ទឹកជំនន់​បង្ខំ​អោយ​មនុស្ស​រាប់ពាន់នាក់​ចាក​ចេញពីផ្ទះ​សម្បែង​នៅ​មី​យ៉ាន់​ម៉ា​

2857
ចែករម្លែក

ទឹកជំនន់បានបង្ខំអោយមនុស្សរាប់ពាន់នាក់ចាកចេញពីផ្ទះរបស់គេនៅមីយ៉ាន់ម៉ាភាគអាគ្នេយ៍ កាលពីថ្ងៃសុក្រទី២៧កក្កដា ខណៈអាជ្ញាធរនិងអ្នកស្ម័គ្រចិត្តបានខិតខំផ្តល់ស្បៀងនិងជំនួយដល់ជនរងគ្រោះ។

ការធ្លាក់ភ្លៀងខ្លាំងនៅក្នុងរដ្ឋការេន រដ្ឋមននិងតំបន់បាហ្គោ នៅប៉ុន្មានថ្ងៃមកនេះ មិនបានបង្ហាញសញ្ញាថមថយទៅវិញទេ ជាហេតុនាំអោយមានការព្រួយបារម្ភអំពីហេតុការណ៍អាក្រក់ដែលនឹងចូលមកដល់។

រូបភាពនិងវីដេអូ បានបង្ហាញពួកអ្នកស្រុកនៅក្រុងប៉ាអាន់នៃរដ្ឋការេននាំគ្នាដើរលុយទឹកតាមវិថីដែលបានក្លាយជាទន្លេ ខណៈអ្នកទៀតត្រូវបង្ខំអោយភៀសខ្លួនដោយថ្មើរជើងកាត់ទឹកត្រឹមចង្កេះ។

មណ្ឌលបណ្តោះ​អាសន្នចំនួន១១ត្រូវបានបង្កើតឡើងសម្រាប់ដាក់ជនដែលភៀសខ្លួនចេញពីទឹកជំនន់។

ប្រធានប៉ូលិសរដ្ឋការេនបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថា មនុស្សជាង៦ពាន់នាក់ត្រូវបានភៀសខ្លួននៅប៉ាអាននិង៤ពាន់នាក់នៅមីយ៉ាវ៉ាឌី។

មន្រ្តីក្រសួងមហាផ្ទៃម្នាក់បាននិយាយថា មនុស្សប្រមាណ១៦.០០០នាក់ត្រូវបានជម្លៀសនៅទូទាំង៨ទីប្រជុំជនក្នុងរដ្ឋការេន តែចំនួនមនុស្សដែលរងផលប៉ះពាល់នៅរដ្ឋមននិងតំបន់បាហ្គោនៅមិនទាន់បញ្ជាក់ទេ។

សារព័ត៌មានរដ្ឋកាលពីថ្ងៃសុក្របានចុះផ្សាយរូបមេដឹកនាំអ៊ុងសាន ស៊ូជី ចុះទៅកាន់រដ្ឋការេន និយាយជាមួយជនរងគ្រោះ បុគ្គលិកផ្តល់ជំនួយនិងអ្នកស្ម័គ្រចិត្ត។សារព័ត៌មានThe Global New Light Of Myanmar បាននិយាយថា រដ្ឋាភិបាលបញ្ចេញប្រាក់២០០លានគីយ៉ាត(១៤ម៉ឺនដុល្លារ)ជួយដល់ជនផ្លាស់ទីជម្រកនិងការសង់ស្ពានដែលខូចខាតជាអាទិភាពសង់ស្ពាន។

តាំងពីជន់លិចមកមិនមានរបាយការណ៍អំពីការស្លាប់មនុស្សទេ៕ដោយ៖វាសនា

ការធ្លាក់ភ្លៀងខ្លាំងបង្កការលិចលង់រដ្ឋការេននៅភាគអាគ្នេយ៍ប្រទេសមីយ៉ាន់ម៉ា

#