ទឹកភ្នែក ហូរ​ស្រក់ ពេលឮ​ការ​រំលឹក​ប្រវត្តិ​ជូរចត់ កាលពី​ជាង ៤០ ឆ្នាំមុន​

980
ចែករម្លែក

ដោយ​៖ បូកគោ​ /
​កំ​ពតៈ បុរស​ស្ត្រី​វ័យ​ចំណាស់​ជាច្រើនរូប ក្នុងចំណោម​អ្នកចូលរួម ជាង​មួយ​ពាន់​នាក់ បាន​ហូរ​ស្រក់​ទឹកភ្នែក លាយឡំ​នឹង​ភាព​ខ្សឹ​ក​ខ្លួ​ល ពេលឮ​ការរៀបរាប់​ឡើងវិញ នូវ​ប្រវត្តិ​ដ៏​ជូរចត់ កាលពី​ជាង ៤០ ឆ្នាំមុន ដែល​ពួកគាត់​បាន​ធ្លាប់​រស់នៅ ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត (​ខ្មែរក្រហម​) នោះ​។​

​អាជ្ញាធរ​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៨ បានរៀបចំ​ពិធី​រំលឹក ទិវា​ចងចាំ​ថ្ងៃ ២០ ឧសភា នាទី​អារាម​វត្ត​ជុំ​ក្រៀល នៅ​ភូមិ​ជុំ​ក្រៀល ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ ដោយ​អ្នកចូលរួម ស្ថិតក្នុង​ស្ថានភាព​ក្រៀមក្រំ និង​ទឹកមុខ​ស្រងូតស្រងាត់​បំផុត​។​

​លោក ជាវ តា​យ អភិបាល​ខេត្តកំពត បាន​មានប្រសាសន៍ថា ទោះបី​រយៈពេល​ជាង ៤០ ឆ្នាំ​កន្លងផុតទៅ ហើយ​ក្តី តែ​ពេល​មមៃ​នឹកគិត គ្រប់​ហេតុការណ៍ ដែល​បាន​កើតឡើង យ៉ាង​ជូរចត់​ខ្លោចផ្សា ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ ធ្វើឱ្យ​រឿងរ៉ាវ​ទាំងឡាយ ហាក់​នៅ​ថ្មី ក្នុង​អារម្មណ៍ ពលរដ្ឋ​ខ្មែរ​គ្រប់រូប​។ ​ដើម្បីឱ្យ​យុវជន​ជំនាន់​ក្រោយ បាន​យល់​ជ្រួតជ្រាប នូវ​អំពើ​ទារុណកម្ម បង្កឡើង​ដោយ មេឃាតករ ប៉ុល ពត យ៉ាង​សាហាវយង់ឃ្នង មកលើ​ជាតិ​សាសន៍​ឯង ដ៏​សែន​ស្អប់ខ្ពើម​នេះ រដ្ឋបាល​ខេត្តកំពត សូម​រំលឹក​ដល់ មនុស្ស​វ័យ​ចំណាស់ និង​អ្នក​ជំនាន់​ថ្មី ត្រូវ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង ដើម្បី​ការពារ​ឯករាជ្យ សន្តិភាព ប្រជាធិបតេយ្យ អ​ព្យា​ក្រិត និង​វឌ្ឍនភាព​សង្គម​។

​លោក​អភិបាលខេត្ត បាន​បញ្ជាក់ថា ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ត្រូវ​ប្រែក្លាយ ការឈឺចាប់​ទាំង​ប៉ុន្មាន ទៅជា​ការខិតខំ​ប្រឹងប្រែង ការពារ ស្ថាបនា មាតុភូមិ​កម្ពុជា ឱ្យ​កាន់តែ​សម្បូរ​សប្បាយ និង​រីកចម្រើន​ជា​និរន្ត​ន៍ ។ លើសពីនេះ ប្រឆាំង​ដាច់ខាត ចំពោះ​ពួក​ជ្រុលនិយម ដែល​ព្យាយាម​បំភ្លៃ​អត្ថន័យ នៃ​ទិវា​ជ័យជម្នះ ៧ មករា ទៅជា​ប្រការ​មួយ ផ្ទុយ​ពី​សច្ចធម៌ និង​គោលបំណង​ពិត របស់​ប្រជាជន​ទូទៅ​នោះ​។​

​លោកស្រី ហួត រី តំណាងឱ្យ​អ្នកចូលរួម ក្នុង​ពិធី​នេះ បាន​រៀបរាប់ថា ប្រជាពលរដ្ឋ​កម្ពុជា ដែល​ធ្លាប់​ឆ្លងកាត់​របប​ខ្មែរក្រហម អំឡុងពេល​បី​ឆ្នាំ ប្រាំបី​ខែ និង​ម្ភៃ​ថ្ងៃ នៅតែ​ចងចាំ មិន​ភ្លេច​រាល់​សោកនាដកម្ម និង​រូបភាព នៃ​ការឈឺចាប់​ទាំងឡាយ​។ អ្វីដែល​ហាក់​នៅ​ថ្មីៗ គឺ​ការជម្លៀស​ប្រជាជន ចេញពី​ទីក្រុង ការត្រួតត្រា​មនុស្ស ដោយ​បែង​ចែកជា​កង ការដកហូត​សិទ្ធិ ព្រមទាំង​កម្មសិទ្ធិ​គ្រប់យ៉ាង បង្កឱ្យមាន​ការបែកបាក់​គ្រួសារ រស់នៅក្នុង​ភាពខ្វះខាត​ស្បៀងអាហារ សម្លៀកបំពាក់ និង​រង​ក្តី​ភ័យខ្លាច គ្រប់ពេលវេលា ពិសេស​ការសម្លាប់​មនុ​ស្ស ដោយ​វិធី​ចោទប្រកាន់ តាម​រូបភាព​ផ្សេងៗ ទាំង​ជនរងគ្រោះ ពុំមាន​កំហុស​សោះ​នោះ​៕​v

ទឹកភ្នែក ហូរ​ស្រក់ ពេលឮ​ការ​រំលឹក​ប្រវត្តិ​ជូរចត់ កាលពី​ជាង ៤០ ឆ្នាំមុន​