ទឹកជំនន់​ភ្លាមៗ​និង​ការបាក់​ដី​បង្កឡើង​ដោយ​ទឹកភ្លៀង​សម្លាប់​មនុស្ស​១៤​នាក់​នៅ​វៀតណាម​

760
ចែករម្លែក

ការជន់លិចភ្លាមៗនិងការបាក់ដីបង្កឡើងដោយការធ្លាក់ភ្លៀងខ្លាំងនៅបណ្តាខេត្តភាគខាងជើងនិងកណ្តាលបណ្តាលអោយស្លាប់មនុស្ស១៤នាក់។

ខេត្តថាញ់ហ័រនៅវៀតណាមកណ្តាល ទទួលរងគ្រោះថ្នាក់ខ្លាំងជាងគេ ដោយមនុស្ស៩នាក់ត្រូវបានគេរាយការណ៍ថាស្លាប់និង៣នាក់កំពុងបាត់ខ្លួននៅទីនោះ។ខេត្តភាគខាងជើងហ័រប៊ិញ,ឡាយចាវ,ឡាង សុន,សុនឡានិងយេនបាយបានរាយការណ៍អំពីការស្លាប់មនុស្សម្នាក់ៗគិតមកត្រឹមថ្ងៃអង្គារទី៤កញ្ញា។

បុរសម្នាក់អង្គុយលើផ្ទះដែលលិចសល់តែដំបូលនៅក្នុងខេត្តថាញ់ហ័រកាលពីថ្ងៃសៅរិ៍

របាយការណ៍បានអោយដឹងទៀតថា ផ្ទះជាង៣៦០ត្រូវបានទឹកបក់នាំយកទៅ មនុស្ស៧៥០គ្រួសារត្រូវបានជម្លៀស និងស្រូវ៦.៥៣៤ហិចតាត្រូវបានទឹកបំផ្លាញ។

ចាប់តាំងពីថ្ងៃ២៩សីហាមក ខេត្តភាគខាងជើងនិងកណ្តាលថាញ់ហ័រនិងង៉េអាន រងការធ្លាក់ភ្លៀងយ៉ាងខ្លាំងរហូតដល់២០០មីលីម៉ែត្រ។

នៅថាញ់ហ័រ ភ្លៀងបានបង្កជំនន់និងការបាក់ដីដ៏អាក្រក់បំផុតដោយបានកាត់ផ្តាច់ភូមិនិងទីប្រជុំជនជាច្រើន។ពួកអ្នកស្រុកបានបន្ទោសមួយផ្នែកលើការបញ្ចេញទឹកពីទំនប់វារីអគ្គិសនីមួយនៅតំបន់នោះ។

នៅឡាយចាវ ការបាក់ដីបានរារាំងផ្លូវជាតិនិងធ្វើអោយស្ទះចរាចរណ៍រាប់ម៉ោងកាលពីថ្ងៃចន្ទ។

កាលពីកន្លះខែមុន មនុស្ស១០នាក់ក៏ត្រូវបានសម្លាប់និង២នាក់បាត់ខ្លួន ខណៈព្យុះមួយប្រែជាវិសម្ពាធត្រូពិចនិងនាំទឹកភ្លៀងបង្កជាជំនន់នៅខេត្តថាញ់ហ័រ៕ដោយៈវាសនា