ទឹកជំនន់​បន្ត​ការ​ជន់​លិច​នៅ​ខេត្ត​១០​របស់​ថៃ​

1197
ចែករម្លែក

​លោក ចាត់​ចៃ ព្រំ​ឡឺត ប្រធាន​គ្រប់គ្រង​គ្រោះ​មហន្ត​ថៃ បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​២​ខែសីហា​ថា ទឹកជំនន់ បន្ត​ការ​ជន់​លិច​និង​បង្ក​ផលវិបាក​នៅ​ខេត្ត​ចំនួន​១០ ជាពិសេស នៅ​តំបន់​ឦសាន​នៃ​ប្រទេស​ថៃ​។​

​លោក ចាត់​ចៃ​និយាយថា មនុស្ស ២៥១.៨៧៣ គ្រួសារ នៅ​ភូមិ​ចំនួន​៤.៦០៩ បាន​ទទួលរង​ប៉ះពាល់​ដោយ​ទឹកជំនន់ ហើយ​មនុស្ស​ចំនួន​១៤​នាក់​បាន​ស្លាប់ ដោយសារ​ផលវិបាក​នៃ​ទឹកជំនន់ កាលពី​ខែ​មុន​។​

​ខេត្ត​ចំនួន​៩​ដែល​នៅមាន​ទឹកជំនន់​ជន​លិច​នៅឡើយ​នៅ​តំបន់​ភាគ​តំបន់​ឦសាន​នោះ គឺ​ខេត្ត​អំណត់​ចា​រឿន ខេត្ត​កាឡា​សិន ខេត្ត​មុខដា​ហាន់ ខេត្ត​នគរ​ភ្នំ ខេត្ត​នគររាជ​សីមា ខេត្ត​រ៉​យ​អេ​ត ខេត្ត​សាខុន​នគរ ខេត្ត​អ៊ូ​ប៊ុន​រាជ​សីមា និង​ខេត្ត​យ៉ា​សុ​ធុន​។ ខេត្ត​មួយទៀត​គឺ​ខេត្ត​អាយុ​ធ្យា នៅ​តំបន់​ភាគ​កណ្តាល ដែល​បានទទួល​រងទឹក​ជំនន់​ដែល​ហូរ​ចេញ​យ៉ាង​លឿន​ពី​ទំនប់ទឹក​ចៅ​ប្រា​យ៉ា នៅ​ខេត្ត​ចាំ​ណាត​។​

​នៅ​ខេត្ត​សាខុន​នគរ ទឹកជំនន់​បាន​បង្ក​ផលប៉ះពាល់​ដល់​១៣៥.០៤៤​គ្រួសារ នៅ​ភូមិ​ចំនួន​១.២៦៧​និង​មនុស្ស​៩​នាក់ បាន​ស្លាប់ ។ ទឹកជំនន់​បានសម្លាប់​មនុស្ស​៣​នាក់ នៅ​ខេត្ត​រ៉​យ​អេ​ត ជាទី​ដែល មនុស្ស​១៣.៥១៥ គ្រួសារ នៅ​ភូមិ​ចំនួន​៨៤៧ បាន​ទទួលរង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​។ មនុស្ស​ចំនួន​២​នាក់ បាន​ស្លាប់​នៅ​ខេត្ត​មុខដា​ហាន់ ជាទី​ដែល​មនុស្ស​៣០.៦៣៣​គ្រួ​សារបាន​ទទួលរង​ផលប៉ះពាល់​ដោយ​ទឹកជំនន់ នៅ​ភូមិ​ចំនួន​៤០៣​។​

​លោក ចាត់​ចៃ បាន​និយាយថា ភ្លៀង​ធ្លាក់​ខ្លាំង បាន​ធ្លា​ក់លើ​តំបន់​នោះ ចាប់ពី​ថ្ងៃទី​៥​ខែកក្កដា​ដល់​ថ្ងៃទី​២​ខែសីហា ហើយ​បាន​បង្កឱ្យមាន​ទឹកជំនន់​នៅ​ភូមិ​ចំនួន​៧.៧១៣ នៃ​ខេត្ត​ចំនួន​៤៤​។ ទឹកជំនន់​នេះ បាន​ស្រក​ចុះ​នៅ​ខេត្ត​ចំនួន​៣៤៕ ដោយ៖ សុខា

ទឹកជំនន់​នៅ​ខេត្ត​សាខុន​នគរ នៅ​ថ្ងៃ​ពុក​ទី​២​ខែសីហា