ទឹកប្រាក់​ជាង​២,៥​ពាន់​លាន​ដុល្លារ​កំពុង​បង្ហូរ​ចូល​វិស័យ​កសិកម្ម​

876
ចែករម្លែក

(​ភ្នំពេញ​)៖ ទឹកប្រាក់​រហូតដល់​ជាង​២,៥​ពាន់​លាន​ដុល្លារ កំពុង​ជួយ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ក្នុងនោះ​១​ពាន់​លាន​ដុល្លារ​ជា​ឥណទាន​​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​១,៥​ពាន់​លាន​ដុល្លារ​ជា​ឥណទាន​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​។​
​ ​
​ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា លោកស្រី​នាវ ច័ន្ទ​ថា​ណា​បាន​ថ្លែង​ឲ្យ​ដឹង​ក្នុង​កិច្ចប្រជុំ​ទាក់ទង​នឹង​អន្តរាគមន៍​របស់​រដ្ឋា​ភិ​បាល ដើម្បី​លើកស្ទួយ​តំលៃ​ស្រូវ​កាលពី​ថ្ងៃទី​១៥ សីហា​កន្លងមក​ថា មីក្រូហិរញ្ញវត្ថុ​នានា​នៅ​កម្ពុជា​ផ្តល់​ឥណទាន​សំរាប់​វិស័យ​កសិកម្ម​ក្នុង​ទំហំ​​ទឹកប្រាក់​១​ពាន់​លាន​ដុល្លារ ធនាគារអភិវឌ្ឍន៍អាស៊ី​ក៏បានផ្តល់​ឥណទាន​ក្នុង​វិស័យនេះ ក្នុង​ទំហំ​ទឹកប្រាក់​១,៥​ពាន់​លាន​ដុល្លារ អាមេរិក​ផងដែរ​។​

​លោកស្រី​បន្តថា ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​បង្កើត​ក្រុមការងារ និង​ជំរុញ​បង្កើត​hotline ដើម្បី​ទទួល​ព័ត៌មាន​ពី​សាធារណៈជន ក្នុងការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ទាក់ទង​នឹង​ដំណោះស្រាយ​បញ្ហា​បំណុល ក្នុង​គោលដៅ​ដោះស្រាយ​បន្ថែមទៀត​ដើម្បី​ផ្តល់​ការអនុគ្រោះ​​ដល់​កសិករ ដែល​ពុំមាន​ល​ទ្ឋ​ភាព​សង និង​ដោះស្រាយ​តាមរយៈ​សកម្មភាព​ជាក់ស្តែង និង​យោគយល់ ដោយ​មិន​បង្ខំ​ឲ្យ​លក់​ដីធ្លី​ឬ​ផ្ទះ​សម្បែង​ឡើយ​។​

​ស្ថានភាព​វិស័យ​កសិកម្ម​កំពុងមាន​ភាពប្រសើរឡើង ទាក់ទង​នឹង​ទិន្នផល និង​ការដាំដុះ ដែល​កាន់តែ​ធ្វើ​ពិពិធ​កម្ម​ផលិតកម្ម​ស្រូវ និង​ដំណាំ​ដទៃទៀត​៕​ដោយ​ច្រាយ ចំណាន​/sn