ទុកពេល​១​ខែ​ឱ្យ​ម្ចាស់​អាជីវ​កម្មដ្ឋាន​ដែល​ដាក់តាំង​ស្លាក​យីហោ​ជា​ភាសាបរទេស ប្រ​ញ៉ាប់​ប្ដូរ​មកជា​អក្សរ​ខ្មែរ​នៅ​ខាងលើ​ជាបន្ទាន់​

940
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​

​ភ្នំពេញ​៖ កន្លងមកនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​មើលឃើញថា មាន​ម្ចាស់​អាជីវ​កម្មដ្ឋាន ជាច្រើន បានដាក់​តាំង​ស្លាក​យីហោ អាជីវ​កម្មដ្ឋាន ជា​ភាសារ​បរទេស ដូចជា​ភាសា​អង់គ្លេស ចិន និង​កូរ៉េ​ជាដើម ដោយ​គ្មាន​អក្សរ​ខ្មែរ​ដូច្នេះ ត្រូវដាក់ អក្សរ​ខ្មែរ​នៅ​ពី​ខាងលើ តាម​ការកំណត់ រដ្ឋបាល​រាជធានី​សូមឱ្យ​ម្ចាស់​អាជីវ​កម្មដ្ឋាន​ដែល​ដាក់តាំង​ស្លាក​យីហោ​ជា​ភាសាបរទេស​ទាំងអស់ ប្រ​ញ៉ាប់​ផ្លាស់ប្តូរ​ចេញ​ជាបន្ទាន់ ដោយ​ទុក​ឱ​សាន្ត​វាទ​រយៈពេល​១​ខែ បើ​មិន​ដូច្នោះ​ទេ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងមាន​វិធានការ​ផ្លូវច្បាប់​ហើយ​។​

​លោក ហួត ហៃ អភិបាលរង រាជធានី​ភ្នំពេញ​បាន​ថ្លែង​បែបនេះ នៅក្នុង​កិច្ចប្រជុំ ស្តីពី ការណែនាំ និង​ការលុបបំបាត់ ការប្រើប្រាស់ ការជួញដូរ និង​ការ​ចែកចាយ​គ្រឿងញៀន តាម​បណ្តា​ក្លឹប​កំសាន្ត និង​អាជីវ​កម្មដ្ឋាន ក្នុង​វិស័យ​ទេសចរណ៍ ក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ សីហា ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយមាន​ម្ចាស់ និង តំណាង​អាជីវ​កម្មដ្ឋាន ចូលរួម​ប្រមាណ​ជិត​៥០០​នាក់​។​
លោក​អភិបាលរង​បន្តថា កន្លងមកនេះ ក្រសួងទេសចរណ៍ ក៏ដូចជា​រដ្ឋា​ប​ល​រាជធានី​ភ្នំពេញ ធ្លាប់​បានចេញ​សារាចរ​ណែនាំ អំពី ការដាក់​តាំង​ស្លាក​យីហោ​អាជីវ​កម្មដ្ឋាន​នេះ ប៉ុន្តែ​នៅមាន​ម្ចាស់​អាជីវ​កម្មដ្ឋាន​មួយចំនួន​នៅ​មិន​ព្រម​គោរព​និង​អនុវត្តតាម ដូច្នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​កំណត់ពេល​ទុកឱ្យ​២​សប្តាហ៍ សម្រាប់​ម្ចាស់​អាជីវ​កម្មដ្ឋាន​ទាំងអស់ ដែល​ដាក់តាំង​យីហោ​ជា​ភាសា​អង់គ្លេស ចិន ធ្វើការ​កែប្រែ ដោយ​ដាក់​អក្សរ​ខ្មែរ​នៅ​ខាងលើ​វិញ​ហើយ​បើ​ចង់​ដាក់​អក្សរ​បរទេស​ត្រូវដាក់​ខាងក្រោម​និង​មាន​ទំហំ​តូច​ជាង​អក្សរ​ខ្មែរ​១​ភាគ​២​។​សម្រាប់​ការស្នើសុំ​ប្រកប​អាជីវកម្ម និង​សុំ​បន្ត​អាជីវ​កម្មនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានកំណត់​ទុក​រយៈពេល​១​ខែ គិត​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ ។ ១​ខែក្រោយ​ក្រុមការងារ​នឹង​ចុះទៅ​ត្រួតពិនិត្យ​អាជីវកម្ម​ដល់ទី​តាំង​ជាក់ស្តែង បើ​ពុំមាន​លិខិត​អនុ​ញ្ញា ឬ អាជ្ញា​បណ្ណទេ ម្ចាស់​អាជីវកម្ម​ទាំងនោះ ប្រឈម​នឹង​បិទទ្វារ​អាជីវកម្ម​តែម្តង​។​
លោក ហួត ហៃ បានបញ្ជាក់​ទៀតថា បន្ទាប់ពី​ដាក់​ឱ​សាន្ត​វាទ​នេះ​តទៅ នឹង​ចាត់​ក្រុមការងារ ចុះ​ពិនិត្យមើល បើ​រកឃើញថា ម្ចាស់​អាជីវ​កម្មដ្ឋាន ណា​មិន​គោរព និង​មិន​អនុវត្តតាម​នោះទេ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងមាន​វិធានការ​ផ្លូវច្បាប់​។ ក្រៅពីនោះ លោក ហួត ហៃ ក៏បាន​ជម្រុញឱ្យមាន​ការស្នើសុំ​អាជ្ញាប័ណ្ណ សម្រាប់​បង្កើត​អាជីវកម្ម និង​បន្ត​សុពលភាព​សម្រាប់​អ្នក​ដែល​បាន​ស្នើសុំ​រួចហើយ ឱ្យបាន​រួសរាន់ ដោ​យមក​ដាក់ពាក្យ​ស្នើសុំ​នៅតាម​ច្រកចេញចូល​តែមួយ នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​អគារ​ថ្មី និង​ត្រូវ​បង់​កម្រៃ​ទៅតាម​ច្បាប់​កំណត់ ៕