ទឹកត្រី​កំពត​កំពុង​អភិវឌ្ឍ​ដើម្បី​ឆ្ពោះទៅកាន់​ទីផ្សារ​អន្តរជាតិ​

451

(កំពត​)៖ ជាមួយនឹង​រសជាតិ​ឈ្ងុយឆ្ងាញ់ និង​មានឈ្មោះ​ល្បី​ក្នុងប្រទេស​ជា​យូរ​មកហើយ​នោះ បច្ចុប្បន្ន​អ្នក​ផលិត​ទឹកត្រី​កំពត កំពុង​ប្រឹងប្រែង​អភិវឌ្ឍ​ផលិតផល​របស់ខ្លួន ដើម្បី​ឈាន​ឆ្ពោះទៅ​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​។​

​លោក ចាន់ ស៊ីថា ម្ចាស់​ផលិត​ទឹកត្រី​កំពត​យីហោ អ៊ី​ឆេ ង៉ូ​វ​ហេង មាន​ទីតាំង​ក្នុងភូមិ​តា​អង្គ សង្កាត់​ត្រើយ​កោះ ក្រុង​កំពត​បាន​រៀបរាប់ថា ដោយមាន​ចំណេះ​ជំនាញ​ពី​ដូនតា គួបផ្សំ​នឹង​បានទទួល​ការបណ្តុះបណ្តាល​បន្ថែម ទើប​លោក​ចាប់ផ្តើម​ចំណាយ​ទុន​បើក​អាជីវកម្ម​ផលិត​ទឹកត្រី​កាលពី​ឆ្នាំ​១៩៩៥​។ ជាមួយ​ការយកចិត្តទុកដាក់​ទាំ​ង​ផ្នែក​សោភ័ណភាព ទាំង​គុណភាព ផលិតផល​របស់លោក ចាប់ផ្តើម​មានឈ្មោះ​ល្បី នៅ​ទូទាំងប្រទេស​ក្នុង​ឆ្នាំ​២០០០ ក្រោយមក​ក៏​បានការ​ទទួលស្គាល់ថា មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ ពី​អ្នកជំនាញ​នៃ​ប្រទេស​ជប៉ុន​។ ផ្អែកលើ​តម្រូវការ លោក​ក៏បាន​បង្កើន​ទំហំ​សេវាកម្ម ដោយ​ពង្រីក​ទាំង​ធនធាន ទាំង​កម្លាំង​ពលកម្ម ដែល​មកដល់​សព្វថ្ងៃ​បាន និង​កំពុង​ប្រើប្រាស់​កម្លាំង​ពលកម្ម​ចំនួន​៤០​នាក់​។

​ម្ចាស់​សិប្បកម្ម​បានបញ្ជាក់​ថា កន្លងមក ក្រៅពី​ការ​ចរាចរណ៍​នៅតាម​ផ្សារ​សំខាន់ៗ ក្នុងប្រទេស ទឹកត្រី​របស់លោក​ធ្លាប់​នាំយកទៅ​សហរដ្ឋអាមេរិក​ដែរ ប៉ុ​ន្ត​ក្រោយមក​បាន​រាំងស្ទះ​លើ​បញ្ហា​មួយចំនួន ដូចជា​ដើមទុន បច្ចេកទេស​ជាដើម​។ ពេលនេះ លោក​កំពុង​ខិតខំ​អភិវឌ្ឍ​បន្ថែម ដើម្បី​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បន្តទៀត​។

​ជុំវិញ​ករណីនេះ លោក ចាន់ ស៊ីថា បាន​សំណូមពរ​ចំពោះ​មន្ត្រី​ពាក់ព័ន្ធ សូម​សហការ​បង្កលក្ខណៈ​ងាយស្រួល​ដល់​សិប្បកម្ម​របស់លោក ក៏ដូចជា​សហគ្រាស​ផលិត​ទឹកត្រី​នានា ក្នុង​ខេត្តកំពត ដើម្បី​ជំរុញ​ឱ្យ​ផលិតផល​ដែល​ធ្លាប់មាន​ឈ្មោះ​ល្បី​នេះ ត្រូវបាន​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​។​

​ពាក់ព័ន្ធ​នឹង​ដំណើរ​ការផលិត​ទឹកត្រី​វិញ លោក​ចាន់ ស៊ីថា បាន​រៀបរាប់ថា ដើម្បី​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ការផលិត​ទឹកត្រី​ត្រូវ​ប្រើ​វត្ថុធាតុដើម​ពីរ​ជាសំខាន់ គឺ​អំបិល និង​ត្រី​កា​កឺ​ម​។ វត្ថុធាតុដើម​ទាំងពីរ​នេះ ត្រូវ​ចាក់​ចូលគ្នា​ត្រាំ​បន្ទុំ​ក្នុង​ធុង​ឈើ​ធំៗ រយៈពេល​មួយឆ្នាំ​ពេញ​។ ត្រង់​កន្លែង​ដាក់​ធុង​ទាំងនោះ ចាំបាច់​ត្រូវធ្វើ​ដំបូល​យ៉ាង​ទាប ដើម្បី​ទទួល​កម្តៅ​គ្រប់គ្រាន់​ក្នុងការ​រំហួត​ចំហាយ​ទឹក​ឱ្យអស់ ដោយ​រក្សាទុក​តែ សារធាតុ​ប្រូ​តេ​អ៊ិន ដែល​ចេញពី​សាច់​ត្រី​ប៉ុណ្ណោះ​។

