ទីស្តីការគណៈរដ្ឋមន្ត្រី​ឱ្យ​លោក​ជា​សុផារ៉ា ​ពិនិត្យ​ដោះស្រាយ​ករណី​ពលរដ្ឋ​ប្ដឹង​លោក​ញឹក​ប៊ុនឆៃ​

974
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ទីស្ដីការគណៈរដ្ឋមន្ត្រី បានប្រគល់​ភារកិច្ច​ឲ្យ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​ ពិនិត្យ​ដោះស្រាយ​ករណី​ប្រជាពលរដ្ឋ​ប្ដឹង​លោក ញឹក ប៊ុនឆៃ ​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​ ពាក់ព័ន្ធ​ភាពមិនប្រក្រតី​នៃ​ការលក់​ដី​៣​កន្លែង ស្ថិតនៅ​ឃុំ​និមិត្ត ឃុំ​ប៉ោយប៉ែត និង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។

​នេះ​បើ​យោងតាម​លិខិត ចុះ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ីង ថូ​រ៉ា​ក់​ស៊ី ​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី​។​ការប្រគល់​ភារកិច្ច​ឲ្យ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ពិនិត្យ​ដោះស្រាយ​ករណី​ខាងលើនេះ គឺ​បន្ទាប់ពី​មាន​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ចុះ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩​។ ភាពមិនប្រក្រតី​នៃ​ការលក់​ដី​៣​កន្លែង​នេះ គឺ​ត្រូវ​បានលើកឡើង​ដោយ​ប្រធាន​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក​។​

​លោក​ញឹក​ប៊ុនឆៃ ​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បានធ្វើ​លិខិត​បំភ្លឺ​ជូន​ប្រធាន​ប្តូរ​វេន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩ ទាក់ទង​នឹង​ការលើកឡើង​របស់លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក ក្នុង​អង្គប្រជុំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩​។​

​នៅក្នុង​លិខិត​បំភ្លឺ លោក ញឹក ប៊ុនឆៃ បាន​បញ្ជាក់ថា ការលើកឡើង​របស់លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ថា​រូបលោក​បាន​យក​តួនាទី​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​យោបល់ ទៅ​ដោះស្រាយ​ជម្លោះដីធ្លី និង​បែងចែក​ផលប្រយោជន៍​របស់​ក្រុមហ៊ុន ASK & KH Group របស់លោក លី សាយ​ឃាង ផ្ទុយ​នឹង​តួនាទី​ដែល​បានកំណត់​ក្នុង​ព្រះរាជក្រឹត្យ និង​លោក ឈឹម ផល​វរុណ បាន​លើកឡើងថា គ្មាន​មន្ត្រី​នៅ​លេខាធិការដ្ឋាន​ចុះទៅ​បេសកកម្ម​នៅ​ក្រុង​ប៉ោយប៉ែត និង​ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​នោះទេ ។​

​លោក ញឹក ប៊ុនឆៃ បាន​បញ្ជាក់ថា ចំពោះ​ការលើកឡើង​របស់លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង គឺ​ផ្ទុយ​ពី​ការពិត​ទាំងស្រុង ពីព្រោះ​ការចុះ​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​ក្រុមហ៊ុន​ASK & KH Group របស់លោក គឺ​ក្នុងនាម​ជា​ប្រធាន​គណៈកម្មការ​ដោះស្រាយ​ទំនាស់ និង​លក់​ដី​ក្រុមហ៊ុន ដែលមាន​ការតែងតាំង​ពី​ក្រុមហ៊ុន តាម​សេចក្តីសម្រេច​ចុះ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៨ ។

កិច្ចសន្យា​ប្រគល់​សិទ្ធិ​លក់​ទិញ​ដី ចុះ​ថ្ងៃទី ៦ ខែសីហា ឆ្នាំ​២០១៨ រវាង​លោក លី សាយ​ឃាង និង​រូបលោក​។​ម្យ៉ាងទៀត​ចំពោះ​ការលើកឡើង​របស់លោក​ឈឹម​ផល​វរុណ ​ថា​គ្មាន​មន្ត្រី​លេខាធិការដ្ឋាន​ចុះ​បេសកម្ម​ ជាការ​ពិត​ដោយសារ​ការយល់ច្រឡំ​ខុស​របស់លោក​អំពី​មន្ត្រី​មួយរូប​ដែលជា​សមាជិក​ប្រតិភូ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ធ្វើការ​ជាមួយ​លេខាធិការដ្ឋាន​នោះ ស្មានថា​ជាម​ន្ត្រី​លេខាធិការដ្ឋាន ។​

​លោក​បាន​បន្តទៀតថា​ លោក​លី​សាយ​ឃាង​បានប្រគល់​សិទ្ធិ​ឲ្យ​រូបលោក​លក់​ដី​របស់​ក្រុមហ៊ុន​ដែលមាន​ជម្លោះ​រ៉ាំរ៉ៃ​រយៈពេល​១៥​ឆ្នាំ​ហើយ តាម​កិច្ចសន្យា​ប្រគល់​សិទ្ធិ​លក់​ទិញ​អចលនវត្ថុ ទំហំ ៧៨៧​ហិកតា​។​ក្នុងនាម​ប្រធាន​គណៈកម្មការ​ដោះស្រាយ​ទំនាស់​និង​លក់​ដី​ក្រុមហ៊ុន​ លោក​បាន​ប្រើ​រយៈពេល​ប្រមាណ ៨​ខែ និង​ចំណាយ​ថវិកា​ជាច្រើន​ដោះស្រាយ​បញ្ហា​ជម្លោះ​វិវាទ​ដីធ្លី​ក្រុមហ៊ុន​នេះ រហូត​ត្រូវ​បានបញ្ចប់​ជា​ស្ថាពរ​ទាំងស្រុង​៕S/Ha

​រូបថត​លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ (​រូប​ថ​តៈ មុនី​រ័ត្ន​)​