ទុក​អោយ​អូសបន្លាយ​ពេល​ឬ​អន្តរា​គម៍​យោធា​នៅ​ហុងកុង​? នេះ​ជា​ទ្វេ​គ្រោះ​សំរាប់​ចិន​ប៉េកាំង​

4993
ចែករម្លែក

​ការតវ៉ា​ប្រឆាំង​នៅ​ហុងកុង​មិន​មាន​បង្ហាញ​សញ្ញា​ថមថយ​ទេ ទោះជា​មាន​ការប្រឈមមុខ​កាន់តែ​ហិង្សា​និង​មេដឹកនាំ​ហុងកុង​សំរេច​លុបចោល​ច្បាប់​ដែល​ជា​ដើមចម​នៃ​ការតវ៉ា​​ប្រឆាំង​ជាង​៣​ខែ​មកនេះ​ក្តី​។​

​ក្នុង​សារ​សម្លេង​លេច​ធ្លាយ​មួយ​នៅ​សប្តាហ៍​នេះ មេដឹកនាំ​ហុងកុង​លោកស្រី​ការី ឡា​ម ទំនង​ជា​ព្យាយាម​ធានា​ក្រុម​មេដឹកនាំ​ជំនួញ​ដោយ​ថា​រដ្ឋាភិបាល​ក្រុង​ហុងកុង​ប្រាកដ​ណាស់​​មិនមាន​ផែនការ​បញ្ជូនទាហាន​ចិន​ចូល​ធ្វើ​អន្តរាគមន៍​នៅ​ហុងកុង​ទេ​។​

​តែ​នៅ​ប៉ុន្មាន​ក្រោយមក រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​បញ្ជូន​សញ្ញា​ចម្រុះ​អំពី​របៀប​ដែល​ខ្លួន​ដោះស្រាយ​វិបត្តិ​នយោបាយ​អាក្រក់​បំផុត​នៅ​ទឹក​ដី​អតីត​អាណានិគម​អង់គ្លេស​នេះ​​ដោយសារ​ថា​ខ្លួន​នឹង​«​មិន​ឈរ​ឱបដៃ​មើល​»​ប្រសិនបើ​សភាពការណ៍​កាន់តែ​ចុះ​ដុនដាប​ទៅ​។​

​ការតវ៉ា​ប្រឆាំង​បច្ចុប្បន្ន​នេះ​បង្កឡើង​ពី​ច្បាប់​បត្យាប័ន​មួយ ដែល​នឹង​អនុញ្ញាត​អោយ​បញ្ជូន​ខ្លួន​ជនសង្ស័យ​ពី​ហុងកុង​ទៅកាន់​តុលាការ​នៅ​ចិនដីគោក ក្រោម​បក្ស​កុំម្មុយនីស្ត និង​បាន​វិវត្ត​ទៅ​ជា​ចលនា​ទាមទារ​កែ​ទំរង់​ប្រជាធិបតេយ្យ​ធំ​ឡើង ជា​អ្វី​ដែល​ចិន​ប៉េកាំង​មិន​អាច​ទទួលយកបាន​ដាច់ខាត​បី​ព្រោះ​វា​ជាការ​គំរាម​ដល់​អំណាច​របស់​ខ្លួន ហើយ​​ចិន​ទំនងជា​រិះរក​វិធី​គ្រប់បែប​យ៉ាង​ដើម្បី​បញ្ចប់​វិបត្តិ​នេះ​ដោយ​គ្មាន​ធ្វើអោយប៉ះពាល់​អំណាច​របស់​ខ្លួន​។​

​ខាងក្រោម​នេះ​ជា​យុទ្ធសាស្ត្រ​ខ្លះ​ដែល​ចិន​អាច​ប្រើ​បាន​សំរាប់​ដើម្បី​បញ្ចប់​វិបត្តិ​នៅ​ហុងកុង​៖

១.​ល្បែង​រង់ចាំ​

​មធ្យោបាយ​បច្ចុប្បន្ន​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គឺ​គាំទ្រ​ជា​សាធារណៈ​ចំពោះ​មេដឹកនាំ​និង​ប៉ូលិស​ហុងកុង​ខណៈ​ព្រមាន​អ្នក​ប្រឆាំង​តវ៉ា​ថា​អំពើ​របស់​ពួកគេ​មិន​អាច​អត់ឱន​បាន​។​

