ត្រី ថោង ខុន​, លោក ម៉ូ​រ៉ា​ដ៍ តា​យេ​ប៊ី និង​លោក ឡូ​រ៉ង់ ទ្រី​ប៉ូ​ណេ (Laurent Triponey) ទីប្រឹក្សា​ទី​១​នៃ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ក្នុង​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​ទេសចរណ៍ ។

​ភាគី​ទាំងពីរ​បាន​សម្តែង​ការពេញចិត្ត ចំពោះ​កំណើន​នៃ​ចំនួន​ភ្ញៀវទេសចរ​កម្ពុជា​ទៅ​កម្សាន្ត​នៅ​ប្រទេស​បារាំង ដែលជា​គោលដៅ​ទេសចរណ៍​ទី​១​នៅ​អឺរ៉ុប​សម្រាប់​ប្រជាជន​កម្ពុជា (​ចំនួន​អ្នក​សុំ​ទិដ្ឋាការ​កើនឡើង​២៥%​នៅ​ឆ្នាំ​២០១៩​នេះ​) និង​កំណើន​ចំនួន​ភ្ញៀវទេសចរ​បារាំង​មក​ទស្សនា​កម្ពុជា (​កើន​៤%​នៅ​ឆ្នាំនេះ​)​។
​ភាគី​ទាំងពីរ​ក៏បាន​សន្យា​ធ្វើការ​រួមគ្នា​អោយបាន​ជិតស្និទ្ធ​ក្នុង​វិស័យ​ជាច្រើន​ដូចជា : អេកូ​ទេសចរណ៍ ទេសចរណ៍​ម្ហូបអាហារ ទេសចរណ៍​សុខាភិបាល និង​ចំណាត់ថ្នាក់​សណ្ឋាគារ​ជាដើម​៕

#