ទឹកស្អុយ​ដែល​ហូរ​ចូល​ភូមិ​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្វាយដង្គំ ត្រូវបាន​ដោះស្រាយ​ដោយ​អាជ្ញាធរ​ក្រុង​សៀមរាប​ហើយ​

1441
ចែករម្លែក

ដោយ​៖ គូលែន / សៀមរាប​៖ ទឹកស្អុយ​ដែល​ហូរ​កាត់​ផ្លូវ​ហើយ​ចូល​ភូមិ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវបាន​ដោះស្រាយ​រួច​ហើយដោយ​អាជ្ញាធរ​ក្រុង​សៀមរាប ដែលមាន​លោក សូរ ប្លា​តុង ជា​អភិបាលក្រុង​។ ការដោះស្រាយ​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៨ ដែលមាន​អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​ពាក់ព័ន្ធ​បាន​ចូលរួម​ធ្វើការ​ដោះស្រាយ បន្ទាប់ពី​អាជ្ញាធរ​បានទទួល​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​។​

​លោក សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប បាន​និយាយថា នៅ​ព្រឹក​ថ្ងៃទី​២៧​ខែមីនា​ឆ្នាំ​២០១៨ បន្ទាប់ពី​ទទួល​សេចក្តីរាយការណ៍​ពី បងប្អូន​ប្រជាពលរដ្ឋ​ថា មាន​ទឹកស្អុយ​ស្ទះ​លិច ភូមិដ្ឋាន​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ថ្មី សង្កាត់​ស្វាយដង្គុំ បាន​ដឹកនាំ​ក្រុមការងារ រួមទាំង មន្ត្រី​មន្ទីរ​បរិស្ថាន មន្ទីរ​សាធារណៈការ អាជ្ញាធរ​សង្កាត់​ស្វាយដង្គំ និង​លោក​មេភូមិ បាន​ចុះ​ពិនិត្យ​និង​រក​មូលហេតុ​ហើយ​ដោះស្រាយ​បញ្ហារ​ខាងលើ​ជូន​បង​ប្អុ​ន​ប្រជាពលរដ្ឋ​។​

​លោក សូរ ប្លា​តុង បាន​បញ្ជាក់ថា បន្ទាប់​ធ្វើការ​ពិនិត្យ ក្រុមការងារ​បាន​រក​ឃើញ មូលហេតុ ដែល​បណ្តាល អោយ​ទឹកស្អុយ​ស្ទះ​នៅក្នុង​ភូមិ​ខាងលើ គឺ បណ្តាលមកពី កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ មានគ្រួសារ​ប្រជាពលរដ្ឋ ចំនួន​២​គ្រួសារ បាន​បិទ​ផ្លូវទឹក​ហូរ ដើម្បី​សាងសង់​ស្ពានបេតុង ឆ្លង​ប្រឡាយ​បង្ហូរទឹក​ស្អុយ​នេះ​។ ដើម្បី​ដោះស្រាយ​កង្វល់ ជូន​បង​ប្អុ​ន​ប្រជាពលរដ្ឋ លោក​អភិបាលក្រុង បាន​បញ្ជារ​អោយ ក្រុមការងារ​កាយ​ប្រឡាយ បើកមុខ​ទឹកស្អុយ បង្ហូរ​ចូលទៅក្នុង​ប្រព​ន្ធ័​ប្រឡាយ គ្រប់គ្រង​ទឹកស្អុយ ស្ថិត​ក្នុងភូមិ​កន្ត្រក​វិញ​។​

​បន្ទាប់ពី​កាយ​បើកផ្លូវ​បង្ហូរទឹក​ចូលទៅក្នុង​ប្រព​ន្ធ័​ប្រឡាយ គ្រប់គ្រង​ទឹកស្អុយ ស្ថិត​ក្នុងភូមិ​កន្ត្រក យើង​សង្កេតឃើញថា ទឹកស្អុយ​នេះ​ចាប់ផ្តើម​ស្រក​ចុះ​ជា​បណ្តើរៗ​ហើយ​៕L