ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ទឹកប្រាក់​ជាង​៦.៤០០​លាន​ដុល្លារ​

374

(​ភ្នំពេញ​)៖ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​ឆ្នាំនេះ នៅតែមាន​សញ្ញា​ល្អប្រសើរ ដោយ​ទុនវិនិយោគបាន​កើន​ឡើងដល់​ជាង​៦៤២៨​លាន​អាមេរិក​នៅ​ដំណាច់​ឆ្នាំនេះ គឺ​កើនឡើង​២២​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពីមុន​។ចំណែកអ្នករកស៊ី​វិស័យ​អចល​ទ្រព្យ​នៃ​វិស័យ​ឯកជន​សាទរ​និង​បង្ហាញ​នូវ​សុទិដ្ឋិនិយម​សម្រាប់​ពេល​បន្តទៀត​។​

​យោងតាម​របាយការណ៍​នៃ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ឆ្នាំ​២០១៨ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​នា​ព្រឹក​ថ្ងៃទី​២៨​ខែធ្នូ​នេះ​បាន​ឲ្យ​ដឹងថា ទុនវិនិយោគ​ក្នុង​វិស័យនេះ​នៅតែមាន​សញ្ញា​ល្អប្រសើរ ដោយសារ​ការចូល​មក​របស់អ្នកវិនិយោគ​អន្តរជាតិ​នានា និង​ការវិនិយោគ​ពី​អ្នកវិនិយោគ​ក្នុងស្រុក ដែល​ធ្វើ​ឲ្យ​ផ្ទៃក្រឡា​សំណង់​កើន​ដល់​រាប់លាន​ម៉ែត្រការ៉េ ជា​សញ្ញា​ល្អប្រសើរ​សម្រាប់​វិស័យនេះ ដែលជា​វិស័យ​មួយ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​សេដ្ឋកិច្ចជាតិ​។​

​លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​ថ្លែងថា នៅក្នុង​និតិ​កាល​ទ​៥​នេះរាជរដ្ឋាភិបាល​នៅតែ​សម្រេចបាន​ស្ថិរភាព​នយោបាយ កំណើនសេដ្ឋកិច្ច​តាមរយៈ​ការអនុវត្ត​នូវ​រាល់​កំណែទម្រង់​ទូលំទូលាយ និង​ស៊ីជម្រៅ​ទាំងឡាយ ដែល​កាន់តែ​ពង្រីក​បាន​នូវ​លក្ខណៈសម្បត្តិ​អនុគ្រោះ​ថែមទៀត ដល់​ការអភិវឌ្ឍ​គ្រប់​វិស័យ​។

​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក គីម ហ៊ាង បាន​ថ្លែងថា ការវិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនវត្ថុ​ឆ្នាំនេះ ជាការ​បន្ត​ការវិនិយោគ​កាលពី​ឆ្នាំមុន​ភាគច្រើន ព្រោះ​គំរោង​ថ្មីៗ​ដែល​បានប្រកាស​សាងសង់​នៅ​ឆ្នាំនេះ មាន​ចំនួន​តិច​ធៀប​នឹង​ឆ្នាំ​២០១៦​។ លោក​បន្តថា ទោះជា​យ៉ាងណា​លោក​នៅតែមាន​សុទិដ្ឋិនិយម​នឹង​វិស័យនេះ ដែល​បន្ត​មាន​ភាព​រីកចម្រើន ប៉ុន្តែ កម្ពុជា​គួរ​ពឹងផ្អែក​ប្រ​ភព​ទុន​ពី​គ្រប់ភាគី ជាជាង​ពឹងផ្អែក​តែ​ប្រទេស​ចិន​។​

​ទោះជា​យ៉ាងណា​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា​បានមានប្រសាសន៍ថា​“​ខ្ញុំ​ជឿជាក់ថា​វិស័យនេះ​នឹង​បន្ត​រីកចម្រើន​ថែមទៀត ដោយសារ​កំណើន​ប្រជាសាស្ត្រ និង​លក្ខ​ខ័​ណ្ឌ​សេដ្ឋកិច្ចកម្ពុជា​នៅតែ​ល្អប្រសើរ​”៕ដោយ​:​ច្រាយ ចំណាន​/sn