ទឹកភ្លៀង​លិច​ទីធ្លា​សាលារៀន​៣​កន្លែង នៅ​ប៉ោយប៉ែត បង្ក​ឲ្យ​សិស្ស​ពិបាក​រៀន​

1718
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ទឹកភ្លៀង​បង្កដោយ​ឥទ្ធិពល​វិ​សម្ពាធ​បង្ក​លិច​ទីធ្លា លិច​ចូលក្នុង​ថ្នាក់រៀន និង​ផ្លូវ​ចូល​សាលារៀន​៣​កន្លែង នៅ​ក្រុង​ប៉ោយប៉ែត កាលពី​ថ្ងៃទី​២៩-៣០ ខែមេសា​មក​នោះ មកទល់​ថ្ងៃទី​១​ឧសភា នេះ​បាន​ស្រក​អស់​២​សាលា នៅសល់​១​សាលា​។ ទោះជា​យ៉ាងណា វា​នៅតែ​បង្ក​ការលំបាក​ដល់​សិស្ស​ធ្វើដំណើរ និង​អង្គុយ​រៀនសូត្រ​នៅឡើយ​។​

​លោកគ្រូ​អ្នកគ្រូ​និង​គណៈ​គ្រប់​គ្រង់​សាលារៀន​ប្រាប់​កាសែត​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​ថ្ងៃទី​១ ខែឧសភា​ថា ជំនន់​ទឹកភ្លៀង​២​ថ្ងៃ​ជាប់​គ្នា ដែលជា​ឥទ្ធិពល​បាតុភូត​វិ​សម្ពាធ កាលពី​ថ្ងៃទី​២៩​និង​៣០​ខែមេសា ឆ្នាំ​២០១៨​នេះ បង្ក​ជា​ជំនន់​មួយ​ឈុ​ល​លិចលង់​សាលារៀន​៣​កន្លែង រួមមាន​១-​សាលាបឋមសិក្សា​បា​លិ​លេ​យ្យ​។ ទី​២-​សាលា​បា​លិ​លេ​យ្យ​២ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២ និង​ទី​៣-​សាលាបឋមសិក្សា​អូរជ្រៅ​ថ្មី ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​២ នៃ​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​។ ជំនន់​ទឹកភ្លៀង​នោះ ត្រូវបាន​គ្រូ សិស្ស និង​អ្នកស្រុក​ខ្លះ​បាននាំគ្នា​បូម​បាច និង​សម្រួល​ទីតាំង​ទាំង​ក្នុង​ថ្នាក់រៀន​, ទី​ចា​ត​ការ ទីធ្លា​, ផ្លូវ​ចូល​ដើម្បី​កុំ​ឲ្យ​ផ្អាក​ដំណើរការ​សិក្សា​សិស្ស​។​

​ប្រភព​និយាយ​បន្តថា មកទល់​ថ្ងៃនេះ ទីធ្លា​សាលារៀន​២​កន្លែង​បាន​ស្រក​។ តែ​នៅ​សាលាបឋមសិក្សា​អូរជ្រៅ​ថ្មី មិនទាន់​ស្រុក​ទាំងស្រុង​ទេ ព្រោះ​ទីធ្លា​នោះ ទាប ថ្លុក​បាតខ្ទះ ហើយ​ជុំវិញ​ត្រូវគេ​ចាក់ដី​ខ្ពស់ជាង ហើយ​ប្រព័ន្ធ​ប្រ​ឡា​ត​បង្ហូរទឹក​ត្រូវ​រាំងស្ទះ​។​

​ករណី​នោះ នាំអោយ​សិស្សានុសិស្ស​គ្នា​ពិបាក​ចូលរៀន ហើយ​លោកគ្រូ​អ្នកគ្រូ​ក៏​ពិបាក​ប​ង្រៀ​ប​ដែរ​៕