ទឹក​ដែល​ជន់​លិច​ស្រុក​ចំនួន​ពីរ​នៅ​ខេត្ដ​រតនគិរី​បណ្ដាលឱ្យ​ក្មេងស្រី​ម្នាក់​ស្លាប់​

330
ចែករម្លែក

​ដោយ​សុវណ្ណ​/​រតនគិរី​:​ជំនន់​ទឹកភ្លៀង​ដែល​ជន់​លិច​ស្រុក​លំផាត់​និង​ស្រុក​កូន​មុំ​ក្នុង​ខេត្ដ​រតនគិរី​នោះបាន​ឆកយក​ជីវិត​ក្មេងស្រី​ម្នាក់​ដោយ​ធ្លាក់ចូល​ទឹក​កាលពី​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៩​។​តែ​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​សមត្ថកិច្ច​បាន​រកឃើញ​សព​នាង​វិញ​។​

ក្មេងស្រី​រងគ្រោះ​មានឈ្មោះ​រ៉ា​រចនា​អាយុ​១៥​ឆ្នាំមាន​ទីលំនៅ​ភូមិ​ដី​ឡូ​តិ៏​ឃុំ​ជ័យ​ឧត្ដម​ស្រុក​លំផាត់​។​ចំណែក​អាជ្ញាធរ​កំពុង​បន្ដ​ជម្លៀស​ប្រជាពលរដ្ឋ​មួយចំនួន​ទៅកាន់​ទីទួល​ដែលមាន​សុ​វ​ត្ដិ​ភាព​។​

នៅ​ដើមខែ​សីហា​នេះ​ភ្លៀង​បាន​ធ្លាក់​ជា​បន្ដបន្ទាប់រ​ហូ​រត​មកដល់​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៩​ធ្វើឱ្យ​ទឹក​ទន្លេស្រែពក​បាន​ជន់​ឡើង​យ៉ាងខ្លាំង​ហើយ​ចូល​ភូមិសាស្ដ្រ​ស្រុក​លំផាត់​និង​ស្រុក​កូន​មុំ​បណ្ដាលឱ្យ​ក្មេងស្រី​ម្នាក់​នៅ​ស្រុក​លំផាត់​បាន​រអិល​ជើង​ធ្លាក់ចូល​ទឹក​ស្លាប់​និង​ផល​ស្រូវ​ស្រែ​និង​ចម្ការ​លិច​ពាន់​ហិកតា​។​

លោក​នូ​ថេរ​អភិបាលស្រុក​លំផាត់​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​៩​ខែសីហា​នេះ​ថា​ក្មេងស្រី​ដែល​រអិល​ធ្លាក់​ទូក​ចូល​ទឹក​នោះបាន​រកឃើញ​សព​ហើយ​គឺមាន​ឈ្មោះ​រ៉ា​រចនា​អាយុ​១៥​ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​ដី​ឡូ​តិ៏​ឃុំ​ជ័យ​ឧត្ដម​ស្រុក​លំផាត់​ខេត្ដ​រតនគិរី​។​

​លោក​អភិបាលស្រុក​បានបញ្ជាក់​ថា​ជំនន់​ទឹកភ្លៀង​បាន​បន្ដ​ជន់​ថែម​មួយកម្រិត​ទៀតហើយ​បាន​ហក់​ចូល​ឃុំ​ចំនួន​២​និង​ភូមិ​ចំនួន​៧​ស្មើ​ចំនួន​ពលរដ្ឋ​១.៥៤៩​គ្រួសារ​ដែល​កំណ​ពុង​តែ​រស់នៅ​។​ប្រជាពលរដ្ឋ​ទាំងនោះ​ត្រូវបាន​ជម្លៀសចេញ​ទៅរក​ទីទួល​ដែលមាន​សុ​វ​ត្ដិ​ភាព​អស់ហើយ​។​ចំណែក​ផលប៉ះពាល់​ស្រែ​និង​ចម្ការ​របស់​ប្រជាពលរដ្ឋ​មាន​ចំនួន​ប្រមាណ​១.៨១៧​ហិកតា​តែ​ចំនួន​នេះ​នៅ​មិនទាន់​ជា​លាក់​នៅឡើយ​។​

