ទឹកជំនន់​បង្ក​ការខូចខាត​ខ្លាំង​នៅ​ខេត្ត​ភាគ​ឦសាន​ប្រទេស​ថៃ ខណៈដែល​ភ្លៀង​បន្ត​ធ្លាក់​ខ្លាំង​

1296
ចែករម្លែក

​ទឹកជំនន់ បាន​បង្ក​ខូចខាត​យ៉ាងខ្លាំង នៅ​ខេត្ត​សា​ខន ណា​ខន នៅ​ភាគ​ឦសាន​នៃ​ប្រទេស​ថៃ ដោយ​តំបន់​ជាច្រើន​ដែល​រួមទាំង​ទីក្រុង​ខេត្ត​និង​អាកាសយានដ្ឋាន​ត្រូវបាន​ទឹក​ជន់​លិច ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ចាប់តាំងពី​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​។​

​កម្រិត​ទឹកជំនន់ បាន​បន្ត​កើនឡើង​នៅ​ស្រុក​មួង និង ស្រុក​មួយចំនួនទៀត​នៅ​ខេត្ត​នេះ ដោយ​បណ្តាលឱ្យ​ភូមិ​ជាច្រើន ដាច់​ការទាក់ទង​ពី​ខាងក្រៅ​។​

​អាកាសយានដ្ឋាន​នៅ​ខេត្ត​នេះ ត្រូវបាន​បិទ រហូតដល់​ល្ងាច​ថ្ងៃ​សៅរ៍​នេះ បន្ទាប់ពី​ផ្លូវ​យន្តហោះ​នៅ​អាកាសយានដ្ឋាន​នេះ ត្រូវបាន​ទឹក​ជន់​លិច​កាលពី​ល្ងាច​ថ្ងៃ​សុក្រ ដោយ​ជើងហោះហើរ​ទាំងអស់​ត្រូវ​បាន​លុបចោល​។​

​ក្រុម​អ្នក​សង្គ្រោះ កំពុង​ជួយ​ពួក​អ្នកស្រុក​ដែល​ជាប់​ទៅណា​មិន​រួច​ដោយ​ទឹកជំនន់​នេះ ដោយ​ផ្តល់ឱ្យ​ពួកគេ​នូវ​ស្បៀងអាហារ នៅ​មុនពេល​ជម្លៀស​ពួកគេ​ទៅកាន់​តំបន់​សុវត្ថិភាព​។​

​ក្រសួង​គ្រប់គ្រង​មហន្តរាយ​ថៃ​កាលពី​ថ្ងៃ​សុក្រ បាន​បញ្ជា​ឱ្យ​ក្រុមមន្ត្រី​នៅ​ខេត្ត​ចំនួន​១៦ តាមដាន​អាកាសធាតុ​និង​ត្រៀមចាំ​ជួយ​ប្រជាជន​ក្នុងករណី​មានការ​សង្គ្រោះបន្ទាន់​៕ ដោយ៖ សុខា

​ទឹកជំនន់ នៅ​ខេត្ត​សា​ខន ណា​ខន នៅ​ភាគ​ឦសាន​នៃ​ប្រទេស​ថៃ