​បក្ស​កុំម្មុយនីស្ត​ចិន​ក៏​កំពុង​ត្រៀមខ្លួន​ដើម្បី​ប្រារព្វ​ខួប​ទី​៧០​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ថ្ងៃ​០១​តុលា​។​

​សម្លេង​លេច​ធ្លាយ​ដែល​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​ទទួលបាន លោកស្រី​ឡា​ម បាន​ប្រាប់​ក្រុម​មេដឹកនាំ​ធុរកិច្ច​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​បាន​ដាក់​«​កាលកំណត់​»​ណាមួយ​​ដើម្បី​កំចាត់​ការប្រឆាំង​តវ៉ា​នៅ​មុន​ការ​ប្រារព្វ​ពិធី​នេះ​ទេ​។​

​ឡា​ម បាន​និយាយថា «​ពួកគេ​មាន​បំណង​អូសបន្លាយ​ពេល ដូច្នេះ​អស់លោក​មិន​ចាំបាច់​មាន​ដំណោះស្រាយ​រយៈពេល​ខ្លី​ទេ​»​។​

​សូម​រំលឹក​ថា ក្នុងអំឡុងពេល​ផ្ទុះ​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ហុងកុង​នា​ឆ្នាំ​២០១៤ ដែល​គេ​ហៅថា​«​ចលនា​ឆត្រ​» ដែល​ពួក​អ្នក​ប្រឆាំង​តវ៉ា​បាន​កាន់កាប់​ផ្នែក​ខ្លះ​នៃ​ទីក្រុង​​នេះ​អស់​ពេល​ជាង​២​ខែ រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​ប្រើ​មធ្យោបាយ​រង់ចាំ​មើល​ផងដែរ​។​ការប្រឆាំង​តវ៉ា​នោះ បាន​ថមថយ​ទៅ​វិញ​ដោយ​គ្មាន​ទទួល​មាន​សម្បទាន​អ្វី​ពី​ចិនដីគោក​​ឡើយ​បន្ទាប់ពី​មេដឹកនាំ​សំខាន់ៗ​នៃ​ចលនា​នេះ​ត្រូវបាន​ចាប់ខ្លួន​។​

២.​ការផ្សះផ្សារ​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាចដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ហុងកុង​អោយ​ស្វែងរក​វិធី​ស្រុះស្រួល​មតិ​គ្នា​ជាមួយ​អ្នកប្រឆាំង​តវ៉ា​។​

​នៅក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​អង្គារ អ្នកនាំពាក្យ​រដ្ឋាភិបាល​កណ្តាល​ម្នាក់​បាន​និយាយថា ចាំបាច់​ត្រូវ​ដោះស្រាយ​បញ្ហា​នៅក្នុង​សង្គម​ហុងកុង រួម​មាន​គម្លាត​ចំណូល​និង​​ថ្លៃ​អចលនទ្រព្យ ដែល​ជា​សម្តី​បែប​ផ្សះផ្សារ​មួយ​។​

​រដ្ឋាភិបាល​ក៏​អាច​ជំរុញ​អោយ​ឡា​ម ចុះចេញ​ពី​តំណែង ដែល​ជា​ការទាមទារ​មួយ​របស់​បាតុករ តែ​វិធី​នេះ​ទំនង​មិនអាច ដោយ​ក្នុង​សារ​សម្លេង​លេច​ធ្លាយ លោកស្រី​ឡា​ម បាន​និយាយ​​ថា បើ​លោក​ស្រី​មាន​ជំរើស នោះ​លោកស្រី​នឹង​លាឈប់ ដែល​នេះ​បង្ហាញថា រដ្ឋាភិបាលកណ្តាល​ចង់​អោយ​ឡាំ​បន្ត​នៅ​ក្នុង​តំណែង​សំរាប់​ពេល​ឥឡូវ​។​

៣.​បង្កើន​ការវាយប្រហារ​

​រដ្ឋាភិបាល​កណ្តាល​អាច​បង្កើន​សម្ពាធ​និង​តាក់​ទិក​បំភិតបំភ័យ​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​និយាយ​រួច​ហើយ​ថា ការប្រឆាំង​តវ៉ា​នេះ​ជា​«​ពន្លក​ភេរវកម្ម​»​ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​ក៏​បាន​ព្រមាន​ថា​«​ទីបញ្ចប់​ជិត​ចូលមក​ដល់​»​។​

