ទឹក​ចេញពី​រណ្តៅ​កាយ​ដីភ្នំ​មាន​ពណ៌​ដូច​ទឹកសមុទ្រ​: អ្នក​ចុះ​លេង​ទឹក​នោះ ចេញ​សញ្ញា​បង្ក​ឈឺភ្នែក ត្រចៀក និង​រមាស់​

1404
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ : ទឹក​ដែល​ចេញពី​រណ្តៅ​កាយ​ដីភ្នំ​១ ធំ​មួយ​ជម្រៅ​ពី​៥​ទៅ​១០​ម៉ែត្រ ស្ថិតនៅលើ​ក្រុម​កូនភ្នំ​ខ្លែង​ស្លក្រាម នា​ភូមិ​ចក់​ពួក​ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ មាន​ភ្ញៀវ​ទៅ​មើល និង​ងូតទឹក​កំសាន្ត​ច្រើនឡើង​។ តែ​វា​ចេញ​សញ្ញា​បង្ក​ឈឺភ្នែក ត្រចៀក និង​រមាស់​បណ្តើ​រហើយ​។​

​សូម​រំលឹកថា រណ្តៅ​កាយ​ដីភ្នំ​ដែលមាន​ទឹក​ចេញមក​ពណ៌​ដូច​ទឹកសមុទ្រ​នោះ ត្រូវបាន​គេ​បំផុស ជម្រុញ ហើយ​ទាក់ទាញ​មនុស្សម្នា​ភ្ញៀវទេសចរ ក្នុងស្រុក​ជាច្រើន​នាក់​ទៅ​មើល​កំសាន្ត និង​ងូតទឹក​កាលពី​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០១៨​ម​កន្លងមក​។​

​អ្នកលក់​ចំណីអាហារ និង​អ្នកស្រុក​នៅ​ម្តុំ​ន​នោះ ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​១៦​ខែសីហា​ថា​: ពិតជា​ស្មាន​មិន​ដល់​ដែល​រណ្តៅ​ដី​មានទឹក​ដក់​មកពី​ទឹក​ចេញ និង​ទឹកភ្លៀង​ដែលមាន​ពណ៍​ដូច​ទឹកសមុទ្រ​នាទី​តាំង​ខាងលើ មាន​មនុស្ស​ច្រើនឡើងៗ​ទៅ​ទស្សនា​និង​ហក់​ងូតទឹក​លេង​។ គី​មាន​មនុស្ស​ពី​៧០០​ទៅ​ជាង​១.០០០​នាក់​ក្នុង​១​ថ្ងៃៗ​បាន​ទៅ នា​ថ្ងៃ​ចុង​សប្តាហ៍​។​

​លោក​វរសេនីយ៍ ជា ស្លូញ អធិការនគរបាល​ស្រុក​ស្វាយចេក​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​១៦​ខែសីហា ដោយ​ទទួលស្គាល់​ពី​ចំនួន​ច្រើន​នៃ​អ្នក​ទៅ​ទស្សនា​និង​ហក់​ទឹក​ងូត​លេង​នោះដែរ​។ ប៉ុន្តែ​លោក​ថា ដូច​លោក​ព្រមាន​ពីដំបូងៗ​ចឹ​ង គឺ​ទឹក​នោះ​កើត​ពី​ទឹកភ្លៀង ទឹក​ចេញពី​ក្នុង​ដី​និង​ក្នុង​ថ្ម ហើយ​មាន​សារធាតុ​ដូច​ជ័រ​ថ្ម ជាតិ​រំសេវ ..​កាលពី​ការដ្ឋាន​កាយ​ថ្ម​របស់​ក្រុមហ៊ុន​ស្ពាន​ថ្នល់​ចិន​( CRBC) បង្ក​អោយ​ទឹក​មាន​ពណ៌​ថ្លា​ខ្យង​ថ្លា​ឬ​ដូច​ទឹកសមុទ្រ ហើយ​ទឹក​មាន​សភាព​រមាស់ ភ្លាវ មិនអាច​បរិភោគបាន តែ​អាច​មុជ​ងូត​បាន​។

