ទឹកទន្លេ​មេគង្គ នៅ​ស្ទឹងត្រែង ចាប់ផ្តើម​ស្រក រីឯ​នៅ​ក្រចេះ ត្បូងឃ្មុំ និង​កំពង់ចាម ក៏​នឹង​ស្រក​នៅ​ថ្ងៃទី​៣​សីហា​

805
ចែករម្លែក

​ដោយៈ ម៉េង​ឆៃ​,​ប​.​ខុន​/ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ចាប់តាំងពី​ព្រឹក​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០១៨ ទឹកទន្លេ​មេគង្គ ក្នុង​ខេត្តស្ទឹងត្រែង បាន​បន្ត​ស្រក​ចុះ មក​នៅត្រឹម​កម្ពស់ ១០,៧៩ ម៉ែត្រ (​កម្ពស់​​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១០,៧០ ម៉ែត្រ​)​។ ដោយឡែក ទឹកទន្លេ​មេគង្គ​លើ នៅ​ខេត្តក្រចេះ ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម កម្ពស់​ទឹកនឹង​ស្រក​ចុះ ចាប់ពី​ថ្ងៃទី​៣ ខែសីហា​។​

ទឹកទន្លេ​មេគង្គ​នៅ​ខេត្តស្ទឹងត្រែង​ថ្ងៃ​ទី២​ខែសីហា​(​រូប​ធនធានទឹក​)

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស​ពី​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​កម្ពស់​ទឹកជំនន់​ទន្លេមេគង្គ​លើ កាលពី​រសៀល​ថ្ងៃទី​២ ខែសីហា​ដោយ​បង្ហាញថា ទឹកទន្លេ​មេគង្គ​លើ បាន​ស្រក​ចុះ និង​បន្ត​ស្រក​ចុះ ជា​បន្ត​បន្ទាប់​បន្ថែមទៀត​។ នៅ​ថ្ងៃទី​៣ ខែសីហា ក្រសួង​ធនធានទឹក និង​ឧតុនិយម ព្យាករ​ថា កម្ពស់​ទឹក នៅ​ទន្លេ​មេគង្គ​ខេត្តស្ទឹងត្រែង ទឹក​អាច​ស្រក​មក​នៅក្នុង​កម្ពស់ ១០,៥៣ ម៉ែត្រ ក្រោម​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​។ រីឯ​ទន្លេមេគង្គ ខេត្តក្រចេះ ទឹក​អាច​ស្រក​មក​នៅក្នុង​កម្ពស់ ២១,៦៥ ម៉ែត្រ​។​

​ ​ក៏ប៉ុន្តែ​ក្រសួង​បានប្រកាសថា ទឹកទន្លេ​មេគង្គ នៅ​ខេត្តកំពង់ចាម អាច​បន្ត​កើនឡើង​បន្តិច​បន្ថែមទៀត មុននឹង​ចាប់​ស្រក​ចុះ នៅ​ថ្ងៃទី​៤ ខែសីហា​។ រីឯ​ចំពោះ​ទន្លេមេគង្គ​ក្រោម ទន្លេបាសាក់ និង​ទន្លេសាប ទឹកនឹង​បន្ត​កើន​ឡើង​សន្សឹមៗ ក្នុង​រយៈពេល ១-២​ថ្ងៃ​បន្ថែមទៀត​។​

​ ​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករ​កម្ពស់​ទឹកជំនន់ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅ​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០១៨ គិត​ត្រឹម​ម៉ោង ៧ ព្រឹក បង្ហាញថា តាម​បណ្តា​ស្ថានីយ​ជលសា​ស្ត្រ ទាំង ៨​កន្លែង គឺ​ទឹកទន្លេ នៅ​ថ្ងៃទី​២ ខែសីហា បាន​កើនឡើង​បន្តិចបន្តួច បើ​ធៀប​នឹង​ថ្ងៃទី​១ ខែសីហា លើកលែងតែ​នៅ​ទន្លេមេគង្គ ខេត្ត​ស្ទឹងត្រែង កម្ពស់​ទឹកបាន​ថយចុះ​។​នៅ​ថ្ងៃទី​២ ខែសីហា កម្ពស់​ទឹក​នៅ​ទន្លេមេគង្គ ក្នុង​ខេត្តក្រចេះ កំពង់ចាម ទន្លេបាសាក់​-​ចតុមុខ ទន្លេមេគង្គ​-​អ្នក​លឿង ទន្លេបាសាក់​-​កោះ​ខែល ទន្លេសាប​-​ព្រែក​ក្តាម និង​បឹង​ទន្លេសាប​-​កំពង់ហ្លួង កម្ពស់​ទឹក បាន​កើនឡើង បើ​ធៀប​នឹង​ថ្ងៃទី​១ ខែសីហា ។ ក្នុងនោះ នៅ​ទន្លេបាសាក់ កោះ​ខែល ក្នុង​ខេត្តកណ្តាល គឺ​កម្ពស់​ទឹកបាន​ឡើង​លើស​កម្រិត​កម្ពស់​ប្រុងប្រយ័ត្ន​។​

​ដោយឡែក គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានប្រកាសថា ទឹកជំនន់​ទន្លេមេគង្គ ចាប់តាំងពី​ចុងខែ​កក្កដា បាន​បណ្ដាល​ឲ្យ​លិច​ខេត្ត​ចំនួន ៤ គឺ​ខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម ដោយ​ស្រុក​ចំនួន ១៦ រង​ផលប៉ះពាល់​។ ក្នុងនោះ ខេត្តស្ទឹងត្រែង មាន ៣​ស្រុក ខេត្តក្រចេះ ៥​ស្រុក ខេត្តកំពង់ចាម ៥​ស្រុក និង​ខេត្ត​ត្បូងឃ្មុំ​មាន ៣​ស្រុក ហើយ​ប្រជាពលរដ្ឋ ដែល​រង​ការប៉ះពាល់ ត្រូវបាន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិ​ភាព​មាន​ចំនួន​ជាង ១​ម៉ឺន ៧​ពាន់​គ្រួសារ​។ ក្រៅពីនេះ ដំណាំ​ស្រែចម្ការ​សរុប​ជាង ៣​ពាន់​ហិកតា បាន​លិច​ទឹក ហើយ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ និង​វត្ត​អារាម​ជាច្រើន​ទៀត ក៏​កំពុងតែ​ទទួលរង​ផលប៉ះពាល់​ផងដែរ​៕