ទឹកទន្លេ នៅ​ថ្ងៃ​បុណ្យអុំទូក សល់​កម្ពស់​ទាប និង​ហូរ​ខ្លាំង​

986

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ទឹកទន្លេ​សាប នៅមុខ​ព្រះបរមរាជវាំង ដែល​បាន​ស្រក ចុះ​លឿន​ជា​លំដាប់ ដោយសារ​ទឹកទន្លេ​មេគង្គ គ្មាន​ជំនន់​លើក​ទី​២ និង​ម្យ៉ាង​ដោយសារ​ពេលនេះ ជា​ខែរនោច ទឹកសមុទ្រ​នាជ​ខ្លាំង​។ ទោះជា​យ៉ាង​ដល់​អំឡុង​ថ្ងៃ​ពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ទឹកទន្លេ​សាប នៅមុខ​ព្រះបរម​រាជវាំង​នៅសល់​ក្នុង រង្វង់​កម្ពស់ ៥ ម៉ែត្រ និង​មាន​ចរន្តទឹក​ហូរ​ចេញ​ខ្លាំង​។

ទិដ្ឋភាពបុណ្យអុំទូកនាឆ្នាំកន្លងទៅ(រូបថតគន្ធា)

​ ​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធន ធាន​ទឹក និង​ឧតុនិយម បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​២​ខែវិច្ឆិកា​នេះ​ថា ទឹកទន្លេ​សាប នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ បាន​ហូរ​ចេញ​ខ្លាំង​ពេញបន្ទុក និង​ស្រក​លឿន ដោយសារ​ទឹកទន្លេ​មេគង្គ គ្មាន​ជំនន់​លើក​ទី​២​។ ទឹកទន្លេ​មេគង្គ នៅពេលនេះ (២​វិច្ឆិកា​) ស្រក​ចុះ​យ៉ាងខ្លាំង​មួយថ្ងៃ ជិត​មួយ​តឹក​។​

​ ​ទឹកទន្លេ​សាប​ដែល​ស្រក​ចុះ​យ៉ាង​លឿន​នេះ ត្រូវបាន​លោក​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ បញ្ជាក់ថា មិនមែន​ដោយសារ​ទឹកទន្លេ​មេគង្គ គ្មាន​ជំនន់​លើក​ទី​២​មួយ​មុខ​នោះទេ គឺ​ដោយសារ​នៅក្នុង​ខែរនោច​នេះ ទឹកសមុទ្រ​នាជ​ខ្លាំង បាន​ស្រូបយក​លំហូរ​ទឹកទន្លេ​ខ្លាំង តែ​ចូលដល់​ខែខ្នើត ទឹក​ស្រក​យឺត​វិញ​ហើយ​។ ធម្មតា ទឹក​នៅ​ស្ថានីយ​ជលសា​ស្ត្រ​ទន្លេបាសាក់​ចតុមុខ ស្រក​ចុះ​ក្នុង​មួយថ្ងៃ តែ​ពី ពីរ​ទៅ​បួន​ហ៊ុន​ទេ តែ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ មួយថ្ងៃ​ទឹក​ស្រក​មួយ​តឹក​។​

​ ​លោក​ចាន់ យុ​ត្ថា បាន​ឲ្យ​ដឹង​ទៀតថា ទឹក​បឹង​ទន្លេសាប នៅ​ខ្ពស់ ឯ​ទឹកទន្លេ​មេគង្គ ស្រក​ចុះ​ទាប​ខ្លាំង (​បើ​ធៀប​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំមុនៗ​) ធ្វើ​ឲ្យ​ចរន្តទឹក​ហូរ​ចេញពី​បឹង​ទន្លេសាប មាន​កម្លាំង​ខ្លាំង​។ ធម្មតា​ទឹកទន្លេ​មេគង្គ ក្នុង​មួយ​រដូវវស្សា មាន​ជំនន់​ពីរដង តែ​នៅ​ឆ្នាំនេះ មាន​ជំនន់​កើតឡើង​តែម្តង រួច​ក៏​ចាប់ផ្តើម​ស្រក​ចុះ​រហូត​តាំងពី​ចុងខែ​កញ្ញា​មក​។ ទោះបីជា​យ៉ាងណា ក៏​ក្នុងអំឡុងពេល​បុណ្យអុំទូក​ខាងមុខ ទឹក​នៅក្នុង​ទន្លេ កន្លែង​ប្រារព្ធ​ពិធី​បុណ្យ​នេះ នៅសល់​កម្ពស់​ក្នុង​រង្វង់ ៥​ម៉ែត្រ​ដែរ​។ កម្ពស់​ទឹក​នេះ​ទាប តែ​នៅ​ឆ្នាំ​ខ្លះ បុណ្យអុំទូក មានទឹក​នៅ​សល់​តែ​ជាង ៤ ម៉ែត្រ ក៏មានដែរ​។​

​ ​ព្រះរាជពិធីបុណ្យ​អុំទូក ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកាគឺ​ចំពេល​ស្ថានភាព​ទឹកទន្លេ នៅសល់​កម្ពស់​ទាប និង​ហូរ​ខ្លាំង​។​

​ ​យោងតាម​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យា​រក​ណ៍​កម្ពស់​ទឹកជំនន់​របស់​ក្រសួង​ធនធានទឹក ថ្ងៃទី​២ ខែវិច្ឆិកាបាន​បង្ហាញ​​ថា ទឹក​នៅ​ចតុមុខ មាន​កម្ពស់ ៥,៩១ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១​ខែវិច្ឆិកា ០,១០ ម៉ែត្រ ទាប​ជាង​ឆ្នាំមុន (២០១៧) ១,០២ ម៉ែត្រ​និង​ទាប​ជាង​រយៈពេល​មធ្យម​ច្រើន​ឆ្នាំ ១,៩០ ម៉ែត្រ​។ ចំណែកឯ​ទឹក​បឹង​ទន្លេសាប​វិញ មាន​កម្ពស់ ៦,៩៧ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១ ខែវិច្ឆិកា ០,០៧ ម៉ែត្រ​៕សរន

ទិដ្ឋភាពបុណ្យអុំទូកនាឆ្នាំកន្លងទៅ(រូបថតគន្ធា)