ទឹកទន្លេ​មេគង្គ​ឡើងជា​លើក​ទី​២​អាច​បណ្តា​លពី​ការបើក​បង្ហូរ​របស់​វា​រី​អគ្គិសនី​ឬ​ដល់​រដូវ​ទឹកជោរ​នែក​

363
ចែករម្លែក
  • 1
    Share

ដោយ​:គង់​ហេង​/កំពង់ចាម ៖ ជំនន់​ទន្លេមេគង្គ​បាន​ហក់​ឡើង​ខុស​ប្រក្រតី​ចំនួន​បួន​ថ្ងៃ​ជាប់​គ្នា​ជា​លើក​ទី​២ បណ្តាល​ឲ្យ​អ្នក​ប្រកប​អាជីវកម្ម​ពី​ទន្លេ​មួយ​នេះ​សម្តែង​ការបារម្ភ​ជាថ្មី​។ ប៉ុន្តែ​ខាង​មន្ត្រី​ធនធាន​ទឹកបាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រក​បរបរ និង​អាស្រ័យ​ផល​ពី​ទន្លេ​នេះ​ទាំងអស់ កុំ​មានការ​ភិតភ័យ​ព្រួយ គឺ​នេះ​អាច​បណ្តា​លពី​ការបើក​​​បង្ហូរ​ទំនប់​វា​រី​អគ្គិសនី​រយ​:​ពេល​ខ្លី ផ្នែក​ខាងលើ នៃ​អាង​ទន្លេមេគង្គ ឬក៏​បង្ហាញ​សញ្ញា​ចូលដល់​រដូវ​ទឹកជោរ​នែក​របស់​ទន្លេ​នេះ​ជា​បណ្តើរៗ​ហើយ​។​

លោក អ៊ុ វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី ៤ មីនា​នេះ​ថា ទឹកទន្លេ​មេគង្គ​ពិតជា​បាន​ហក់​ឡើង​កម្ពស់ ០,៤៤ ម៉ែត្រ​ចាប់ពី​ថ្ងៃទី ១ ដល់ ៤ មីនា​នេះ​មែន នៅ​ស្ថានីយឧតុនិយម​ខេត្តកំពង់ចាម​។ ប៉ុន្តែ​សន្ទុះ នៃ​ការ​ហក់​ឡើង​នេះ​ហាក់​បាន​ថយចុះ បើ​ប្រៀបធៀប​ទៅនឹង​ការឡើង​បី​ថ្ងៃមុន​នោះ​។ ទឹក​នេះ​អាច​នឹង​ស្រក​ចុះ​វិញ​ក្នុង​រង្វង់​ពីរ ទៅ​បី​ថ្ងៃ​ខាងមុខ​ទៀត​។​

លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹងថា ការ​ជន់​ឡើង​របស់​ទឹកទន្លេ​ជា​លើក​ទី​២ នេះ​អាច​បណ្តាលមកពី​ការបើក​បង្ហូរទឹក​រប​ស់វា​រី​អគ្គិសនី នៅ​ប៉ែក​ខាងលើ នៃ​អាង​ទន្លេមេគង្គ ឬក៏​បង្ហាញ​ពី​ការចូល​មកដល់​រដូវ​ទឹកជោរ​ឡើង និង​នែក​ចុះ​វិញ​ជា​រឿង​ធម្មតា​របស់​របប​ទឹកទន្លេ​នេះ​។ ពិសេស​ខាង​លោក​បានធ្វើ​ការប្រមូល​ព័ត៌មាន​ពី​គ្រប់​ស្ថានីយឧតុនិយម​ផ្នែក​ខាងលើ​ទន្លេមេគង្គ​រួចរាល់​ហើយ គឺ​ប៉ុន្មាន​ថ្ងៃនេះ​គ្មាន​ភ្លៀង​ព្យុះ​ដែល​បង្ក​ឲ្យ​ទឹកទន្លេ​ឡើង ដូច​កាលពីដើមឆ្នាំ​២០១៩​នោះទេ​។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រកប​របរ​អាជីវកម្ម​ដូច​ធម្មតា​។​

លោក ប៊ុន ដា​រ៉ា ម្ចាស់​ស្ពាន​ប្រដឹស​ឬ​ស្សី និង​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​បាន​ឲ្យ​ដឹងថា នៅ​ចុង​សប្តាហ៍​នេះ​ទឹកទន្លេ​មេគង្គ​បាន​រំខាន​ដល់​អាជីវកម្ម​ម្តងទៀត គឺ​បាន​បង្ខំ​ឲ្យ​ខាង​ក្រុម​ជាង​ស្ពាន​មក​បោះ​ដំ​បង្គោល​ដែល​ចរន្តទឹក​ទន្លេមេគង្គ​ហូរ​បុក​ហើប​បង្គោល​ស្ពាន ,​ជញ្ជូន​បេ​ខ្សាច់​ដាក់​សង្កត់​ស្ពាន​បន្ថែម ,​ពង្រាយ​បោះ​យុទ្ធ​ការជួយ​ប្រឆាំងនឹង​ចរន្តទឹក​ហូរ និង​ត្រៀម​ដើម​ឬ​ស្សី​ចំនួន ១០០ ដើម បង្ការ​ដើម្បី​ជួស​ជុស​តំបន់​ខូចខាត​។ ប៉ុន្តែ​ជំនន់​លើក​នេះ​មិន​ប៉ះពាល់​ដល់​ភ្ញៀវ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​លេង កម្សាន្ត​នៅ​រមណី​ដ្ឋា​ន​នោះទេ​។​

ម្ចាស់​ឬ​ស្សី​កោះ​ប៉ែន​បាន​បន្តថា នេះ​គ្រាន់​ជាការ​បារម្ភ​សាជាថ្មី​ម្តងទៀត ដោយ​កាលពី​ជំនន់​ខុសរដូវ​កាលពីដើម​ខែមករា ២០១៩ កន្លងទៅ គឺ​បាន​ចាប់បង្ខំ​ឲ្យ​លោក​ចំណាយ​ទុន​ជួសជុល​អស់​ជិត​មួយ​ម៉ឺន ដុល្លារ​អាមេរិក​ជា​លើក​ទី​២ ក្រោយពី​ចំណាយ​ទុន​ប្រហែល​​ជិត បី​ម៉ឺន ដុល្លារ​ដើម្បី​សាងសង់​ដំណើរការ​អាជីវកម្ម​មិនទាន់បាន មួយ ខែ​ត្រឹមត្រូវ​ផង​នោះ​៕​B/