ទឹកប្រាក់​នៃ​ឥណទាន​គេហដ្ឋាន មាន​ចំនួន​ជាង ១.៥៧៥​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៧

1201
ចែករម្លែក

​ដោយ​: សុផល /​ភ្នំពេញ​: ការទិញ​គេហដ្ឋាន​ផ្ទាល់ខ្លួន គឺជា​ការសម្រេចចិត្ត​សំខាន់បំផុត​មួយ​នៅក្នុង​ជីវិត​។ ក្នុងប្រទេស​កម្ពុជា ការអភិវឌ្ឍន៍​សំណង់​លំនៅស្ថាន​មាន​កំណើន​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​។ ជាមួយគ្នានេះដែរ យើង​សង្កេតឃើញថា សន្ទុះ​កើនឡើង​នៃ​ការស្វែងរក​ឥណទាន​គេហដ្ឋាន​ពី​ស្ថាប័នហិរញ្ញវត្ថុ ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​គ្រួសារ​វ័យ​កណ្តាល​មាន​កម្រិត​មួយ​ខ្ពស់​ផងដែរ​។​

គិត​ត្រឹម​ឆ្នាំ​២០១៧ ទឹកប្រាក់​នៃ​ឥណទាន​គេហដ្ឋាន​មាន​ចំនួន​ជាង ១៥៧៥​លាន​ដុល្លារ​អាមេរិក

​ផ្អែក​តាម​ស្ថិតិ​ទិន្នន័យ​របស់​ធនាគារជាតិ គិត​ត្រឹម​ខែតុលា​ឆ្នាំ​២០១៧ ចំនួន​ទឹកប្រាក់​នៃ​ឥណទាន​គេហដ្ឋាន ក្នុងចំណោម​ធនាគារពាណិជ្ជ និង​ធនាគារ​ឯកទេស មាន​ចំនួន​ជាង ៦.៣០០ ប៊ី​លាន​រៀល ឬ​ប្រហែល​នឹង ១.៥៧៥ លាន​ដុល្លារ​អាមេរិក ដែល​កើនឡើង​ប្រមាណ ៤២% បើ​ធៀប​នឹង​ឆ្នាំ​២០១៦​។​

​អត្រាកំណើន ប្រកបដោយ​ភាព​វិជ្ជមាន នៃ​ឥណទាន​គេហដ្ឋាន​នេះ បាន​ជំរុញ​ឲ្យ​មាន​ភាព​ប្រកួតប្រជែង​កាន់តែ​ខ្ពស់​និង​សម្បូរបែប​ក្នុង​វិស័យ​ធនាគារ​ដើម្បី​បំពេញតម្រូវការ​អតិថិជន​នៅលើ​ទីផ្សារ​បច្ចុប្បន្ន​។ សព្វថ្ងៃនេះ អត្រា​ការប្រាក់​និង​រយៈពេល​នៃ​ឥណទាន​ក្នុងប្រទេស​កម្ពុជា គឺ​ប្រហាក់ប្រហែល​ទៅនឹង​ទីផ្សារ ក្នុង​តំបន់​អាស៊ាន​ផងដែរ​។

​ធនាគារ​ស៊ី​អាយ​អិ​ម​ប៊ី ក្នុងប្រទេស​កម្ពុជា តែងតែ​ឈានមុខ​គេ​លើ​ការផ្តល់​ផលិតផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។ កាលពី​ឆ្នាំមុន ធនាគារ​បាន​សម្ពោធ​គម្រោង​ហូ​ម​ប្រូ (HomePro) ដែលជា​ផលិតផល​ឥណទាន​គេហដ្ឋាន ដំបូង​តែមួយគត់​ភ្ជាប់​មក​ជាមួយនឹង​ការធានារ៉ាប់រង​អាយុជីវិត​តម្លៃ​រហូតដល់ ៥​ម៉ឺន​ដុល្លារ​អាមេរិក​ដោយ​ឥតគិតថ្លៃ​។​

