ទឹកសមុទ្រ​នឹង​បន្ត​កើនឡើង​ទោះបី​ឧស្ម័ន​ផ្ទះ​កញ្ចក់​ត្រូវបាន​ទប់ស្កាត់​ក៏ដោយ​

165
ចែករម្លែក

​អ្នកជំនាញ​បាន​ព្រមាន​នៅក្នុង​ការសិក្សា​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៤​វិច្ឆិកា​ថា ដូចគ្នា​ទៅនឹង​នាវា​ដឹក​ប្រេង​កំពុង​បើកបរ​ទៅមុខ​ក្នុង​ល្បឿន​លឿន​អ៊ីចឹង គឺ​យើង​មិនអាច​បញ្ឈប់​បាន​ភ្លាមៗ​ទេ ដូច្នេះ​ការកើនឡើង​យ៉ាងខ្លាំង​នៃ​កម្រិត​ទឹកសមុទ្រ​នឹង​នៅតែ​បន្ត​ដដែល​។​

​ការ​បំ​ភាយ​ឧស្ម័ន​នៅ​ចន្លោះ​ឆ្នាំ ២០១៥ នៅពេលដែល​កិច្ចព្រមព្រៀង​ស្តីពី​បម្រែបម្រួល​អាកាសធាតុ​ទីក្រុង​ប៉ារីស​ត្រូវបានធ្វើ​ឡើង និង ឆ្នាំ ២០៣០ គឺ​ល្មម​គ្រប់គ្រាន់​ដើម្បី​បង្កើន​កម្រិត​ទឹកសមុទ្រ ៨ សង់ទីម៉ែត្រ​នៅត្រឹម​ឆ្នាំ ២១០០​។ នេះ​យោងតាម​ការស្រាវជ្រាវ​ដោយ​ក្រុម​អ្នកជំនាញ​ក្នុងប្រទេស​អាល្លឺម៉ង់​។

​កម្រិត​ទឹកសមុទ្រ​នឹង​កើនឡើង ២០ សង់ទីម៉ែត្រ​នៅត្រឹម​ឆ្នាំ ២៣០០ បើ​ប្រៀបធៀប​នឹង​អំឡុង​រយៈពេល​ពី​ឆ្នាំ ១៩៨៦​ដល់​២០០៥​។ នេះ​យោងតាម​ការស្រាវជ្រាវ​ដែល​ចេញផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី​កិច្ចដំណើរការ​នីតិវិធី​នៃ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ជាតិ (PNAS)​។​

​សរុបទៅ កម្រិត​ទឹកសមុទ្រ​អាច​រំពឹង​កើនឡើង​យ៉ាងហោចណាស់​មួយ​ម៉ែត្រ​ត្រឹម​ឆ្នាំ ២៣០០ ក្នុងករណី​មិនគួរ​ឱ្យ​ជឿ​ដែល ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ធ្លាក់ចុះ​ដល់​កម្រិត​សូន្យ​ក្នុង​រយៈពេល ១១ ឆ្នាំ​ខាងមុខ​។​

​ហើយ​នោះ​ប្រហែលជា​ការប៉ាន់ស្មាន​នៅ​កម្រិត​ទាប​បំផុត​ប៉ុណ្ណោះ ព្រោះ​អ្នកវិទ្យាសាស្ត្រ​ដែល​គាំទ្រ​ដោយ​អ​.​ស​.​ប​បាន​ព្យាករណ៍​រួចហើយ​អំពី​ការកើនឡើង​នូវ​កម្ពស់​ទឹក​ចន្លោះ​ពី ២៦ ស​.​ម ទៅ ៧៧ ស​.​ម​នៅ​ចុង​សតវត្សរ៍​នេះ​។​

​អ្នកនិពន្ធ​របាយការណ៍​ចុងក្រោយ​នេះ​បាន​សន្និដ្ឋានថា មួយ​ភាគ​បួន​នៃ​ការកើនឡើង​ទឹកសមុទ្រ​មួយ​ម៉ែត្រ​នៅ​ឆ្នាំ ២០៣០ គឺ​បណ្តាលមកពី​ការ​បំ​ភាយ​ឧស្ម័ន​ពី​ប្រទេស​ចិន​សហរដ្ឋ​អាម៉េរិក​សហភាព​អឺរ៉ុប​រុស្ស៊ី​និង​ឥណ្ឌា​ក្នុង​រយៈពេល ៤០ ឆ្នាំ​ចុង​ក្រោយនេះ​។​

​បើ​ប្រៀបធៀប មហាសមុទ្រ​បាន​កើនឡើង​ប្រហែល ២០ ស​.​ម​ក្នុង​សតវត្សរ៍​ទី​២០៕ ដោយ៖ កញ្ញាដាលីស

សមុទ្រ​នឹង​បន្ត​កើនឡើង​ទោះបី​មានការ​ទប់ស្កាត់​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក៏ដោយ