ទឹកជំនន់​ជន់​លិច​នៅ​តំបន់​ភាគខាងត្បូង​ចិន ខណៈដែល​មាន​ភាព​ក្តៅហែង​នៅ​តំបន់​ភាគ​ខាងជើង​

436

ភ្លៀង​ខ្លាំង​បាន​ធ្លាក់​គ្របដណ្តប់​លើ​តំបន់​ជាច្រើន​នៃ​ប្រទេស​ចិន​ភាគ​កណ្តាល​និង​ភាគខាងត្បូង​កាលពី​ថ្ងៃ​ចន្ទ ទី​៣ កក្កដា ដោយបាន​បង្កឱ្យមាន​ទឹក​ជំនន់​ដែល​បាន​បំផ្លាញ​ផលដំណាំ​និង​បង្ខំ​ឱ្យ​មនុស្ស​រាប់រយ​ពាន់​នាក់​ចាក​ចេញពីផ្ទះ​របស់​ពួកគេ និង បណ្តាលឱ្យ​ស្លាប់​មនុស្ស​យ៉ាងតិចណាស់​ចំនួន​៣៣​នាក់ ខណៈដែល​នៅ​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​នេះ មាន​អាកាសធាតុ​ក្តៅ​និង​មាន​ភាពរាំងស្ងួត​។​

ក្រុម​អាជ្ញាធរ​បាន​និយាយថា កម្រិត​ទឹក​នៅ​ទន្លេ​ជាង​៦០​នៅ​ចិន​ភាគខាងត្បូង បាន​កើនឡើង​ហួស​កម្រិត​ព្រមាន​។​

​ក្រសួង​កិច្ចការ​ស៊ីវិល​ចិន​បាន​និយាយថា មនុស្ស​ចំនួន​៣៣​នាក់ ត្រូវបាន​អះអាងថា​បាន​ស្លាប់​និង​មនុស្ស​ចំនួន​១៥​នាក់ បាន​បាត់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ បន្ទាប់ពី​មាន​ភ្លៀង​ខ្លាំង​និង​ទឹកជំនន់​នៅ​បណ្តា​ខេត្ត​ភាគ​កណ្តាល​និង​ភាគខាងត្បូង ដែល​រួម ទាំង​ខេត្ត​យូ​ណាន ខេត្ត​ហឺ​ប៉ី ខេត្ត​អាន​ហ៊ុយ ខេត្ត​ស៊ី​ឈាន់ និង​ខេត្ត​គួ​យ​ចូ​វ​។​

រដូវវស្សា​រាល់​ឆ្នាំ ដែល​បាន​កើតឡើង​នៅ​ពាក់កណ្តាល​ខែមិថុនា​នោះ បាន​ធ្លាក់​គ្របដណ្តប់​យ៉ាងខ្លាំងបំផុត លើ​ខេត្ត​យូ​ណាន​ភាគខាងត្បូង​នៃ​ប្រទេស​នេះ ។ ក្រុមមន្ត្រី​អាកាសធាតុ​ចិន ព្យា​ការណ៍​ថា ភ្លៀង​ធ្លាក់​ខ្លាំង​នេះ​អាច​នឹង​ចាប់ផ្តើម​ធ្លាក់​ថមថយ​កម្លាំង​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​ខាង​មុននេះ​។​

មន្ត្រីខេត្ត​ទទួលបន្ទុក​កិច្ចការ​ស៊ីវិល បាន​និយាយថា នៅ​ទូទាំង​ខេត្ត​យូ​ណាន ទឹកជំនន់​នេះ បាន​បង្ខំ​ឱ្យ​មនុស្ស​រាប់រយ​ពាក់​នាក់​ចាក​ចេញពី​លំ​ដៅ​ដ្ឋា​ន​របស់​ពួកគេ និង​បំផ្លិចបំផ្លាញ​ផលដំណាំ​និង​ផ្ទះ​ជាច្រើន ដែល​បាន​បណ្តាលឱ្យ​ខាតបង់​សេដ្ឋកិច្ច​ផ្ទាល់ គឺមាន​ទឹកប្រាក់​សរុប​ចំនួន​១,២២ ពាន់​លាន​ដុល្លារ​៕ ដោយ ៖សុខា

អ្នក​សង្គ្រោះ​ធ្វើការ​សង្គ្រោះ​នៅ​ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន កាលពី​ទី​២​ខែកក្កដា ឆ្នាំ​២០១៧