ទឹកធ្លាក់​ប្រាំបួន​ជាន់​លាក់ខ្លួន​ក្នុង​ដងព្រៃ​ក្លាយជា​រមណីយដ្ឋាន​ដ៏​សែន​មនោ​រម្យ​

780

(​កំពត​)៖​ទឹកធ្លាក់​ប្រាំបួន​ជាន់​ស្ថិតក្នុង​ជ្រលង​ដងព្រៃ​ឆ្ងាយ​ផុត​ភូមិឋាន​អ្នកស្រុក និង​ខណ្ឌ​ចែក​ដែន​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​បាន និង​កំពុង​ក្លាយ​ជាទី​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​មនោ​រម្យ​សម្រាប់​ទេសចរ​ទាំងឡាយ​។​មណ្ឌល​កម្សាន្ត​នេះ​ស្ថិតក្នុង​ទឹកដី​ភូមិ​តេ​ជោ​អន្លង់​ក្មេង​លេង ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្តកំពត​។​ដើម្បី​បាន​ដល់​គោលដៅ​នៃ​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ប្រាំបួន​ជាន់ ភ្ញៀវ​អាចធ្វើ​ដំណើរ​តាមផ្លូវ​ជាតិ​លេខ​៤​ក្នុងទិសដៅ​ភ្នំពេញ​ព្រះសីហនុ​។

​នៅត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៩​និង​១០០​មុន​ដល់​ចំណុច​លោកយាយ​ម៉ៅ​ពេជ្រនិល​ប្រហែល​មួយ​គីឡូម៉ែត្រ​ភ្ញៀវ​ត្រូវ​បត់​ចុះទៅ​ផ្នែក​ខាងឆ្វេង​តាម​ខ្លោងទ្វារ​តំបន់​អភិវឌ្ឍន៍​យោធិន​ពិការ​ប៊ុនរ៉ានី​ហ៊ុនសែន​កោះស្លា​៣១៧​។​បន្ទាប់ពី​ធ្វើដំណើរ​លើផ្លូវ​កៅស៊ូ​ល្អ​ស្អាត​ប្រហែល​ប្រាំមួយ​គីឡូម៉ែត្រ​ត្រូវ​បន្ត​បត់​ស្តាំ​តាម​ផ្លូវលំ​ក្រួស​ក្រហម​ប្រមាណ​១.៥០០​ម៉ែត្រ​នោះ​នឹង​បាន​ដល់​រមណីយដ្ឋាន​ទឹកធ្លាក់​ប្រាំបួន​ជាន់​តែម្តង​។​

ស្ត្រី​ឈ្មោះ​អ៊ំ​ស៊ីម​អ្នកចាត់ការ​ក្នុង​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ប្រាំបួន​ជាន់​បាន​រៀបរាប់ថា​ដោយ​កកើតឡើង​ក្នុង​ឆ្នាំ​២០១១ រមណីយដ្ឋាន​ទឹកធ្លាក់​ប្រាំបួន​ជាន់​ចាប់ផ្តើម​ទាក់ទាញ​ភ្ញៀវ​បន្តិច​ម្តងៗ​តាមរយៈ​សម្រស់​ធម្មជាតិ​និង​សមិទ្ធផល​នានា​ដែល​បាន​ស្ថាបនា​ជា​បន្តបន្ទាប់​។

មកដល់​មណ្ឌល​កម្សាន្ត​នេះ​ភ្ញៀវ​នឹង​រីករាយ​ក្នុងការ​លម្ហែ​កម្សាន្ត​នូវ​ការ​គយគន់​សម្រស់​ព្រៃព្រឹក្សា​ទឹក​ជ្រៅ​ដ៏​វែង​អន្លាយ​ជា​ផ្ទៃរាប ល្បាក់​និង​បត់បែន​ច្រើន​ថ្នាក់​ជាមួយ​ទឹក​ត្រជាក់​ថ្លាយង់​ប្រកបដោយ​ផាសុកភាព​ព្រមទាំង​ស្តាប់​សូរសំឡេង​សត្វ​បន្លឺ​ចេញពី​រុក្ខជាតិ​តូចធំ​ទាំងឡាយ​។

​អ្នកមើលការខុសត្រូវ​ដដែល​នេះ​បាន​បន្តថា​បន្ថែម​ពី​នោះ​នៅមាន​សេវាកម្ម​ផ្សេងៗ​សម្រាប់​តម្រូវ​ចិត្ត​ភ្ញៀវ​ទាំង​ការទិញ​របស់របរ ពិធី​សិក្ខាសាលា ឬ​ការស្នាក់អាស្រ័យ​ផងដែរ​។ សមិទ្ធផល​ទាំងនោះ​រួមមាន សាលប្រជុំ ម៉ា​ត ហាង​ចម្អិន​អាហារ ខ្យូ​ស​ជិត​មួយរយ​កន្លែង និង​បឹង​ហ្កា​ឡូ​ជិត​១០​ខ្នង​ជាដើម​។ ភ្ញៀវ​អាច​ស្នាក់នៅ​បឹង​ហ្កា​ឡូ​ទាំងនោះ​ក្នុងតម្លៃ​២០​ដុល្លារ​សម្រាប់​រយៈពេល​មួយ​យប់​។​

