ទឹកជំនន់​នៅ​វៀតណាម សម្លាប់​មនុស្ស​៣​នាក់ និង​គំរាម​ពន្លិច​ផ្នែក​នៃ​ក្រុង​ហាណូយ​

676
ចែករម្លែក

ជំនន់រដូវវស្សាបានសម្លាប់មនុស្ស៣នាក់និងគំរាមពន្លិចផ្នែកខ្លះនៃរដ្ឋធានីហាណូយ នេះបើតាមការអះអាងរបស់មន្រ្តីកាលពីថ្ងៃអង្គារទី៣១កក្កដា។ក្មេង២នាក់និងបុរសម្នាក់បានលង់ទឹកស្លាប់នៅស្រុក ជួងម៉ី ជាយក្រុងហាណូយ កន្លែងដែលទឹកបានហូរប្រៀបច្រាំងនិងពន្លិចភូមិ។

ម្ខាងទៀតនៃទន្លេ បាវខ្សាច់ត្រូវបានដាក់គរលើគ្នាប្រវែង១០គីឡូម៉ែត្រ ដើម្បីបាំងទឹកកុំអោយហូរចូលរដ្ឋធានីវៀតណាម ដែលមានប្រជាពលរដ្ឋ៧,៥លាននាក់។

មន្រ្តីវៀតណាមម្នាក់បាននិយាយថា”វាសំខាន់ណាស់ដែលទប់កុំអោយទឹកហូរចូលកណ្តាលក្រុង”។

នៅក្នុងភូមិណាមហៃ ក្នុងស្រុកជួងម៉ី លោកង្វៀន វ៉ាន​បូន​ បានធ្វើដំណើរលើពោះវៀនកង់ឡានដើម្បីចូលក្នុងផ្ទះដែលលិចពាក់កណ្តាល។ទ្រព្យសម្បត្តិក្នុងផ្ទះ ដូចជាទូរទឹកកក ម៉ាស៊ីនបោកគក់និងអង្ករទាំងបាវត្រូវទឹកបំផ្លាញខ្ទេចអស់។ប្រពន្ធនិងកូនរបស់គាត់ រួមទាំងអ្នកភូមិរាប់ពាន់នាក់ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព និងខ្លះទៀតឡើងទៅជ្រកនៅជាន់ខ្ពស់ៗរបស់ផ្ទះអ្នកជិតខាង។

អ្នកព្យាករណ៍អាកាសធាតុនិយាយថា ភ្លៀងនឹងបន្តធ្វើអោយទឹកទន្លេប៊ូអ៊ី ឡើងថែមទៀត៕ដោយ៖វាសនា

រូប ពី អាកាស បង្ហាញ ភូមិ ជន់ លិច ក្នុងស្រុក ជូ ង ម៉ី នៅ ជាយក្រុង ហាណូយ កាលពី ថ្ងៃ ៣១ កក្កដា