ទឹក​ឡើង​លើស​កម្រិត​ប្រុងប្រយ័ត្ន​ជម្លៀស​ពលរដ្ឋ​១.៣៨៣​គ្រួសារ​ទៅរក​ទីទួល​សុវត្ថិភាព​

210
ចែករម្លែក

ដោយ​:​គង់​ហេង​ត្បូងឃ្មុំ​:​នៅ​ព្រឹក​ថ្ងៃទី​៨​ខែកញ្ញា​ឆ្នាំ​២០១៩​ទឹកជំនន់​ទន្លេមេគង្គ​ខេត្ត​ត្បូងឃ្មុំ​បាន​ឡើងដល់​កម្ពស់​១៥,៣៥​ម៉ែត្រ​គឺ​កម្រិត​ឱ្យ​ប្រុងប្រយ័ត្ន​កម្ពស់​មួយ​តឹក​កន្លះ​(០,១៥​ម៉ែត្រ​)​បណ្តាលឱ្យ​ប៉ះពាល់​ដល់​ស្រុក​ចំនួន​បួន​។​ក្មេងប្រុស​ម្នាក់​លង់ទឹក​ស្លាប់​ជម្លៀស​ប្រជាពលរដ្ឋ​ចំនួន​១.៣៨៣​គ្រួសារ​ទៅរក​ទីទួល​សុវត្ថិភាព និង​ចូលដល់​លំនៅស្ថាន​ចំនួន ១.៥៤១ ខ្នង​។​

​ប៉ុន្តែ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ព្យាករណ៍​ប្រកាស​ជា​សាធារណ​:​ថា​ន​ទឹកជំនន់​ទន្លេមេគង្គ​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ គឺអាច​នឹង​ហក់​ឡើងដល់​កម្ពស់ ១៥,៤៩​ម៉ែត្រ​នៅ​ព្រឹក​ថ្ងៃទី ៩ ខែកញ្ញា ។​នៅ​ថ្ងៃទី ១០ ខែកញ្ញា ទឹកទន្លេ​នេះ​អាច​នឹង​ស្រក​ចុះមក​នៅ​កម្ពស់ ១៥,៤៥​ម៉ែត្រ​វិញ​។​

​លោក​ស​ស៊ីណា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​៨​ខែកញ្ញា​ឆ្នាំ​២០១៩​ថា​ខណ​:​នេះ​ទឹកជំនន់​ទន្លេមេគង្គ​បាន​ហក់​ឡើង​កម្រិត​កម្ពស់​១៥,៣៥​ម៉ែត្រ​ក្នុង​កម្រិត​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​កម្ពស់​១៥,២០​ម៉ែត្រ​នោះ​។​ជំនន់​នេះ​បាន​ជន់​លិច​ប៉ះពាល់​ដល់​ស្រុក​ចំនួន​បួន​គឺ​ស្រុក​ដែល​ប្រឈម​ធ្ងន់ធ្ងរ​ជាងគេ​មានស្រុក​ត្បូងឃ្មុំ​និង​ស្រុក​ក្រូចឆ្មារ​និង​ស្រុក​ប្រឈម​បន្ទាប់​មានស្រុក​អូ​រាំង​ឪ​និង​ស្រុក​តំបែរ​។​
​លោក​ប្រធាន​មន្ទីរ​បានឱ្យដឹង​ទៀតថា ក្នុងនោះ​ទឹកជំនន់​ទន្លេមេគង្គ​បាន​ឆក់យក​ជីវិត​ក្មេងប្រុស​អាយុ ៥​ឆ្នាំ​ម្នា​ក់នៅ​ទំនប់​ទួល​តា​លាប់​ស្ថិត​ក្នុងភូមិ​ទួល​តា​លាប់​ឃុំ​អំពិល​តា​ពក​ស្រុក​អូ​រាំង​ឪ​កាលពី​ថ្ងៃទី ៧​ខែកញ្ញា​នេះ​។​ជាមួយ​នោះបាន​សម្រេច​ជម្លៀស​ប្រជាពលរដ្ឋ​ចំនួន​១.៣៨៣​គ្រួសារ​ក្នុង​ឃុំ​ជី​រោទ៍​ទី​១ ឃុំ​ទន្លេ​បិទ និង​ឃុំ​បឹង​ព្រួល ស្រុក​ត្បូងឃ្មុំ ទៅរក​ទីទួល​សុវត្ថិភាព​។​

​លោក ស៊ីណា បាន​បន្តថា ទឹកជំនន់​បាន​លិច និង​ចូលដល់​ប្រជាពលរដ្ឋ​ស្រុក​ក្រូចឆ្មារ​ចំនួន ១.៥០០ ខ្នង​ក្នុង​ឃុំ​ព្រែក​អា​ជី ឃុំ​កំពង់ទ្រាស និង​ឃុំ​ទ្រា​។ ឃុំ​មៀន ស្រុក​អូ​រាំង​ឪ​ចំនួន ២០ ខ្នង និង​ឃុំ​ឃុំ​សេ​ដា ស្រុក​តំបែរ​ចំនួន ២១​ខ្នង​។ ជាមួយ​នោះអាជ្ញាធរ និង​សប្បុរសជន​បាន​នាំយក​អំណោយ​មនុស្សធម៌ និង​បាន​បញ្ជូន​គ្រូពេទ្យ​កាន់​តំបន់​ប្រឈម​ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​និង​ព្យាបាល​ចែក​ថ្នាំ​ជូន​ពួកគាត់​ជា​បណ្តើរៗ​ហើយ​។​

​គួរ​បញ្ជាក់ថា ទឹកជំនន់​ទន្លេមេគង្គ​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម​បាន​ហក់​ឡើងដល់​កម្រិត​កម្ពស់ ១៥,៥៧​ម៉ែត្រ គឺ​លើស​កម្រិត​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​កម្ពស់​បី​តឹក ប្រាំពីរ​ផឹង​នៅ​ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ​២០១៨​។ ប៉ុន្តែ​ឆ្នាំ​២០១៩ តាម​ការព្យាករណ៍​រប​ស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម គឺ​នៅ​ថ្ងៃទី ៩ ខែកញ្ញា ខាងមុខនេះ​នឹង​អាច​ហក់​ឡើង​កម្ពស់ ១៥,៤៩​ម៉ែត្រ​៕S/​

#