ទឹកគ្រឿង​កាពិ​

1657

គ្រឿងផ្សំ​៖
– ខ្ទឹមស​
– ខ្ទឹមក្រហម​
– ម្ទេសខ្មាំង​
– ត្រប់​រោម​
– ក្រូចឆ្មារ​
– ដូងទុំ​
– ត្រួយ​ល្ពៅ​
– ស្អំ​
– ត្រកួន​
– ត្រយូងចេក​
– ត្រប់ស្រួយ​
– សណ្តែក​គួរ​
– ត្រប់វែង​
– ផ្កាស្នោ​
– ផ្កាចំប៉ី​
– កាពិ​ល្អ​
– ទឹកត្រី​
– ទឹកខ្មេះ​
– ស្ករ​
– ម្សៅ​ស៊ុប​
– ខ្លាញ់​រាវ​

*​វិធី​ធ្វើ​ទឹកគ្រឿង​កាពិ​មាន​២​បែប​
+​វិធី​ធ្វើ​ទី​១៖
-​យក​ត្រប់​រោម​ទុំ កោស​រោម​ចេញ ហាន់​ស្តើងៗ​បុក​លាយ​ជាមួយនិង​ខ្ទឹមស ខ្ទឹមក្រហម កាពិ ម្ទេសខ្មាំង (​សុទ្ធតែ​ប្រើ​ឆៅ​ទាំងអស់​) ចូលគ្នា​ឱ្យ​ម៉ដ្ឋ ហើយ​ច្របាច់​ក្រូចឆ្មា​ចាក់ទឹក​ខ្មេះ ទឹកត្រី ស្ករស ម្សៅ​ស៊ុប កូរ​ចូលគ្នា​ឱ្យ​សព្វ ភ្លក្សមើល​ឱ្យ​ល្មម​តាម​ចូលចិត្ត ។​

+​វិធី​ធ្វើ​ទី​២៖
-​ត្រីឆ្អើ​បេះយក​សាច់​លីង​ជាមួយ​ខ្ទឹមស ខ្ទឹមក្រហម ម្ទេសខ្មាំង​ឱ្យ​ឈ្ងុយ ហើយ​បុក​ឱ្យ​ល្អិត (​លីង ដាក់​ខ្លាញ់​បន្តិច​) កាពិ​ចៀន​ឱ្យ​ឆ្អិន​ដាក់​បុក​ជាមួយ​ត្រីឆ្អើ ទើប​បារ​ដាក់​កូនចាន ច្របាច់​ក្រូចឆ្មា ចាក់ទឹក​ត្រី ស្ករ ម្សៅ​ស៊ុប ដាក់​ទឹក​ក្តៅ​បន្តិច កូរ​ចូលគ្នា​ឱ្យ​សព្វ ភ្លក្សមើល​ឱ្យ​ល្មម​។​

​វិធី​ចំអិន​អន្លក់​ក៏មាន​ពីរបែប​ដែរ​៖
-​ត្រួយ​ល្ពៅ​សក​ឱ្យ​ស្អាត ស្អំ​បេះយក​ស្លឹក​ខ្ចីៗ ត្រយូងចេក​សក​ស្រទាប់​ខ្ចី កាត់​ជា​កំណាត់ៗ ត្រាំ​ទឹក ម្ជូរ​ឱ្យ​ស សណ្តែក​គួរ ត្រកួន​កាត់​វែងៗ ត្រប់ស្រួយ​កាត់​ក្បាល​លាង​ទឹក​។​
-​កោសដូង​ពូត​យក​ខ្ទិះ​ធម្មតា ដាក់​ស្ងោរ​អន្លក់​ទាំងអស់នេះ​ឱ្យ​ឆ្អិន ទើប​រៀប​ដាក់​ចាន​សំប៉ែត ចំណែក​ស្អំ​ត្រូវយក​ខ្ទិះ​រម្ងាស់​ឱ្យ​ខាប់ ដាក់​ស្អំ​ត្រលប់​ចុះឡើង (​ឱ្យ​កាន់តែ​ស្រពោន​)​។​

​វិធី​ចំអិន​មួយបែប​ទៀត​៖
-​ស៊ុតទា​គោះ​ដាក់​ចាន​វាយ​ឱ្យ​បែក​។​
-​ផ្កាស្នោ ផ្កាចំប៉ី លាង​ទឹក​ឱ្យ​ស្អាត ត្រប់វែង​ចិត​សំបក​កាត់កង់ៗ​ចិត​ជា​បន្ទះៗ​ដាក់​ត្រាំ​ទឹក ស្អំ​បេះ យក​ស្លឹក​ខ្លីៗ​។​
-​ដាំ​ខ្ទះ​ចាក់​ខ្លាញ់​ទុកឱ្យ​ក្តៅ យក​ផ្កាស្នោ ស្អំ ផ្កាចំប៉ី ត្រប់វែង ជ្រលក់​និង​ស៊ុតទា​ដាក់​ចាន​ឱ្យ​ឆ្អិន​។​

​កាលណា​គេ​ធ្វើ​ទឹកគ្រឿង​កាពិ ត្រូវ​ចំអិន​អន្លក់​ឱ្យបាន​ច្រើន​មុខ (​ទើប​មានឱជារស ឆ្ងាញ់​) តែបើ​មិន​ចូលចិត្ត​អន្លក់​ឆ្អិន​ទេ អាច​ប្រើ​អន្លក់ឆៅ​ជំនួស​ក៏បាន តាម​ការចូល​ចិត្ត​រៀងៗ​ខ្លួន ៕ ប្រភព​: Khmer Cooking​