ទឹកជំនន់​ទន្លេមេគង្គ​ឡើង​លិច​ស្ពាន​កោះ​ប៉ែន​ម្តងទៀត​តែ​ម្ចាស់​ស្ពាន​សម្រេច​មិន​សង់​ឡើងវិញ​ទេ​

667
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ទឹកទន្លេ​មេគង្គ​បាន​ឡើង​សន្សឹមៗ​ជន់​លិច​ស្ពាន​ប្រដឹស​ឬ​ស្សី​កោះ​ប៉ែន​ម្តង​ទៀតហើយ​។​ប៉ុន្តែ​ម្ចាស់​ស្ពាន​ឬ​ស្សី​មួយ​មួយ​នេះ​បានសម្រេច​រុះរើ​ចេញ​ដោយ​មិន​ចំណាយ​ថវិកា​សង់​ឡើង​វិញទៀត​ទេ​គឺ​រដូវ​ទឹក​ឡើង​ហើយ​។​

ដោយឡែក​ខាង​មន្ត្រី​ធនធានទឹក​ផ្តល់​ដំបូល​ន្មា​ន​ដល់​ម្ចាស់​វិនិយោគ​ស្ពាន​នៅ​ឆ្នាំក្រោយៗ​គួរ​សង់​កម្ពស់​ស្ពាន​ឱ្យបាន​ខ្ពស់ជាង​នេះ​ដើម្បី​ដំណើរការ​អាជីវ​កម្មបាន​រយ​:​ពេល​យូរ និង​គេច​ផុតពី​របប​ទឹកទន្លេ​បម្រែបម្រួល​ធម្មតា​នេះ​។​

​លោក​ប៊ុន​ដា​រ៉ា​ម្ចាស់​ស្ពាន​ឬ​ស្សី​កោះ​ប៉ែន​បានឱ្យដឹង​នៅ​ថ្ងៃទី​៦​មិថុនា​២០១៩​នេះ​ថា​លោក​បានសម្រេច​កាលពី​ថ្ងៃ​ថ្ងៃទី​៥​មិថុនា​ឱ្យ​ខាង​ក្រុម​ជាង​រុះរើ​យក​ដើម​ឬ​ស្សី​ជា​គ្រោង​ស្ពាន​ដើម្បី​យកទៅ​កែច្នៃ​ជា​សំណង់​ផ្សេងៗ​។​កុំ​ទុកឱ្យ​ដាច់​រសាត់​ចោល​តាម​ទឹក​ឥតប្រយោជន៍​និង​បង្ក​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ទៀតផង​។​
​ម្ចាស់​ស្ពាន​ឬ​ស្សី​រូបនេះ​បានឱ្យដឹង​ទៀតថា​ដោយ​យើង​សម្រេច​មិន​ធ្វើការ​សាងសង់​ឡើងវិញ​ទៀត​ទេ​ក្នុង​ឆ្នាំ​២០១៩​នេះ និង​ម្យ៉ាង​ស្មើ​នេះ​បាន​កៀក​រដូវ​ទឹកទន្លេ​មេគង្គ​ជន់​ឡើង​ណាស់​ហើយ​។ដូច្នេះ​សូម​ការ​អភ័យទោស​ពី​សំណាក់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​និយម​ដើរ​ឬ​ជិះ​កង់​ឆ្លងកាត់​លេង​កម្សាន្ត​ក្នុង​មួយថ្ងៃ​ប្រមាណ​ជាង​១០០​នាក់​។​

នៅ​រដូវ​កាល​ឆ្នាំក្រោយ​២០២០​នឹង​សាងសង់​ឡើងវិញ​បម្រើ​ជូន​បន្តទៀត​។ ប៉ុន្តែ​នៅ​ខាង​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន នៅ​បើក​ដំណើរការ​ដូច​ធម្មតា ដោយ​បងប្អូន​អាចធ្វើ​ដំណើរ​តាម​ស្ពានថ្ម​កោះ​ប៉ែន​នោះ​។

