ទឹកជំនន់​នៅ​មង្គល​បូរី និង​សិរីសោភ័ណ តាម​វាលស្រែ​បាន​ស្រក តែ​ស្រុង​លិច​នៅតាម​មាត់​ដងស្ទឹង​

1007
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ស្ថានភាព​ទឹកជំនន់​ដែល​ធ្លាក់​ពី​ដងស្ទឹង​ប​វេ​ល ដងស្ទឹង​មង្គល​បូរី និង​ពី​ប្រព័ន្ធ​ប្រឡាយ​ព្រែក និង​ប្រឡាយ​ក្តាន់ មកទល់​ថ្ងៃទី​១៧​ខែសីហា បាន​ស្រក​ចុះ​ច្រើន​នៅតាម​វាលស្រែ​ភាគ​ខាងលិច ស្រុក​មង្គល​បូរី និង​ភាគខាងត្បូង​ក្រុង​សិរីសោភ័ណ ប៉ុន្តែ​បាន​ស្រុង​ចុះ​លិច​តាម​មាត់​ស្ទឹង​មង្គល​បូរី​និង​ស្ទឹង​សិរីសោភ័ណ​។ នេះ​បើតាម​លោក រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី ឲ្យ​ដឹង​តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៨​។​

​លោក​អភិបាលស្រុក​ឲ្យ​ដឹង​បន្តថា ការ​ស្រក​ចុះ​នេះ ផ្តល់​អំណោយផល​ដល់​ការ​រួច​ផុតពី​ទឹក​លិច​ស្រូវ​ទុំ​នៅ​សេសសល់ និង​ដល់​ការងារ​ជួយ​ច្រូតស្រូវ​ដែរ ក៏ដូចជា​ការ​អូស​ក្បូន​ប្លា​ស្ទិ​ក និង​ការប្រើ​មធ្យ​បាយ​ផ្សេងទៀត ក្នុងការ​ដឹកជញ្ជូន​ផងដែរ​។ ការ​ស្រក​ចុះ​នេះ ក៏​ជួយ​ឲ្យ​ប្រព័ន្ធ​ប្រឡាយ​ទាំង​២​ខាងលើ ដែលមាន​ធារទឹក​ពោរ​ឡើង​ហៀរ ក្នុងនោះ​កន្លែង​ខ្លះ​ទឹកបាន​បំ​បុក​ច្រោះ​ដាច់​ខ្នង​ប្រឡាយ បាក់​សំណង់​ទ្វារ​ទឹក​និង​កន្លែង​ខ្លះ ទឹក​ខ្ជាក់​ពី​ប្រឡាយ​ចូល​លិច​ស្រូវ​ទុំ​នៅ​ទីតាំង​ថ្មីៗ ទៀ​កន្លងមក បាន​រួច​ផុតពី​ការខូចខាត​ទាំងស្រុង​។ ប៉ុន្តែ​វា​បង្ក​ការលំបាក​ជាថ្មី ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ដងស្ទឹង​មង្គល​បូរី និង​ដងស្ទឹង​សិរីសោភ័ណ​។​

​ខ្នង​ប្រឡាយ​ព្រែក និង​ប្រឡាយ​ក្តាន់​ដែល​រង​ការប៉ះពាល់ ខូចខាត​ដោយ​ទឹកជំនន់​ហូរ​បុក​ច្រោះ​ខូច​ខាត់​កន្លងមក លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែល​បាន​សួរសុខទុក្ខ និង​ផ្តល់​អំណោយ​ថវិកា និង​ម្ហូបអាហារ​ដល់​កម្លាំង​អន្តរាគមន៍​ចុះជួយ​ច្រូតស្រូវ កាលពី​ថ្ងៃទី​១៦​ខែសីហា បាន​ណែនាំ​ឲ្យ​ក្រសួង​មន្ទីរជំនាញ​ប្រញាប់​ជួសជុល​ខ្នង​អាង និង​ទ្វារ​ទឹក​ដែល​ខូចខាត​ដោយ​ទឹកជំនន់​ជាបន្ទាន់​។​

​ជាងនេះទៅទៀត លោក​ក៏បាន​ស្នើ​ឲ្យ​ជំនាញ​ពាក់ព័ន្ធ​លើក​គម្រោង​ខ្នង​ប្រឡាយ​ក្តាន់ អភិវឌ្ឍន៍​ជា​ផ្លូវ​ក្រាល​កៅស៊ូ ឬ​ផ្លូវ​បេតុង ព្រោះ​ខ្នង​ប្រឡាយ​និង​ជា​ផ្លូវ​សេដ្ឋកិច្ច​នេះ បាន​ភ្ជាប់​ពី​ផ្លូវ​ខេត្ត​លេខ​១៥៩​សេ នៃ​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង និង​ស្រុក​មង្គល​បូរី មក​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​ទឹកជំនន់ និង​ជំនន់​ទឹកភ្លៀង​ក្នុងស្រុក​មង្គល​បូរី និង​ក្រុង​សិរីសោភ័ណ ពីថ្ងៃ​ទី​២៨​ខែកក្កដា ដល់​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៨​មក បាន​បង្ក​លិចលង់​ដំណាំ​ស្រូវស្រាល​ដើមរដូវ​វស្សា គឺ​ពូជស្រូវ​សែន​ក្រអូប ពូជស្រូវ​អ៊ី​អ៊ែរ​៨៥ របស់​កសិករ​បណ្តា​ឃុំ​ខាងលិច​ស្រុក​មង្គល​បូរី និង​ខាងត្បូង​ក្រុង​សិរីសោភ័ណ អស់​ចំនួន ៤.២៦៤​ហិកតា ក្នុងនោះ​ខូចខាត​អស់​ចំនួន​២.៤៣៥​ហិកតា​។ នៅ​ឃុំ​រហាត់ទឹក និង​ឃុំ​បត់​ត្រង់​ស្រុក​មង្គល​បូរី លិចលង់​ចំនួន ៤.១៩៦​ហ​.​ត ក្នុងនោះ​ខូចខាត​២.៤១៥​ហ​.​ត គិត​ជា​កសិករ​មាន ១.៣២៨​គ្រួសារ​។ និង​សង្កាត់​ខ្លះ​នៃ​ក្រុង​សិរីសោភ័ណ រង​លិចលង់​ចំនួន ៦៥​ហិតា ខូចខាត​២០​ហ​.​ត គិត​ជា​កសិករ​ចំនួន ១០​គ្រួសារ​។ ហើយ​កម្លាំង​អន្តរាគមន៍​ជាង​៣.០០០​នាក់ បាន​ចុះជួយ​ច្រូត​បាន​ផ្ទៃ​ដីស្រែ​ប្រមាណ​២១០​ហិកតា​៕