ទឹកទន្លេ​មេគង្គ​ជន់​លិច​ផ្លូវ​វាង​ស្ពាន​អូរ​កណ្តោល​ស្រុក​កងមាស​

2109
ចែករម្លែក
  • 390
    Shares

កំពង់ចាម​៖ នៅ​ព្រឹក​ថ្ងៃទី​១ ខែសីហា​នេះ ទឹកទន្លេ​មេគង្គ​បាន​ជន់​លិច​ផ្លូវ​វាង ការដ្ឋាន​ស្ពាន​អូរ​កណ្តោល ស្រុក​កងមាស នៃ​កំណាត់​ផ្លូវជាតិ​លេខ​៧០ (​ព្រៃទទឹង​-​ពាមជីកង​) ហើយ​។ ប៉ុន្តែ​ខាង​អាជ្ញាធរ​បាន​បាន​សហការ​ជាមួយ​ខាង​ការដ្ឋាន​ស្ពាន​មួយ​នេះ លើដី​ចាក់​បំពេញ​ក្បាលស្ពាន​ទាំងសងខាង ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ លើ​ស្ពាន​ថ្មី​ដែល​កំពុងដំណើរការ​សាងសង់​បាន​ប្រមាណ ៩០ ភាគរយ​ឲ្យ​ចរាចរ​ជា​បណ្តោះអាសន្ន​សិន​។​

​លោក មឿ​ន ផា អភិបាលស្រុក​កងមាស​បាន​ឲ្យ​កាសែត​រស្មី​កម្ពុជា ខណ​:​ដែល​លោក​កំពុង​នៅ​ចាត់ចែង​កន្លែង​មានទឹក​លិច​ថ្នល់​នោះ​ថា ផ្លូវ​វាង​ស្ពាន​អូរ​កណ្តោល​ដែល​ស្ថិត​ក្នុងភូមិ​អូរ​កណ្តោល ឃុំ​ព្រែក​កំ​បៅ ស្រុក​កងមាស​ត្រូវបាន​ទឹកជំនន់​ទន្លេមេគង្គ​បាន​ជន់​លិច​នៅ​ម៉ោង​ប្រហែល ១០​ព្រឹក​ថ្ងៃទី ០១​សីហា​នេះ​។

​លោក​អភិបាលស្រុក​បាន​ឲ្យ​ដឹងថា វេលា​នោះបាន​ផ្អាក​ចរាចរ​ជា​បណ្តោះអាសន្ន ដើម្បី​ឲ្យ​ខាង​លោក​បាន​សហការ​ជាមួយ​ខាង​ការដ្ឋាន​ស្ពាន​ចាក់ដី​បំពេញ​ក្បាលស្ពាន​ទាំងពីរ ដើម្បី​ឲ្យ​ធ្វើចរាចរ​នៅលើ​ស្ពាន​ដែល​កំពុង​សាងសង់​បាន​ប្រហាក់ប្រហែល​នឹង​ស្ពាន​កោះ​ប៉ែន​ដែរ ជា​បណ្តោះអាសន្ន​សិន​។

​លោក មឿ​ន ផា បាន​បន្តថា បើ​មិន​ធ្វើបែបនេះ​ទេ ការធ្វើដំណើរ​លើផ្លូវ​ជាតិ​លេខ​៧០ ភ្ជាប់​គ្នា​រវាង​ទីរួមស្រុក​ព្រៃឈរ និង ទីរួមស្រុក​កងមាស នឹងត្រូវ​កាត់ផ្តាច់​ទាំងស្រុង ពិសេស​រថយន្ត​គ្រប់​ប្រភេទ​បើកបរ​វាង​ទៅ​ក្រុង​កំពង់ចាម ហើយ​បាន​បើក​តាមផ្លូវ​មាត់ទន្លេ​។ ចំណែក​អ្នកដំណើរ​ថ្មើ​ជើង កង់ និង ម៉ូតូ ត្រូវ​ឆ្លង​ទូកដ​។

​លោក​អភិបាលស្រុក​បាន​បន្តថា ស្រុក​កងមាស​ក្រៅពី​លិច​កំណាត់​ផ្លូវ​វាង​ស្ពាន​អូរ​កណ្តោល​ខាងលើនេះ គឺ​នៅ​មិនទាន់មាន​លិច​កំណាត់​ផ្លូវ​សំខាន់​ណា​ផ្សេង​គួរ​ឲ្យ​កត់សម្គាល់​ទេ បើទោះជា​កម្ពស់​ទឹកទន្លេ​មេគង្គ នៅ​ព្រឹក​ថ្ងៃទី​១​សីហា​នេះ បាន​ឡើងដល់ ១៤,៦២ ម៉ែត្រ គឺ​ខ្ពស់ជាង​ថ្ងៃទី ៣១ កក្កដា ០,០៨ ម៉ែត្រ​យ៉ាងណាក្តី​៕ ដោយ​៖ ភោគ សម្បត្តិ​