​អាជ្ញាធរ​បាន​និយាយថា ខ្លួន​បាន​ប្រើ​ប៉ូលិស​បង្កប់​ដោយ​ក្លែង​ជា​អ្នក​ប្រឆាំំង​តវ៉ា ដែល​វា​នាំអោយ​មាន​ការសង្ស័យ​និង​ការភ័យខ្លាច​ក្នុង​ចំណោម​បាតុករ​ដែល​បាន​ជួយ​អោយ​​មាន​អំពើ​ហិង្សា​នៅ​អាកាសយានដ្ឋាន​ក្រុង​ហុងកុង កន្លែង​ដែល​ជន​ចិនដីគោក​២​នាក់​ត្រូវ​គេ​ចាប់ចង​និង​វាយ​។​

​ហ្វូង​ក្រុម​យូ​កូម​វាយ​លើ​អ្នក​ប្រឆាំង​តវ៉ា ដែល​គេ​សង្ស័យថា​ជា​សមាជិ​ក្រុម​ស៊ីឈ្នួល​គាំទ្រ​ក្រុង​ប៉េកាំង និង​រដ្ឋាភិបាលកណ្តាល​បាន​បង្ក្រាប​លើ​ក្រុមហ៊ុន​ណា​ដែល​គេ​គិត​ថា​គាំទ្រ​ការ​​ប្រឆាំង​តវ៉ា​នៅ​ហុងកុង​។​

៤.​បញ្ជូន​ទ័ព​ចូល​

​យុទ្ធសាស្ត្រ​ប្រឈម​បំផុតំ​រាប់រដ្ឋាភិបា​លក​ណ្តា​ល​គឺ បញ្ជូន​ទាហាន​ចូល​អន្តរាគមន៍ បន្ថែម​លើ​ទាហាន​ចិន​រាប់ពាន់​នាក់​ដែល​កំពុង​ត្រៀម​ខ្លួន​នៅក្នុង​បន្ទាយ​នៅ​ហុងកុង​។​ច្បាប់​​របស់​ទីក្រុង​នេះ​ចែង​ថា ទាហាន​ចិន​អាច​ចូល​រក្សា​សណ្តាប់ធ្នាប់​តាម​ការស្នើ​របស់​រដ្ឋាភិបាល​ហុងកុង​។​

​រដ្ឋាភិបាល​ក៏​អាច​ព្យួរ​ទុកចោល​ច្បាប់​ហុងកុង បើសិនជា​មាន​«​ស្ថានភាព​សង្គ្រាម​»​ណាមួយ​ឬ​«​ភាពវឹកវរ​ខ្លាំង​»​ដែល​ធ្វើអោយ​គ្រោះថ្នាក់​សន្តិសុខ​ជាតិ​។​

​ជំរើស​ចុងក្រោយ គឺ​បញ្ជូន​ទ័ព​ចូល​នេះ​អាច​បង្ក​មហន្តរាយ​ហិរញ្ញវត្ថុ​សំរាប់​ហុងកុង និង​ការ​ថ្កោលទោស​ទូទាំង​ពិភពលោក​ដល់​បក្ស​កុំម្មុយនីស្ត​ចិន​តែ​វា​ជា​ការ​មិន​អាច​ជៀសផុត​​បើ​ជំរើស​អំបាលម៉ាន​ខាងលើ​មិន​មាន​ប្រសិទ្ធភាព​ហើយ​បក្ស​យល់ឃើញថា ចលាចល​នៅ​ហុងកុង​គំរាម​ដល់​មុខមាត់​និង​ស្ថិរភាព​របស់​ចិន​៕​ដោយ​៖​វាសនា​

ការបញ្ជូន​ទ័ព​ជា​ជំរើស​ចុង​ក្រោយ​និង​ជៀស​មិន​ផុត បើ​ការតវ៉ា​នៅ​ហុងកុង​ប៉ះពាល់​សន្តិសុខ​ជាតិ​និង​ស្ថិរភាព​របស់​ចិន​

#