ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​ទទួលបាន​ភ្លើង​ខៀវ​ឱ្យ​តាម​ប្រមាញ់​មនុស្ស​ក្រៅ​ភព​

365

ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) បានទទួល​ភ្លើង​ខៀវ​ដើម្បី​ចេញ​ទៅតាម​ប្រមាញ់​មនុស្ស​ក្រៅ​ភព​។ បេសកកម្ម​ប្លា​តូ (PLATO) របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​នឹង​ពាក់ព័ន្ធ​នឹង​ការ​ប្រមាញ់​ភព​អាច​រស់​នៅបាន និង ទទួលបាន​ការអនុញ្ញាត​ឱ្យ​ប្តូរ​ពី​ផែនការមេ​ទៅជា​ការអនុវត្ត​ផ្ទាល់​។​

គម្រោងការ​នេះ​ពីដំបូង​ឡើយ​ត្រូវបាន​សម្រិតសម្រាំង​ក្នុង​ឆ្នាំ ២០១៤ សម្រាប់​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ទស្សនៈវិស័យ​លោហធាតុ​របស់ ESA ប៉ុន្តែ​កាលបរិច្ឆេទ​ចាប់ផ្តើម​បេសកកម្ម​នេះ ត្រូវបាន​លើក​ពេល​ពីរ​ឆ្នាំ គឺ ពី​ឆ្នាំ ២០២៤ ទៅ ឆ្នាំ ២០២៦ វិញ​។

គោលបំណង​ធំ​បំផុត​របស់​បេសកកម្ម​នេះ​គឺ​ស្វែងរក​ភព​ប៉ុន​ផែនដី ឬ ភព​យក្ស ដែល​ធ្វើ​គោចរ​ជុំវិញ​តារា​ជាច្រើន​នៅ​តំបន់​អាច​រស់​នៅបាន ដែល​នោះ​ជា​តំបន់​ដែលមាន​ស្ថានភាព​អាច​ទ្រទ្រង់​ទឹក និង បរិយាកាស (​មាន​អុកស៊ីសែន​)​។

គម្រោងការ​នេះ​គឺ​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ ដុន ផូ​ល​ឡាក់​កូ រូប​វិទូ​អវកាស​មកពី​សាកលវិទ្យាល័យ​វ៉ា​វី​ក ក្នុង​ចក្រភព​អង់គ្លេស​៕

ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​នឹង​ចេញទៅ​ស្វែងរក​ភព​អាច​រស់​នៅបាន និង មនុស្ស​ក្រៅ​ភព ក្នុង​ឆ្នាំ ២០២៦ ខាងមុខ