ទឹក​ជំនន់​នៅ​ឥណ្ឌា​បក់​នាំ​សត្វ​ដំរី​យកទៅ នៅពេល​ចំនួន​មនុស្ស​ស្លាប់​ដោយ​ជំនន់​កើន​ដល់​១៤៤​នាក់​ (វីដេអូ)

826
ចែករម្លែក

​សូម្បី​តែ​ដំរី ដែល​ជា​សត្វ​ខ្លាំង​បំផុត​លើ​លោក​ក៏​ក្លាយជា​ជនរងគ្រោះ​ពី​ទឹកជំនន់​ពាស​វាល​នៅ​ឥណ្ឌា ដែល​ពេល​នេះ​វា​បាន​សម្លាប់​មនុស្ស​អស់​យ៉ាងតិច​១៤៤​នាក់​។​

​ទន្លេ​ជា​ច្រើន​នៅក្នុង​រដ្ឋ​កេ​រ៉ា​ឡា ភាគខាងត្បូង​ឥណ្ឌា ត្រូវ​ទឹក​ឡើង​ហៀរ​ច្រាំង រួម​មាន​ទន្លេ​Kuntipuzha​ដែល​ហូរ​កាត់​ឧទ្យាន​ជាតិ​មួយ​។​យ៉ាងហោច​ណាស់​សត្វ​ដំរី​២​ក្បាល​​នៅក្នុង​ឧទ្យាន​នេះ​ត្រូវបាន​ទឹកជំនន់​ហូរ​នាំយកទៅ​។​

​រដ្ឋ​កេ​រ៉ា​ឡា កំពុង​ជួប​ទឹកជំនន់​ពាស​វាល​បន្ទាប់ពី​ការ​ធ្លាក់ភ្លៀង​ខ្លាំង ដោយ​បាន​សម្លាប់​មនុស្ស​៦៧​នាក់ និង​បង្ខំ​អោយ​មនុស្ស​១៦៥.០០០​នាក់​ភៀសខ្លួន​ទៅកាន់​ជំរំ​សង្គ្រោះបន្ទាន់​។​​ទឹកជំនន់​និង​ការបា​ក់ដី​បាន​វាយប្រហារ​ភូមិតូចៗ​ជាច្រើន​ក្នុង​រដ្ឋ​នេះ​។​

​អាជ្ញាធរ​ឥណ្ឌា​កាលពី​ថ្ងៃអាទិត្យ​ទី​១១​សីហា​បាន​បង្កើន​កិច្ច​ខិតខំ​ស្វែងរក​និង​ជួយ​សង្គ្រោះ​នៅពេល​ចំនួន​មនុស្ស​ស្លាប់​ដោយ​ជំនន់​និង​ឧបទ្ទវហេតុ​ពាក់ព័ន្ធ​នឹង​ទឹកភ្លៀង​នៅ​ប៉ុន្មាន​​ថ្ងៃ​ចុងក្រោយ​នេះ​កើន​ដល់​យ៉ាងតិច​១៤៤​នាក់​។​

​បុគ្គលិក​ជួយសង្គ្រោះ​តាម​មូលដ្ឋាន​និង​ទាហាន​មក​ពី​កងទ័ពជើងគោក អា​កាស​និង​ជើង​ទឹក បាននិងកំពុង​ចូលរួម​ការងារ​សង្គ្រោះ និង​ស្វែងរក​នៅ​ទូទាំង​តំបន់​រងគ្រោះ តែ​​អាកាសធាតុ​អាក្រក់​បូក​រួម​ទាំង​ហេដ្ឋារចនាសម្ពន្ធ​ខូច​ខាត​កំពុង​រារាំង​ប្រតិបត្តិកា​ររបស់​គេ​។​

​ទឹកជំនន់​ក៏​កើន​ឡើង​នៅក្នុង​រដ្ឋ កា​ណា​តា​កា ជាប់​គ្នា​នោះ ដោយ​នៅ​ទីនោះ​មនុស្ស​៣៤​នាក់​ត្រូវបាន​អះអាង​ថា​ស្លាប់ ១៤​នាក់​បាត់​ខ្លួន និង​មនុស្ស​៤៨០.០០០​នាក់​ត្រូវបាន​ជួយ​​សង្គ្រោះ ហើយ​ជាង​៣​សែន​នាក់​កំពុង​ស្នាក់នៅ​ក្នុង​ជំរំ​ជួយសង្គ្រោះ​ជាង​១​ពាន់​។​

​យ៉ាងហោចណាស់ មនុស្ស​២៧​នាក់​បាន​ស្លាប់​នៅក្នុង​រដ្ឋ មហា​រ៉ា​ស្ត្រា កន្លែង​ដែល​ទីប្រជុំជន​សំខាន់ៗ​ត្រូវបាន​ជន់​លិច​នៅ​ពីរ​បី​ថ្ងៃ​មកនេះ​។​

​ក្នុងពេល​ជាមួយគ្នា គ្រោះថ្នាក់​បង្កឡើង​ដោយ​ភ្លៀង​នៅក្នុង​រដ្ឋ ហ្គូ​ចា​រ៉ាត បាន​ឆក់យក​ជីវិត​មនុស្ស​១៦​នាក់​ទៀត​៕​ដោយ​៖​វាសនា​