​លោក​អាំ ផល្លី​ន ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទឹកធ្លាក់​ប្រាំបួន​ជាន់​បាន​រៀបរាប់ថា​សមិទ្ធផល​ក្នុង​បរិវេណ​នេះ លោក​កែច្នៃ​ត្រឹមតែ​៣០​ភាគរយ​ប៉ុណ្ណោះ​គឺ​រក្សា​បែប​ធម្មជាតិ​៧០​ភាគរយ​លើ​ផ្ទៃដី​២៣​ហិកតា​។ តទៅ​នឹងមាន​ការបង្កើត​សួន​កម្សាន្ត ទឹកជ្រោះ​សិប្បនិម្មិត និង​ជួសជុល​លម្អ ក៏ដូចជា​សាងសង់​ខ្យូ​ស បឹង​ហ្កា​ឡូ ទីធ្លា​កម្សាន្ត​បន្ថែមទៀត​ដើម្បី​បំពេញតម្រូវការ​ភ្ញៀវ​។

ពាក់ព័ន្ធ​បញ្ហា​អនាម័យ​វិញ​លោក​អាំ​ផល្លី​ន​បាន​បញ្ជាក់ថា​សព្វថ្ងៃនេះ​កម្មករ​របស់លោក​ជា​អ្នកប្រមូល​សំរាម​យកទៅ​ដុត​រួច​កប់​នៅ​ឆ្ងាយ​ពី​កន្លែង​កម្សាន្ត​ដោយ​បញ្ចៀស​បាន​ពី​ការបំពុល​បរិស្ថាន​។​

​ប៉ុន្តែ​ភ្ញៀវ​ភាគច្រើន​មានការ​យល់ដឹង​ខ្ពស់​គឺ​ពួកគាត់​តែង​យក​សំរាម​ទុកដាក់​ក្នុង​ធុង​ដោយ​មិន​បោះ​ពាសវាល​ពាសកាល​បង្ក​ការលំបាក​សម្រាប់​កម្មក​រ​ឡើយ​។​ម្ចាស់​មូលដ្ឋាន​អាជីវ​កម្មនេះ​បាន​អំពាវ​និង​សូម​អធ្យាស្រ័យ​ចំពោះ​ភ្ញៀវ​ទាំងអស់​អំពី​ការធ្វើ​បដិសណ្ឋារកិច្ច​មិនសូវ​ល្អ​ពី​សំណាក់​អ្នកទទួល និង​អ្នកបម្រើ​ដោយសារ​ពួកគេ​មិនទាន់មាន​ការបញ្ជ្រាប​ចំណេះដឹង​ឱ្យបាន​ជ្រៅជ្រះ​នៅឡើយ​។ ម្យ៉ាងទៀត អ្នកបម្រើ​ការងារ​ក្នុង​មណ្ឌល​កម្សាន្ត​ភាគច្រើន​ជា​កូនចៅ​អ្នកស្រុក​ហើយ​តែង​ផ្លាស់ប្តូរ​ជា​ញឹកញយ​អាស្រ័យ​លើ​ពេលទំនេរ​ពី​ការងារ​កសិកម្ម​សម្រាប់​គ្រួសារ​នីមួយៗ​។​

​លោក​សាន​គ្រី​យ៉ា​មេឃុំ​តេ​ជោ​អភិវឌ្ឍន៍​បាន​រៀបរាប់ថា​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ប្រាំបួន​ជាន់​ជា​ផ្នែក​មួយ​ដែល​បាន​ចូលរួម​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​និង​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​ដោយ​ផ្តល់​ការងារ​ជូន​ពលរដ្ឋ​ជាប្រចាំ​ចន្លោះ​ពី​៤០​នាក់​ទៅ​៥០​នាក់​។​ចំនួន​អ្នកបម្រើ​ប្រែប្រួល​តាម​រដូវ​កាល​អាស្រ័យ​លើ​ពេលវេលា​ទំនេរ ឬ​រវល់​ចំពោះ​ការងារ​បង្កបង្កើនផល​។

លោក​មេឃុំ​បាន​បន្ថែមថា​តាមរយៈ​ដំណើរការ​ផ្នែក​ទេសចរណ៍​មួយ​នេះ​ម្ចាស់​សេវា​កម្មបាន​ជួយ​ដល់​អាជ្ញាធរ​មូលដ្ឋាន​នូវ​កិច្ចការ​មួយចំនួន​ដូចជា​ការស្ថាបនា​ផ្លូវ ការជួយឧបត្ថម្ភ​គ្រួសារ​ក្រីក្រ និង​ទទួលយក​ផល អនុផល​របស់​ប្រជាពលរដ្ឋ​ដែល​ពិបាក​រក​ទីផ្សារ​ជាដើម​។

ពាក់ព័ន្ធ​នឹង​សភាពការណ៍​សន្តិសុខ​វិញ លោក​សាន គ្រី​យ៉ា​បានបញ្ជាក់​ថា​ដោយ​កិច្ចសហការ​ល្អជា​មួយ​នគរបាល​មូលដ្ឋាន ក៏ដូចជា​គ្រប់​សមត្ថកិច្ច​ឈរជើង​ក្នុង​តំបន់​មណ្ឌល​កម្សាន្ត​មួយ​នេះ​មាន​សន្តិសុខ​សុវត្ថិ​ភាពល្អ​គឺ​មិន​ធ្លាប់មាន​នូវ​ករណី​អវិជ្ជមាន​ណាមួយ​កើតឡើង​ឡើយ​៕S/​ដោយ​៖ បូកគោ​

ទឹកធ្លាក់​ប្រាំបួន​ជាន់​លាក់ខ្លួន​ក្នុង​ដងព្រៃ​ក្លាយជា​រមណីយដ្ឋាន​ដ៏​សែន​មនោ​រម្យ​