លោក​ភោគ​បូ​រិ​ទ្ធិ​អធិការ​ស្រុក​កូន​មុំ​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​ដែរ​ថា​នៅ​ថ្ងៃទី​៩​ខែសីហា​នេះ​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​មាត់ទន្លេ​ស្រែ​ពក​ត្រូវ​ប្រឈមមុខ​ជាមួយ​ជំនន់​ទឹកភ្លៀង​នោះ​មាន​ចំនួន​ប្រមាណ​តែ​៣០​គ្រួសារ​ប៉ុ​ណោះ​តែ​មិនទាន់​ប៉ះពាល់​អី​ឱ្យ​ធ្ងន់ធ្ងរ​នៅឡើយ​ទេ​។​

​លោក​អធិការ​បាន​បន្ដថា​អាជ្ញាធរ​បាន​ណែនាំ​ពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ហើយ​ពួកគេ​សុទ្ធ​តែមាន​ទូក​និង​ត្រៀម​រួចហើយ​ដើម្បី​ជា​មធ្យោបាយ​រំដោះខ្លួន​។​ក្នុង​គ្រា​នេះដែរ​ទឹកភ្លៀង​បាន​ជន់​លិច​ស្រូវ​ស្រែ​ប្រហែល​៤០​ហិកតា​និង​ដីចម្ការ​ប្រហែល​៣៥​ហិកតា​ដែរ​។​

​លោក​ចាន់​ប៊ុនធឿន​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ដ​រតនគិរី​បានបញ្ជាក់​ឱ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី​៩​ខែសីហា​ថា​ទឹកជំនន់​នៅតាម​ដង​ទន្លេស្រែពក​ក្នុង​ខេត្ដ​រតនគិរី​ដែល​ជន់​ឡើង​ខ្លាំង​លិច​ស្រុក​ចំនួន​២​ដូចខាងលើ​នោះ។​គឺ​ដោយសា​ឥត​ពល​ព្យុះ​ចំនួន​បី​រួមគ្នា​បក់បោក​តំបន់​ជួរ​ភ្នំ​មួយចំនួន​និង​តំបន់​ខេត្ដ​រតនគិរី​ហើយ​និង​ខេត្ដ​មណ្ឌលគិរី​វា​បាន​បង្កឱ្យមាន​ភ្លៀង​ខ្លាំង​ធ្លាក់​ជា​បន្ដបន្ទាប់​ជាពិសេស​ភ្លៀង​នៅ​ប្រទេស​វៀតណាម​ទើ​បណ្ដាលឱ្យ​ជន់​លិច​ខេត្ដ​រតនគិរី​។​

​ប្រធាន​មន្ទីរ​ធនធាន​ទឹកបាន​បញ្ជាក់ថា​នៅ​ថ្ងៃទី​៩​ខែសីហា​នេះ​ទឹក​នៅ​ទន្លេ​ង​ស្រែ​ពក​ស្រុក​លំផាត់​ឡើងដល់​១៣,៨០​ម៉ែត្រ​គឺ​លើសពី​កម្រិត​ដែល​ត្រូវ​ប្រកាសអាសន្ន​។​ក​ម្រឹត​ដែល​ត្រ​វ​ប្រកាសអាសន្ន​នោះ​គឺ​កំពស់​តែ​១២,៥០​ម៉ែត្រ​តែ​ប៉ុ​ណោះ​។​ទឹក​ទន្លេស្រែពក​អាច​នឹង​ឡើង​ថែម​មួយកម្រិត​ថែមទៀត​បើ​ភ្លៀង​បន្ដ​ធ្លាក់​ខ្លាំង​នៅ​ខាង​វៀតណាម​និង​នៅ​ខេត្ដ​មណ្ឌលគិរី​៕S/

​ទិដ្ឋភាព​ទឹក​ទន្លេស្រែពក​ដែល​ជន់​លិច​ស្រុក​ទាំងពីរ​(​រូបថត​សុវណ្ណ​)