ទឹកចិត្ត​ម្ដាយ​! ស្ត្រី​មេម៉ាយ​ម្នាក់​កាន់​រូបថត​ដើររក​កូនប្រុស​ដែល​បាត់​ពី​ផ្ទះ​ជិត​២០​ថ្ងៃ​

780
ចែករម្លែក

ដោយ​: សន សក្តា / កំពង់ឆ្នាំង​: កាលពី​ថ្ងៃទី​៥ ខែ​សភា ឆ្នាំ​២០១៩ មាន​ស្ត្រី​មេម៉ាយ​ម្នាក់ មុខរបរ​លក់​នំក្រូច​និង​នំកង បាន​កាន់​រូបថត​ដើរ​ស្វែងរក​កូនប្រុស​របស់ខ្លួន ក្រោយ​បាត់​​ពី​ផ្ទះ​អស់​រយៈពេល​ជិត​២០​ថ្ងៃ​ហើយ​នោះ​។

​ស្ត្រី​ខាងលើ​បាន​រៀបរាប់​ឲ្យ​ដឹងថា រូបគាត់​មានឈ្មោះ ទេព ញេះ អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ស្នង​មំ ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។ គាត់​ជា​ស្ត្រី​មេម៉ាយ រស់នៅ​ជាមួយ​កូនប្រុស​ដែល​បាត់​ខ្លួន មានមុខ​របរ ជា​អ្នកលក់​នំក្រូច នំកង នៅក្នុង​ភូមិ​គ្រាន់​ចិញ្ចឹមជីវិត​។​

​ស្ត្រី​រូបនេះ​បាន​ប្រាប់ទៀតថា កូនប្រុស​របស់គាត់ មានឈ្មោះ ផុន ឡៃ អាយុ​២៥​ឆ្នាំ​។ កាលពី​ជាង​២០​ថ្ងៃមុន គាត់​បាន​នាំ​កូនប្រុស​របស់គាត់ ដែលមាន​ជំងឺសរសៃប្រសាទ​យកទៅ​ឲ្យ​គ្រូខ្មែរ​នៅ​គង្គារ​ជួយ មើល​ទើបបាន​២​ទៅ​៣​ថ្ងៃ​ប៉ុណ្ណោះ ក៏បាន​រត់​ពី​ផ្ទះ​គ្រូខ្មែ​នោះ​បាត់​រហូត ចាប់តាំងពី​ថ្ងៃទី​១៧​ខែមេសា​មក​ម្លេះ មិនដឹងថា ដើរទៅ​ទីណា​ខ្លះ​នោះទេ ។

​ក្នុង​ក្តី​ព្រួយបារម្ភ​ពី​កូន​ផង​នោះ គាត់​បាន​លើកដៃ​សូម​ឲ្យ​អ្នកសារព័ត៌មាន ជួយ​ផ្សព្វផ្សាយ​រក​កូនប្រុសរ​បស់​គាត់​ផង ព្រោះ​នៅពេលនេះ​មិនដឹងថា កូន​របស់គាត់​ទៅ​ទីណា និង ស្ថិតក្នុង​ស្ថានភាព​បែប​ណា​នោះទេ​។ កន្លងទៅ​គាត់​បាន​មើលថែ​កូន ឲ្យ​លេបថ្នាំ​សរសៃប្រសាទ ហើយ​នាពេលនេះ​ខាន​លេបថ្នាំ​យូរថ្ងៃ មិនដឹង​ជាមាន​អាកា​រៈ​យ៉ាងដូចម្តេច​នោះទេ​។ ប្រសិនបើ​បងប្អូន​ដែល​ឃើញ​កូនប្រុស​របស់គាត់ ដែលមាន​ភិនភាគ​ដូច​ក្នុង​រូបថត​នេះ ជួយផ្តល់​ដំណឹង​ឲ្យ​គាត់​បាន​ដឹងផង គាត់​នឹង​មក​ទទួលយក​ទៅផ្ទះ​វិញ​៕