ទុក​កូន​ឈឺ​ជាង​១០​ថ្ងៃ ទើប​សម្រេច​ដឹក​កូន​ពី​ខេត្ត​មក​ភ្នំពេញ​ដើម្បី​ព្យាបាល តែ​អកុសល​កូន​ដាច់ខ្យល់​ស្លាប់​ពេល​ប​ញ្ចូ​ន​មកដល់​មន្ទី​ពេទ្យ​

278
ចែករម្លែក

ដោយៈ​ចាន់តូ​/ភ្នំពេញ ៖ ស្ត្រី​ម្នាក់ ព្រោះតែ​ជីវភាព​ក្រីក្រ​ពេក គ្មាន​លទ្ធភាព​មើល​ជម្ងឺ​កូនស្រី ហើយ​ទុក​ឲ្យ​កូន​ឈឺ​អស់​រយះពេល​ជាង​១០​ថ្ងៃ ទើប​សម្រេច​ខ្ចីលុយ​អ្នកជិតខាង​ប​ញ្ចូ​ន​កូន​មក​ភ្នំពេញ​ដើម្បី​ព្យាបាល តែ​គួរ​ឲ្យ​សោកស្ដាយ កូន​បាន​ស្លាប់បាត់​បង់ជីវិត​ពេល​បញ្ចូនទៅ​ដល់​មន្ទី​ពេទ្យ កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ រួច​បន្ត​ដឹក​មក​ផ្ទះជួល​បងប្អូន​នៅក្បែរ​ទីលាន​ចាក់សម្រាម​ចាស់ ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

សព​កុមារី​រងគ្រោះ​មានឈ្មោះ សឿង ហៃ អាយុ​១១​ឆ្នាំ (​ជា​សិស្ស​) រីឯ​ម្ដាយ​មានឈ្មោះ អ៊ុត ម៉ៅ អាយុ​៣៨​ឆ្នាំ មុខ​របប​នៅផ្ទះ​ជាមួយ​ម្ដាយបង្កើត ដោយ​មានកូន​ក្នុងបន្ទុក​៤​នាក់ រស់នៅ​ក្នុងភូមិ​ត្រពាំង​ឥដ្ឋ ឃុំ​សំរោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។​

យោងតាម​ការរៀបរាប់​ស្ត្រី​ជា​ម្ដាយ​កុមារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា រូបគាត់​មានកូន​ស្រី​៤​នាក់​ក្នុងបន្ទុក និង​មាន​ប្ដី​ជា​កម្មករ​កាប់​ដី (​មួយថ្ងៃ​បាន​កម្រៃ​15000៛) ហើយ​ជីវភាព​មានការ​លំបាក​ណាស់ ។ ចំពោះ​កូនស្រី​ដែល​បាន​ស្លាប់​នោះ គឺ​នាង​បាន​ឈឺ​អស់​រយះពេល​១២​ថ្ងៃ​មកហើយ តែ​មិនដឹងថា​មាន​ជម្ងឺ​អ្វី​នោះទេ ដោយ​ចេះតែ​ពន្យា​ពេល​មិនបាន​ទៅ​មន្ទី​ពេទ្យ​ព្យាបាល រហូត​នៅ​ថ្ងៃកើតហេតុ​ស្ត្រី​ជា​ម្ដាយ​ឃើញ​ស្ថាន​ភាពមិន​ស្រួល ក៏​សម្រេចចិត្ត​ខ្ចីលុយ​អ្នកជិតខាង​ដឹក​កូន​មក​ភ្នំពេញ រួច​ប​ញ្ចូ​ន​មក​មន្ទី​ពេទ្យ​រុ​ស្ស៊ី ខ​ណះ​មកដល់​មន្ទី​ពេទ្យ ក្រុមគ្រូពេទ្យ​បាន​ប្រាប់ថា កូន​របស់គាត់​មាន​ជម្ងឺគ្រុនឈាម និង​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ ទើប​គាត់​មានការ​សោកស្ដាយ​កូនស្រី​ជាខ្លាំង និង​សម្រេច​ដឹក​សព​កូន​មក​ផ្ទះជួល​បងប្អូន​នៅក្បែរ​ទីលាន​ចាក់សម្រាម​ចាស់ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ ដើម្បី​សុំ​ឲ្យ​បងប្អូន​ជួយ និង​អំពាវនាវ​ស្រាវ​រក​សប្បុរសធម៌ ដើម្បី​បាន​កម្រៃ​ខ្លះ​ដឹក​សព​កូនស្រី យកទៅ​ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត ។​

ក្នុង​គ្រា​លំបាក​របស់​ស្ត្រី​ខាងលើ និង​បាន​អំពាវនាវ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អ្នកសារព័ត៌មាន ក៏មាន​សប្បុរសជន​មួយចំនួន​បានផ្ដល់​ជា​ទឹកប្រាក់ និង​ខ្លះ​ចេញថ្លៃ​ឡាន​ដឹក​សព​ឲ្យ​ដល់​ស្រុកកំណើត ដើម្បី​សម្រួលការ​លំបាក​ដល់​រូបគាត់​ផងដែរ៕B/

 
#