លោក​ដា​រ៉ា​បាន​បន្ថែមថា​ឆ្នាំនេះ​ស្ពាន​ប្រដឹស​ឬ​ស្សី​កោះ​ប៉ែន​ដំណើរការ​អាជីវ​កម្មបាន​ច្រើន​ថ្ងៃ​ជាង​កាលពី​ឆ្នាំ ២០១៨ បានតែ​ត្រឹម​ពាក់កណ្តាល​ខែឧសភា គឺ​ជំនន់​ទន្លេ​នេះ​បាន​ជន់​លិច​អស់ហើយ​។ ប៉ុន្តែ​ឆ្នាំនេះ​បាន​ដំណើរការ​ដល់​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ​២០១៩ បាន​បិទ​ការឆ្លងកាត់​លើ​ស្ពាន​នេះ​។ តាម​កត់សម្គាល់​នេះ​ទំនង​បណ្តាលមកពី​កត្តា​អាកាសធាតុ​ភ្លៀង​ធ្លាក់​យឺត​ជាង​ឆ្នាំមុន​។​

​លោក​អ៊ុ​វិបុល​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​បានឱ្យដឹងថា​កម្ពស់​ទឹកទន្លេ​មេគង្គ​នៅ​ខេត្តកំពង់ចាម​ថ្ងៃទី ៦ មិថុនា ២០១៩ នេះ គឺ ៤,២១ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃ​ម្សិលមិញ​ថ្ងៃទី ៥ មិថុនា ០,០៧​ម៉ែត្រ​។ កម្ពស់​ទឹក​នេះ​ជាការ​បម្រែបម្រួល​របប​ទឹកទន្លេ​នេះ​ធម្មតា​គឺ​មិនមែន​បង្ហាញ​សញ្ញា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឡើយ​។​
លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា បញ្ហា​ទឹកទន្លេ​មេគង្គ​ជន់​លិច​ស្ពាន​ឬ​ស្សី​កោះ​ប៉ែន បណ្តាលមកពី​ម្ចាស់​ស្ពាន​នេះ​សង់​កម្ពស់​ស្ពាន​កៀក​ទឹក​ពេក​បង្ក​ឱ្យ​ការ​បម្រែបម្រួល​ទឹកទន្លេ​ធម្មតា​លិច​។​ជាក់ស្តែង​កាលពីដើម​ខែមីនា​ឆ្នាំ​២០១៩​ទឹកទន្លេ​នេះ​លិច​ម្តង​ហើយ​បាន​ផ្អាក​អាជីវកម្ម​ទទួល​ភ្លៀវ​មួយរយ​:​។​

ដូច្នេះ​ម្ចាស់​ស្ពាន​ឆ្នាំក្រោយៗ​គួរ​សង់​ស្ថាបនា​ស្ពាន​ឬ​ស្សី​នេះ​ឱ្យបាន​ខ្ពស់​ទើប​មិន​ប៉ះពាល់​ដល់​ដំណើរការ​អាជីវ​កម្មទ​ទួល​ភ្ញៀវ និង​គេច​ផុតពី​ការ​បម្រែបម្រួល​ធម្មតារ​បស់​របប​ទឹកទន្លេ​មេគង្គ​នេះ​។​

​គួរ​បញ្ជាក់ថា​ស្ពាន​ប្រដឹស​ឬ​ស្សី​កោះ​ប៉ែន​បាន​ស្ថាបនា​កាលពី​ខែមករា​ដើមឆ្នាំ​២០១៩​គឺជា​ទៀងទាត់​ក្រោយ​ទឹកទន្លេ​មេគង្គ​ស្រក​ផុត​ឆ្នេរ​ខ្សាច់​ម្ចាស់​វិនិយោគ​ចាប់​សង់​ហើយ​។​ប៉ុន្តែ​ឆ្នាំនេះ​ម្ចាស់​វិនិយោគ​បាន​ថវិកា​ចំនួន​ជិត​បី​ម៉ឺន​ដុល្លារ​អាមេរិក​សង់​ចំនួន​ពីរលើក​ដោយសារ​កា​រប​ម្រែ​ប​ម្រួ​ល​របប​ទឹកទន្លេ​នេះ​បាន​ជន់​កាលពី​រង្វង់​ដើមខែ​មីនា ឆ្នាំ​២០១៩​នេះ ហើយ​ឥឡូវ​បាន​ជន់​លិច​ម្តងទៀត​នេះ​៕S/​