ទឹក​ហូរ​កាត់​កំណាត់​ផ្លូវជាតិ​លេខ​៤ តែពេលនេះស្រកអាចធ្វើចរាចរណ៍វិញហើយ

689

(​ព្រះសីហនុ​)៖ កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៥៣-១៥៤ ត្រូវបាន​ទឹក​ជន់​លិច បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​យប់មិញ ជាហេតុ​នាំអោយ អាជ្ញាធរ​បានស្នើ​ដល់​រថយន្ត​ធុន​ធំៗ​ទាំងអស់ សូម​ផ្អាក​ធ្វើ​ចរាចរណ៍​តាម​កំណាត់​ផ្លូវជាតិ​លេខ​៤ ជា​បណ្តោះ​​អាសន្ន​នៅ​ព្រឹក​ថ្ងៃ​២៦​កក្កដា​នេះ​ដោយ​រង់ចាំ​ទឹក​ស្រក​សិន​។​

​តាម​សេចក្តីរាយការណ៍​ពី​ស្រុក​កំពង់​សិលា​បាន​ឲ្យ​ដឹងថា​នៅវេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៦ ខែកក្កដា ​ឆ្នាំ​២០១៧ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​១៥៣-១៥៤ ភូមិ​ស្ទឹង​ឆាយ​ខាងត្បូង ឃុំ​ស្ទឹង​ឆាយ​ស្រុក​កំពង់សីលា​មាន​ជំនន់​ទឹកភ្លៀង​បាន​ឡើង​​ខ្លាំង​ហើយ​ទឹកបាន​ហូរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​រហូត​ធ្វើអោយ​រាំងស្ទះ​ដល់​ការធ្វើ​ចរាចរណ៍​។​ទោះជា​យ៉ាងណា​រហូតមកដល់​ព្រឹក​នេះ​ទឹក​​បាន​ស្រក​ទៅវិញ​ជា​បណ្តើ​រហើយ​រថយន្ត​អាចធ្វើ​ចរាចរណ៍​ទៅមក​បាន​ដោយ​មិនមាន​ការកកស្ទះ​ឡើយ​។​

ក្រសួង​ធនធានទឹកនិងឧតុនិយម​បានជូនដំណឹងនៅថ្ងៃនេះថា​៖​ភ្លៀង​ធ្លាក់​ច្រើន​ជាប់ៗ​គ្នា បាន​បង្ក​ឱ្យ​ទឹកស្ទឹង​ឆាយ ជន់​ឡើង​ហូរ​កាត់​ពីលើ​កំណាត់​ផ្លូវជាតិ​លេខ ៤ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ ១៥៣-១៥៤ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់សីលា នា​ព្រឹក​ថ្ងៃទី ២៦ ខែកក្កដា នេះ ។ ប៉ុន្តែ មកទល់​វេលា​ថ្ងៃ​ត្រង់នេះ ទឹកបាន​ស្រក​ផុតពី​ផ្លូវជាតិ​វិញ​អស់ហើយ ៕​ដោយ៖វាសនា

(រូប៖facebook)