ទឹក​បឹង​ទន្លេសាប​ឆ្នាំនេះ​ធំ​តែ​ចាប់ផ្តើម​ហូរ​ចេញ​ខ្លាំង​និង​លឿន​ជាង​ពេល​ធម្មតា ខណៈ​ខាង​ជលផល​រំពឹងថា​សំបូរ​ត្រី​

1467
ចែករម្លែក
  • 39
    Shares

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ទឹក​បឹង​ទន្លេសាប​ដែល​បាន​ជន់​ឡើងជា​លំដាប់​តាំងពី​ដើមរដូវ​បាន​ក្លាយជា​ជំនន់​ធំ​នៅ​កម្ពស់​៨,៤៥​ម៉ែត្រ បានចាប់ផ្តើម​ហូរ​ចេញ​មុនពេល​ធម្មតា​ជិត​មួយខែ នាំ​ឲ្យ​រដ្ឋបាល​ជលផល​និង​ប្រជា​នេសាទ​រំពឹងថា​ទិន្នផល​ត្រី​ឆ្នាំនេះ​អាច​នឹង​កើនឡើង​ជាង​បណ្តា​ឆ្នាំមុនៗ​។​

ទឹកទន្លេ​សាប​ហូរ​ចេញ​លឿន​ជាង​ឆ្នាំ​ធម្មតា​រយៈពេល​មួយខែ​

​ ​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឲ្យ​រស្មី​កម្ពុជា​កាល​ពីចុងសប្តាហ៍នេះ​ថា ទឹក​បឹង​ទន្លេសាប ដែល​បាន​ឡើងដល់​កម្រិត​កម្ពស់​៨,៤៥​ម៉ែត្រ​(​នៅ​ក្រគរ កំពង់​លួង​)​និង​ចាប់ផ្តើម​ហូរ​ចេញ​វិញ​នៅ​ថ្ងៃទី​២៤​ខែកញ្ញា ។ លោក​បន្តថា បាតុភូត​នេះ​ត្រូវបាន​ចាត់ទុកជា​ជំនន់​ធំ​ដោយ​សារ​​វា​មាន​វិសាលភាព​ល្វឹងល្វើយ​និង​ទឹក​ចាប់ផ្តើម​ឡើងជា​លំដាប់​តាំងពី​ដើមរដូវ​។​

​ ​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​នេះ​បាន​បញ្ជាក់ថា ទឹក​បឹង​ទន្លេសាប​ដែល​ឡើងដល់​កម្រិត​កម្ពស់​ជា​ជំនន់​ធំ​នេះ បាន​ហូរ​ចេញ​វិញ​មុនពេល​ធម្មតា​រហូតដល់​ទៅមួយ​ខែ ដោយ​តាម​ធម្មតា​វា​ធ្លាប់​ចាប់ផ្តើម​ហូរ​ចេញ នៅ​សប្តាហ៍​ទី​២​នៃ​ខែតុលា​ឬ​ចុងខែ​តុលា តែ​ឆ្នាំនេះ​ទឹក​ចាប់ផ្តើម​ហូរ​ចេញ​តាំងពី​អំឡុង​ចុងខែ​កញ្ញា ដែល​មកដល់នឹង​ថ្ងៃទី​១៣​ខែតុលា​ល្បឿន​ទឹក​ហូរ​ចេញ​ពេញកម្លាំង​៨.០០០​ម៉ែត្រគូប​ក្នុង​មួយ​វិនាទី​។​

​ ​នៅពេល​ទឹក​បឹង​ទន្លេសាប​បាន​ជន់​ឡើងជា​លំដាប់​តាំងពី​ដើមរដូវ និង​មាន​ជំនន់​ធំ​បែបនេះ ក្រុម​មន្ត្រីជលផល​ក៏ដូចជា​អ្នកធ្វើអាជីវកម្ម​នេសាទ​រំពឹងទុក​ថា​ទិន្នផល​ត្រី​ឆ្នាំនេះ​អាច​កើនឡើង​ជាង​បណ្តា​ឆ្នាំមុនៗ​។​
​ ​ទោះជា​យ៉ាងណា​ប្រធាន​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកណ្តាល​ក៏​ដូច​ប្រធាន​ខណ្ឌ​រដ្ឋបាល​ជលផល​រាជធានី​ភ្នំពេញ​និយាយ​ដូចគ្នា​ថា គន្លង​ដាយ​សម្រាប់ធ្វើ​អាជីវកម្ម​ឆ្នាំ​២០១៨-២០១៩ មួយចំនួន​គ្មាន​អ្នកដេញថ្លៃ​យកទៅ​ធ្វើ​អាជីវកម្ម​ទេ​ដោយសារ​ការធ្វើ​អាជីវកម្ម​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គេ​ជួបនឹង​ការខាតបង់​រហូត​ជាពិសេស​គន្លង​ដាយ​នៅ​ផ្នែក​ខាងក្រោមៗ​។​

​ ​លោក ងិន ឌី នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផលរាជ​ធានី​ភ្នំពេញ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៣​ខែតុលា​ថា គន្លង​ដាយ​ដែល​គេ​ដេញថ្លៃ​បាន មួយចំនួន​បានកំណត់​ទីតាំង​ឲ្យ​រួច​និង​រៀបចំ​បើក​មាត់​ដាយ​ហើយ​។​
​ ​ម្ចាស់​គន្លង​ដាយ​លេខ​៥​ដែល​ត្រូវបាន​រដ្ឋបាល​ជលផល​កំណត់​ទីតាំង​ឲ្យ​រួច​បាន​និយាយ​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​១៣​ខែតុលា​ថា ការធ្វើ​អាជីវកម្ម​របស់គាត់​អាច​នឹង​ដំណើរការបាន​ហើយ​នៅ​ដើម​សប្តាហ៍​ក្រោយ បន្ទាប់ពី​កម្មករ​បាន​វិល​មកពី​ស្រុក​វិញ​ជុំគ្នា​៕សរន

ព្រឹត្តិប័ត្រ​ព្យាករណ៍​ទឹកជំនន់ តាម​បណ្តា​ស្ថានីយ​ជលសា​ស្ត្រ ក្នុង​អាង​ទន្លេមេគង្គ ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៨