​លោកស្រី ហេង ធីតា នាយិកា​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី​បាន​ឲ្យ​ដឹងថា​៖ «​នៅ​ធនាគារ​ស៊ី​អាយ​អិ​ម​ប៊ី ការបំពេញ​តម្រូវការ​ចាំបាច់​របស់​អតិថិជន​គឺជា​អាទិភាព​ចម្បង​បំផុត​របស់​យើង​។ យើង​ជឿជាក់ថា គម្រោង HomePro ផ្តល់នូវ​អត្ថប្រយោជន៍​ខ្ពស់ ដែល​រួមបញ្ចូល​គ្នា​នូវ​ឥណទាន​គេហដ្ឋាន​ដ៏​ល្អប្រសើរ និង​ការធានារ៉ាប់រង​អាយុជីវិត​ដ៏​មានតម្លៃ​។​ធនាគារ​ស៊ី​អាយ​អិ​ម​ប៊ី គឺ​ធនាគារ​ដំបូង​គេ​បង្អស់​ក្នុងប្រទេស​កម្ពុជា​ដែល​ផ្តល់ជូន​ដោយ​ឥតគិតថ្លៃ​នូវ​សេវា​ធានា​រ៉ាប់​អាយុជីវិត​សម្រាប់​អតិថិជន​ផ្នែក​ឥណទាន​គេហដ្ឋាន​ដើម្បី​ការពារ​អនាគត​អតិថិជន​និង​ក្រុមគ្រួសារ​របស់​ពួកគេ​។​ដូច្នេះ​ពួកគេ​នឹងមាន​អារម្មណ៍​ថា ទទួលបាន​សុវត្ថិភាព​ខ្ពស់​ពេលដែល​សហការ​ជាមួយ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី​»​។​

​ក្រៅពី​ការផ្តល់ជូន​នូវ​អត្រា​ការប្រាក់​ទាប​ត្រឹមតែ​៧,៩៩​ភាគរយ​និង​រយៈពេល​ឥណទាន​រហូត​ដល់​២០​ឆ្នាំ​ធនាគារ​ស៊ី​អាយ​អិ​ម​ប៊ី ក៏បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅស្ថាន និង បុរី​ធំៗ​ដើម្បី​នាំយក​លក្ខខណ្ឌ​ពិសេស ទៅដល់​អតិថិជន​ផងដែរ​។ ការចាប់​ដៃគូ​ជា​យុទ្ធសាស្ត្រ​នេះ ជួយ​ឲ្យ​បុរី និង​អតិថិជន ទទួលបាន​អត្ថប្រយោជន៍ ពី​ដំណើរ​ការទិញ​លក់​គេហដ្ឋាន​។ សម្រាប់​ផែនការ​អនាគត ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី​នឹង​ពង្រីក​កិច្ចសហការ ជាមួយនឹង​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅស្ថាន និង​គម្រោង​បុរី​ធំៗ នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់នូវ​ជម្រើស​កាន់តែ​សម្បូរបែប ជាមួយនឹង​គុណភាព​គេហដ្ឋាន​តាម​ស្តង់ដារ​ដែល​អតិថិជន​ចង់បាន​។​

​គួរ​ជម្រាប​ថា​ក្នុង​ឆ្នាំ​២០១៨​នេះ ផលិតផល​ឥណទាន​គេហដ្ឋាន​ក្នុង​វិស័យ​ធនាគារ មានការ​រំពឹងទុក​ថា នឹងមាន​ការប្រកួត​កាន់តែ​ខ្ពស់​ស្របទៅនឹង​កំណើន​ទីផ្សារ​របស់​អតិថិជន​។ ដូច្នេះ​ធនាគារ CIMB នឹង​បន្ត​រក្សា​ភាព​ឈានមុខ​គេ នៅលើ​ទីផ្សារ​សម្រាប់​តម្រូវការ​ហិរញ្ញវត្ថុ ដោយ​ផ្តោត​សំខាន់​អំពី​តម្រូវ​របស់​អតិថិជន​ជា​អាទិភាព ទៅលើ​ការអភិវឌ្ឍន៍​ផលិតផល​ឥណទាន​គេហដ្ឋាន ដោយ​ផ្តល់នូវ​អត្ថប្រយោជន៍ និង​លក្ខខណ្ឌ​អនុគ្រោះ​ខ្ពស់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​៕ ល​