​ប៉ុន្តែ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មួយចំនួន​បាន​ផុស​ព្រមាន​ថា អ្នក​កំសាន្ដ​ស្រៀវ​ខ្លួន បើ​ដឹង​ការពិត​។ សូម​ប្រយ័ត្ន​បងប្អូន​មាន​ក្មេង​តូចៗ ដែល​ចូលចិត្ត​ងូតទឹក​លេង នៅ​រណ្តៅ​មានទឹក​ខៀវ​ដូច​ទឹកសមុទ្រ​នោះ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយសារ​ប៉ុន្មាន​ថ្ងៃនេះ​មាន​ក្មេង ឈឺភ្នែក និង​ឈឺ​ត្រចៀក ហើយ​ខ្លះ​រមាស់​ខ្លួន រួច​ទៅ​ទទួល​សេវា​នៅ​មណ្ឌល​សុខភាព​ចក់​ពួក ក្បែរ​នោះ ។​

​គួរ​បញ្ជាក់ថា រណ្តៅ​ដី​មាន​ទឹកថ្លា​ដូច​ពណ៍​ទឹកសមុទ្រ​បាន​ល្បី​រន្ទឺ​ដោយសារ​មាន​ភ្ញៀវ​ទៅ​កំសាន្ត ចុះ​ហក់​ងូត ហើយ​បាន​ថតរូប​បង្ហោះ​តៗ​គ្នា​តាម​បណ្តាញ​សង្គម​។ ទីនោះ មាន​ទេសភាព​ដ៏​ស្រស់ស្អាត​ពីលើ​ភ្នំ​មក​វាល​ចម្កា​ត​ដាច់​កន្ទុយភ្នែក ខ្យល់​បរិសុទ្ធ មាន​សេសសល់​ព្រៃឈើ​តិចតួច នឹង​ផ្ទាំង​ថ្ម​ដ៏​ចាប់អារម្មណ៍​ដែរ​។​

​ទោះយ៉ាងណា ក៏មាន​ការព្រមាន​ដែរ​ពី​គ្រោះថ្នាក់​ដូចជា កុំ​បរិភោគ​ទឹក​នោះ​ព្រោះ​វា​មាន​ជាតិ​ជ័រ​ថ្មភ្នំ មាន​ជាតិ​រ៉ែ​ថ្ម ឬ​ជ័រ​ថ្ម​អា ច​សេសសល់​ជាតិ​រំសេវ​ពី​ការ​បំផ្ទុះ​ថ្ម​របស់​ក្រុមហ៊ុន​កាយ​ថ្ម​, រណ្តៅ​មានទឹក​ជ្រៅ​ពី​៥​ទៅ​១០​ម៉ែត្រ​ជាដើម​។ ហើយ​សម្រាប់​អ្នក​ចុះ​និង​អ្នក​ឡើង​ភ្នំ​នៅ​ម្តុំ​នោះ ក៏ត្រូវ​គិត បង្ការ​ការ​ប្រឈម​គ្រោះថ្នាក់​មួយចំនួន ដូចជា​ថ្ម​និង​ដីភ្នំ​អាច​របេះ​បាក់​ធ្លា​ក់លើ ។ ក៏​ប្រយ័ត្ន​កុំអោយ​នៅ​ឈរ​ឬ​ដើរ​ប្រ​ផិ​ច​នៅ​មាត់​រណ្តៅ​ដែល​អាច​នឹង​រអិល​ធ្លាក់ ..​ព្រោះ​អ្វី​មិនទាន់មាន​ការសាងសង់​សំណង់ បង្កាន់ដៃ​ឬ​ស្នួរ ,​គ្មាន​ស្លាក​សញ្ញា​ព្រមាន​ឬ​ណែនាំ​អី​នៅឡើយ​៕