ទឹកជំនន់​ខ្លាំង​នៅ​មី​យ៉ាន់​ម៉ា​បង្ខំ​មនុស្ស​រាប់​ម៉ឺន​នាក់ ចាកចេញ​ពី​ផ្ទះ​

831
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៨​សីហា​ថា ទឹកជំនន់​ដែល​ឡើង​ខ្លាំង​នៅ​ទូទាំង​ប្រទេស​មី​យ៉ាន់​ម៉ា បាន​បង្ខំ​ឱ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​ចាកចេញ​ពី​ផ្ទះ​របស់​ពួកគេ​​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយសារ​មាន​ភ្លៀង​ខ្លាំង​នៅ​ប្រទេស​នេះ​។​

​ទឹកជំនន់​បាន​ជន់​លិច​ខ្លាំង នៅ​ទីក្រុង​Shwegyin នៅ​តំបន់​Bago ដោយ​ប្រែក្លាយ​តំបន់​នេះ​ទៅ​ជា​បឹង​ទឹក​ដ៏​ធំ ហើយ​ផ្ទះ​ជាច្រើន ត្រូវ​បាន​ទឹក​ជន់​លិច​នៅ​តាម​ដង​ទន្លេ​Sittaung ។​

​សេវាកម្ម​សង្គ្រោះ​ក្នុង​គ្រាអាសន្ន​បាន​កំពុង​ជួយ​នាំ​ប្រជាជន​ទៅ​តំបន់​ដី​ស្ងួត ដោយ​ប្រជាជន​ជាច្រើន​បាន​ស្វែងរក​ទីជម្រក​នៅ​វត្ត​ក្នុង​តំបន់​។​

​ទឹកជំនន់​លិច​ខ្លាំង នៅពេលនេះ​គឺ​នៅ​តំបន់​Bago​និង​រដ្ឋ​Mon​និង នៅ​រដ្ឋ Karen ។​នេះ​បើ​យោង​តាម​ក្រសួង​សុខមាលភាព​សង្គម​។​

​លោក Ko Ko Naing ប្រធាន​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​និយាយថា ” នៅពេលនេះ ប្រជាជន​ជាង​៣០.០០០ នៅ​ទូទាំង​ប្រទេស​នេះ បាន​ផ្លាស់​ទីជម្រក​ដោយសារ​ទឹកជំនន់​”​។​

​ការិយាល័យ​កិច្ចការ​សម្របសម្រួល​ម​នុស្ស​ធម៌ (OCHA) បាន​ប៉ាន់ប្រមាណ​ថា​មាន​មនុស្ស​ប្រហែល ៨៩.០០០ នាក់​ត្រូវបាន​ផ្លាស់​ទីលំនៅ ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ​ទោះ​បី​យ៉ាង​នេះ ក៏​មាន​មនុស្ស​ជាច្រើន​បាន​ត្រឡប់ទៅផ្ទះ​វិញ​ផង​ដែរ​ចាប់​តាំង​ពេលនោះ​មក​៕​ដោយ​៖​សុខា​/sn

ផ្ទះ​ជា​ច្រើន​ត្រូវបាន​ទឹកជំនន់​ជន់​លិច នៅ​ទីក្រុង​Shwegyin នៅ​តំបន់​Bago ប្រទេស​មី​យ៉ាន់​ម៉ា​