​លោក ស៊ីថា បញ្ជាក់ថា ទោះបី​ក្នុង​មួយ​ធុងៗ ត្រូ​បន្ទុំ​រហូត​ពេញ​មួយឆ្នាំ​ក្តី តែ​អ្នកបច្ចេកទេស​ចាំបាច់ ត្រូវ​តាមដាន​ជានិច្ច បើ​មិន​ដូ​ច្ចោះ​ទេ នោះ​ទឹកត្រី​នឹងត្រូវ​ខូច​អសារ​បង់​ទាំងស្រុង​។ ម្ចាស់​សិប្បកម្ម​ក៏បាន​ត្អូញត្អែរ​ផងដែរ​ថា សព្វថ្ងៃ​ការរក​ទិញ​ត្រី​កា​កឺ​ម​ជួប​បញ្ហាលំបាក ព្រោះ​អ្នក​ចិញ្ចឹម​ត្រី​រ៉ស់​សម្រុក​ទិញយក​ទៅធ្វើជា​ចំណី​ឱ្យ​ត្រី​របស់​ពួកគេ​ដែរ​។​

​លោក សុខ គឹម​ជឿន ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តកំពត បាន​ប្រាប់​ឱ្យដឹងថា បច្ចុប្បន្ន​នៅ​ខេត្តកំពត មាន​សិប្បកម្ម​ផលិត​ទឹកត្រី​ចំនួន​ប្រាំពីរ​កន្លែង ដែល​អាច​ផលិត​បាន​ប្រមាណ​៧០​ម៉ឺន​លីត្រ ក្នុង​មួយឆ្នាំៗ​។ ក្នុងនោះ មាន​សិប្បកម្ម​មួយ​ប៉ុណ្ណោះ ដែល​កន្លងមក​ត្រូវបាន​ទទួលស្គាល់​ពី​វិទ្យាស្ថាន​ស្តង់ដារ​ថា ផលិតផល​នោះ​មាន​លក្ខណៈ​ជា​ខ្នាត​អន្តរជាតិ ហើយ​ធ្លាប់​នាំទៅ​កាន់​សហរដ្ឋអាមេរិក​ផងដែរ​។
​ក្រោយមក​ត្រូវបាន​បដិសេធ​វិញ ព្រោះតែ​រនាំង​បច្ចេកទេស​។​

​លោក​ប្រធាន​មន្ទីរ​បញ្ជាក់ថា បើ​គ្រប់​សិប្បកម្ម​គោរព​បាន​តាម​គោលការណ៍ នៃ​វិទ្យាស្ថាន​ស្តង់ដារ នោះ​ផលិតផល​របស់ខ្លួន នឹងត្រូវ​បានទទួល​ស្គាល់ ហើយ​អាច​នាំយក​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ជាក់​ជាមិនខាន​។ តាម​ការស្វែងយល់​ឃើញ​ថា អាជីវកម្ម​នេះ​ជួប​ការលំបាក​ច្រើន​ទាំង​បច្ចេកទេស ទាំង​ការប្រើប្រាស់​ធនធាន ដ្បិត​មុននឹង​ទទួលផល​ពី​ការចំណាយ​ដើមទុន អ្នក​ផលិត​ត្រូវ​រង់ចាំ​រហូត​ពេញ​មួយឆ្នាំ​។
​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា វិធី​ល្អ​នោះ គឺ​គ្រប់​ម្ចាស់​សិប្បកម្ម​គួរ​ចងក្រង​ជា​សមាគម ដើម្បីឱ្យ​ដំណើរការ​គ្រប់យ៉ាង ប្រកបដោយ​ភាពរលូន​ទាំង​ផ្នែក​គុណភាព ទាំង​ការរក​ទីផ្សារ​។ ករណីនេះ ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​គិតគូរ ដើម្បី​ជំរុញ​ឱ្យ​ផលិតករ​វេញ​ចូលគ្នា​ជា​ធ្លុង​មួយ បំណង​រក្សា​ឈ្មោះ​ផលិតផល​ប្រចាំខេត្ត​បន្ត​បោះ​សំឡេង​ទាំង​ថ្នាក់ជាតិ ទាំង​អន្តរជាតិ​៕​ ​ដោយ ៖បូកគោ​

ទឹកត្រី​កំពត​កំពុង​អភិវឌ្ឍ​ដើម្បី​ឆ្ពោះទៅកាន់​ទីផ្សារ​អន្តរជាតិ​ (រូប៖ បូកគោ)